COVID-19
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
09, May 2021 , 9:29 pm        
រូបភាព
ព្រឹត្តិការណ៍ជាច្រើន បានកើតឡើងនៅក្នុងសប្តាហ៍នេះ។ ការរាលដាលជំងឺកូវីដ-១៩ នៅឥណ្ឌា និងការជជែកពីបញ្ហាព្យួរការការពារកម្មសិទ្ធិបញ្ញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាប្រធានបទដ៏ក្តៅ។ ទន្ទឹមនោះ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ ខណៈពេលភាពចម្រូងចម្រាសរវាងចិន និងប្រទេសផ្សេងទៀត នៅតែបន្តកើតមាន។

 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិសង្ខេប ប្រចាំសប្តាហ៍៖ 
 
ថ្ងៃទី៣ ខែឧសភា
 
កងទ័ពឯករាជ្យកាឈិន (KIA) បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់យោធាមីយ៉ាន់ម៉ាមួយគ្រឿង ស្របពេលឧទ្ធម្ភាគចក្រមួយគ្រឿងនេះ កំពុងដឹកនាំការវាយប្រហារក្នុងក្រុង Momauk រដ្ឋកាឈិន។ 
 
អូស្រ្តាលី បានអះអាងថា កិច្ចសន្យាជួលកំពង់ផែ Darwin របស់ក្រុមហ៊ុនចិន នឹងត្រូវយកមកពិចារណាជាថ្មី ហើយអាចត្រូវលុបចោលទៀតផង។ ការសើរើនេះ ទំនងជាបង្កឱ្យមាន ការប៉ះទង្គិចថ្មីមួយទៀតរវាងចិន និងអូស្ត្រាលី។
 
ថ្ងៃទី៤ ខែឧសភា 
 
មហាសេដ្ឋីលោក Bill Gates និងភរិយា លោកស្រី Melinda Gates បានសម្រេចលែងលះ ជាមួយគ្នា បន្ទាប់ពីរួមរស់បានរយៈពេល ២៧ឆ្នាំ។ ទោះអ្នកទាំងពីរលះលែងគ្នាក៏ដោយ ប៉ុន្តែការងារមួយចំនួន លោកBill Gates និង លោកស្រី Melinda នៅតែបន្តកិច្ចការងារ រួមគ្នាដដែល។
 
ចិន បានជំរុញឱ្យហ្វីលីពីនគោរពអធិបតេយ្យ និងយុត្តាធិការរបស់ខ្លួន លើដែនកោះ Huangyan នៃសមុទ្រចិនខាងត្បូងឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង ក៏បានប្រាប់រដ្ឋាភិបាលក្រុងម៉ានីលផងដែរថា ឈប់បង្កភាពស្មុគស្មាញនៅក្នុងតំបន់។
 
ថ្ងៃទី៥ ខែឧសភា
 
ធនាគារកណ្ដាលឥណ្ឌា នៅថ្ងៃទី៥ ខែឧសភា បានបញ្ចេញលុយចំនួន៦,៧ពាន់លានដុល្លារក្នុងទម្រង់ជាកម្ចីងាយស្រួលដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង មន្ទីរពេទ្យ និងក្រុមហ៊ុនសុខាភិបាលនានាដើម្បីបង្កើនសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
 
រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានប្រកាសបង្កើតកងកម្លាំងការពារប្រជាជន ដើម្បីការពារអ្នកគាំទ្ររបស់ខ្លួន ពីការវាយប្រហារពីសំណាក់របបសឹកមីយ៉ាន់ម៉ា។ ការបង្កើតកងកម្លាំងការពារប្រជាជននេះ គឺជាដំណាក់កាលដំបូង មុននឹងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ឈានទៅដល់ការបង្កើតកម្លាំងទ័ពជាតិមួយ។
 
ថ្ងៃទី៦ ខែឧសភា
 
ចិន ប្រកាសផ្អាករាល់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចទាំងអស់ជាមួយអូស្ត្រាលី ដោយលើកហេតុផលថា អូស្ត្រាលីបង្កការរាំងស្ទះដល់ការផ្លាស់ប្ដូរទំនាក់ទំនងទ្វេភាគី។ ប៉ុន្តែការសម្រេចចិត្តនេះ អាចជាការឆ្លើយតបនឹងទីក្រុងកង់បេរ៉ាដែលលុបចោល និងសើរើកិច្ចព្រមព្រៀងរវាងប៉េកាំង និងរដ្ឋរបស់អូស្ត្រាលី។ 
 
សហភាពអឺរ៉ុប ចិន និងរុស្ស៊ី បានសម្រេចគាំទ្រសំណើ ក្នុងការពិភាក្សាលើការព្យួរចោលប៉ាតង់ (Patent) វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាសកល។ ប៉ុន្តែរដ្ឋាភិបាលមួយចំនួន និងក្រុមហ៊ុនផលិតឱសថ បានអះអាងថា ការព្យួរវ៉ាក់សាំងមិនអាចជួយឱ្យពិភពលោក ដើរចេញពីបញ្ហាខ្វះវ៉ាក់សាំងចាក់ឡើយ។ 
 
ថ្ងៃទី៧ ខែឧសភា 
 
អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinopharm Beijing (BBIBP) ក្នុងបញ្ជីប្រើប្រាស់បន្ទាន់លើការបង្ការជំងឺកូវីដ-១៩។
 
សមាជិកមិនអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើឱ្យបន្ថែមកៅអីសមាជិកអចិន្រ្តៃយ៍ដែលបច្ចុប្បន្នមាន៥ប្រទេសប៉ុណ្ណោះ ជាមួយនឹងអំណាចវ៉េតូក្នុងដៃ។ ប៉ុន្តែសមាជិកអចិន្ត្រៃយ៍ភាគច្រើន មិននិយាយអ្វីលើបញ្ហានេះឡើយ។ 

ថ្ងៃទី៨ ខែឧសភា
 
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា ប្រកាសគម្រោងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ទៅ២០០លានដូសដើម្បីត្រៀមក្នុងករណីអាសន្នណាមួយ។
 
បំណែករ៉ុក្កែតចិនទម្ងន់ប្រមាណ១៨តោន កំពុងធ្លាក់មកផែនដីវិញ ដោយរំពឹងថា នឹងចូលបរិយាកាសផែនដីនៅអំឡុងចុងសប្ដាហ៍នេះ។ ប៉ុន្តែទីក្រុងប៉េកាំងអះអាងថា មានហានិភ័យទាប ព្រោះបំណែកនេះនឹងឆេះអស់ពេលចូលដល់បរិយាកាស៕
 

Tag:
 មីយ៉ាន់ម៉ា
  វ៉ាក់សាំង
  កូវីដ-១៩
  អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com