អន្តរជាតិ
អាមេរិក៖ មនុស្ស៦នាក់ស្លាប់ក្នុងការបាញ់ប្រហារក្នុងពិធីខួបកំណើតនៅរដ្ឋ Colorado រថយន្តប៉ូលិសអាមេរិកចតនៅកន្លែងមានការបាញ់ប្រហារនៅរដ្ឋ Colorado ។ រូបថត CNN
× ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារលើពិធីខួបកំណើតមួយក្នុងរដ្ឋ Colorado ដែលបណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់។ បើតាមប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងក៏បាញ់ខ្លួនឯងនៅក្រោយមកផងដែរ។
ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅកន្លែងផ្ទះចល័តមួយកន្លែងនៅតំបន់ Spring នៅព្រឹកថ្ងៃទី៩ ខែឧសភា (ម៉ោងអាមេរិក)។ ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបានការហៅទូរស័ព្ទបន្ទាន់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប៉ូលិសរកឃើញសាកសពចំនួន៦ និងអ្នករបួសម្នាក់។ អ្នករបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ តែក៏បានបាត់បង់ជីវិតដែរ។
ការស៊ើបអង្កេតបឋមបង្ហាញថា គ្រួសារមួយ កំពុងធ្វើពិធីខួបកំណើតក្នុងផ្ទះចល័តមួយ។ ប៉ូលិសអាមេរិកអះអាងថា ខ្មាន់កាំភ្លើងដែលជាមិត្តប្រុសជនរងគ្រោះម្នាក់ បានបើកឡានទៅកាន់កន្លែងពិធី ហើយក៏បាញ់រះតែម្ដង មុនបាញ់សម្លាប់ខ្លួនឯង។ ពេលនេះ ប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដនៃការបាញ់ប្រហារនេះ។ កុមារដែលនៅកន្លែងកើតហេតុ មិនរងបួសអ្វីឡើយ ហើយកំពុងស្ថិតក្រោមការថែទាំរបស់សមាជិកគ្រួសារឯទៀត។
នេះជាការបាញ់ប្រហារលើកទីបីហើយនៅតំបន់ Spring នៃរដ្ឋ Colorado តាំងពីឆ្នាំ២០១៥ មក។ កាលពីខែមុន ប្រធានាធិបតី ចូ បៃឌិន បានហៅអំពើហិង្សាដែលពាក់ព័ន្ធកាំភ្លើងនេះជាជំងឺរាលដាល និងជាក្ដីអាម៉ាស់កម្រតិអន្តរជាតិ។
នៅឆ្នាំ២០២០ អាមេរិកមានករណីស្លាប់ដែលទាក់ទងការប្រើប្រាស់កាំភ្លើងច្រើន៤៣០០០នាក់។ នេះបើតាមតួលេខពីអង្គការ Gun Violence Archive ៕
© រក្សាសិទ្ធិដោយ thmeythmey.com