COVID-19
ជាតិ
ភ្នំពេញមាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​២១៩​នាក់ ជា​ចំនួន​ឆ្លង​ទាប​បំផុត​តាំងពីដើម​ខែឧសភា​មក​
09, May 2021 , 8:21 pm        
រូបភាព
ដោយ:
រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ចំនួន ២១៩​នាក់ ដែល​ទទួលបាន​លទ្ធផល​តេស្ត កាលពី​ថ្ងៃទី​៨ ឧសភា​។ ចំនួន​អ្នក​ឆ្លង​នេះ ធ្លាក់ចុះ​ពាក់កណ្តាល​ធៀប​នឹង​តួលេខ​ឆ្លង​កាលពី​ថ្ងៃទី​៧ ឧសភា ហើយក៏​ជា​ចំនួន​ដែល​តិច​បំផុត​ដែរ ចាប់តាំងពី​ដើមខែ​ឧសភា​មក​។ 

 
​មនុស្ស​ចំនួន ២១៩​នាក់​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី ៨​ឧសភា ក្នុងនោះ​មាន​ទារក និង​កុមារ​ដល់​ទៅ​៤០​នាក់​។ បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នក​វិជ្ជមាន​ទាំងនេះ គឺជា​កម្មករ​រោងចក្រ​, កម្មករសំណង់​,​អាជីវករ​, អ្នកលក់​អន​ឡាញ​, អ្នកលក់​បាយ​, បុគ្គលិក​សណ្ឋាគារ​,​បុគ្គលិក​ផ្នែកអនាម័យ​, អ្នករត់​កង់​បី​, សិស្ស​, មន្ត្រី​យោធា និង​មាន​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត​។ ភាគច្រើន​នៃ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំងនេះ មាន​អាសយដ្ឋាន​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ខណ្ឌមានជ័យ និង​ខណ្ឌឫស្សីកែវ​។ 
 
​គួរ​កត់សម្គាល់ថា ចំនួន​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨​ឧសភា បាន​ធ្លាក់ចុះ​ច្រើនជាង​ពាក់កណ្តាល ធៀប​នឹង​តួលេខ​ឆ្លង​កាលពី​ថ្ងៃទី​៧ ឧសភា ដែលមាន​ដល់​ទៅ ៤៤៥​នាក់​។ តួលេខ ២៩១​នាក់ ក៏​ជា​ចំនួន​ដែល​តិចជាងគេ​បំផុត​ដែរ នៃ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​នៅ​រាច​ជ​ធានី​ភ្នំពេញ ចាប់តាំងពី​ដើមខែ​ឧសភា​មក​។​
 
​គួរបញ្ជាក់​ផងដែរ​ថា គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ ចំនួន ១៩២៣៧​នាក់ ក្នុងនោះ​សះស្បើយ​ចំនួន ៧៦៤១​នាក់ និង​ស្លាប់​កើន​ដល់ ១២០​នាក់​៕
 
 

Tag:
 ThmeyThmey
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com