ជាតិ
«តារានិករ» សួនផ្កា រះថ្មីនៅខេត្តបាត់ដំបង
09, May 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សួនផ្កាសេរមាន់ និងផ្កាឈូករ័ត្ន អមដោយពណ៌ចម្រុះ ដូចជា ក្រហម លឿង និងស្វាយ យ៉ាងស្រស់បំព្រង កំពុងបង្អួតភាពទាក់ទាញពីទេសចរ នៅក្នុងសួនផ្កា«តារានិករ»។ ស្ថិតនៅជាប់រមណីយដ្ឋានស្ទឹងថ្វាក នៅខេត្តបាត់ដំបង សួនផ្កា« តារានិករ»  បានបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ អាចលេងកម្សាន្តសួនផ្កាចម្រុះពណ៌ផង និងអាចលំហែកាយនៅមាត់ស្ទឹងថ្វាកផង។  ដំណើរការជាង២ខែ សួនផ្កាមួយនេះ បានបើកទ្វារ ឱ្យទេសចរចូលកម្សាន្តក្នុងមួយដង មិនលើសពី១០នាក់ឡើយ ដើម្បីការពារជំងឺកូវីដ-១៩។


 
សួនផ្កាតារានិករ មានទីតាំង ស្ថិតនៅភូមិសេរីវន័្ត ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល និងមានចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីរួមខេត្តបាត់ដំបង។ សួនផ្កាមួយនេះ ត្រូវបានរៀបចំឡើងលើផ្ទៃដី កន្លះហិកតា ដោយមានផ្ការសេរមាន់ចម្រុះពណ៌ជាច្រើន និងមានផ្កាឈូករ័ត្នតិចតួចប៉ុណ្ណោះ។ 
 
លោក យ៉ុង ដុល្លា ជាម្ចាស់សួនផ្កាតារានិករ បានប្រាប់សារព័ត៌មានThmeythmey25ថា  សួននេះលោកទើបតែបានរៀបចំក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយបានបើកទទួលភ្ងៀវ នៅខែមេសាកន្លងទៅ។ លោកបានរៀបរាប់ដូច្នេះថា៖« ជំហានដំបូង ខ្ញុំដាំតែផ្កាសេរមាន់មួយប្រភេទទេ តែវាមានចម្រុះពណ៌គ្នាដូចជា ស្វាយ លឿង ក្រហម និងពណ៌ឈូកចាស់។ ក្រៅពីនេះ ខ្ញុំក៏បានដាំផ្កាឈូករ័ត្នខ្លះដែរ ដើម្បីយកពូជមកដាំបន្ថែមឲ្យបានច្រើនលើដីនៅមាន»។ 
 
ចំពោះការចូលទស្សនាសួនផ្កានេះ គឺមានតម្លៃធម្មតា ២ពាន់រៀល ក្នុងមួយនាក់ ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ម្ចាស់សួនរូបនេះ បានបញ្ចុះតម្លៃមកត្រឹម ១ពាន់រៀលក្នុងម្នាក់ និងកូនក្មេង មិនយកថ្លៃឡើយ។ បើតាមម្ចាស់សួនមានវ័យ៣១ឆ្នាំរូបនេះ លោកបានកំណត់ចំនួនភ្ញៀវចូលកម្សាន្តមួយដង មិនឱ្យលើស១០នាក់ ពោលគឺភ្ញៀវចាស់ចេញ ទើបអនុញ្ញាតឱ្យអ្នកថ្មីចូល ដើម្បីរក្សាគម្លាត និងការពារជំងឺកូវីដ-១៩។ 
 
ទៅថ្ងៃមុខ ម្ចាស់សួនផ្កានៅខេត្តបាត់ដំបងរូបនេះ គ្រោងពង្រីកការដាំដុះចំនួនផ្កាសេរមាន់ ផ្កាឈូករ័ត្ន ដែលកំពុងមានក្នុងសួន និងបន្ថែមពូជផ្កាមួយប្រភេទទៀត នៅលើផ្ទៃដី១ហិកតាបន្ថែមទៀត ។ ចំពោះការជ្រើសរើសប្រភេទផ្កាថ្មី លោកមិនទាន់បានសម្រេចកំណត់នៅឡើយទេ៕ 
 




លោក យ៉ុង ដុល្លា និងគ្រួសារ​


ទេសភាពស្ទឹងថ្វាក ប្រភព៖លោក យ៉ុង ដុល្លា ម្ចាស់សួនផ្កាតារានិករ 


ទេសភាពស្ទឹងថ្វាក ប្រភព៖លោក យ៉ុង ដុល្លា ម្ចាស់សួនផ្កាតារានិករ


ប្រភព៖លោក យ៉ុង ដុល្លា ម្ចាស់សួនផ្កាតារានិករ 


ប្រភព៖លោក យ៉ុង ដុល្លា ម្ចាស់សួនផ្កាតារានិករ

 

Tag:
 សួនតារានិករ
  មន្ទីរទេសចរណ៍ខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com