កីឡាអន្តរជាតិ
អន្តរជាតិ
West Brom ធ្លាក់ពី EPL ឯ Man Utd នៅមានឱកាសប្រជែងពាន ក្រោយវាយបកឈ្នះ Aston
10, May 2021 , 11:29 am        
រូបភាព
West Bromwich Albion ជាក្រុមទី២បន្ទាប់ពី Sheffield United ដែលត្រូវកាត់ចេញពី Premier League រដូវកាលក្រោយ ក្រោយចាញ់ Arsenal ៣-១។ Manchester United នៅតែបន្តឱកាសតិចតួចរបស់ខ្លួនក្នុងការប្រជែងពានលីគអង់គ្លេសជាមួយ Manchester United បន្ទាប់ពីពួកគេឈ្នះ Aston Villa ដោយការវាយបកក្នុងលទ្ធផល ៣-១។


តាមរយៈបរាជ័យ ៣-១ ក្រោមថ្វីជើងកាំភ្លើងធំនៅ Emirates នៅរាត្រីថ្ងៃទី៩ ខែឧសភា ទីបំផុតក្រុមរបស់លោក Sam Allardyce ត្រូវធ្លាក់ទៅលេងនៅលីគទីពីរអង់គ្លេស Championship រដូវកាលក្រោយ បើទោះសល់ការប្រកួតក្នុងដៃ៣លើកទៀតក្តី។ West Brom រកបាន២៦ពិន្ទុពីការប្រកួត៣៥លើក ស្ថិតនៅចំណាត់ថ្នាក់ទី១៩ ដោយមានគម្លាត១០ពិន្ទុ ពីក្រុមតំបន់សុវត្ថិភាព Burnley។
 
Fulham ដែលស្ថិតនៅលេខរៀងទី១៨ នៅសល់ឱកាសតិចបំផុតក្នុងការបន្តដណ្តើមកៅអីលេងនៅក្របខណ្ឌកំពូលរដូវកាលក្រោយ។ ដោយនៅសល់ការប្រកួតក្នុងដៃ៤លើកដូចគ្នា Fulham តាមពីក្រោយ Burnley ចំនួន៩ពិន្ទុ។
 
ជ័យជំនះសម្រាប់ Arsenal ក្នុងជំនួបនេះ ក៏ពិបាកនឹងធ្វើឱ្យពួកគេអាចប្រជែងយកកៅអី Europa League ខណៈ Champions League អស់ឱកាសទៅហើយ។ ក្រុមរបស់លោក Mikel Arteta កើនបាន៥២ពិន្ទុ តាមពីក្រោយក្រុមលេង៥ West Ham United ៦ពិន្ទុ ស្របពេលការប្រកួតសល់៣លើកដូចគ្នា។ 
 
West Ham United ក៏ទំនងជាមិនអាចនឹងរក្សាចំណាត់ថា្នក់ទី៥ ដើម្បីបានលេង Europa League រដូវកាលក្រោយផង ដ្បិត Liverpool ដែលដាក់គោលដៅយកតំណែងក្នុងតំបន់ Top 4 តាមពីក្រោយតែ១ពិន្ទុប៉ុណ្ណោះ ហើយទើបប្រកួត៣៤លើកថែមទៀត។ Everton ដែលមាន៥៥ពិន្ទុ និង Tottenham Hotspur មាន៥៦ពិន្ទុ ក៏ជាក្រុមកំពុងរកឱកាសលេងក្របខណ្ឌទី២អឺរ៉ុបរដូវកាលក្រោយផងដែរ។
 
ក្រុមដែលមានឱកាសខ្ពស់ក្នុងការប្រជែងយកតំណែង Top 4 មាន Chelsea (៦៤ពិន្ទុ), Leicester City (៦៣), West Ham United (៥៨) និង Liverpool (៥៧)។
សម្រាប់ក្រុម Man Utd វិញ ក្រោយវាយបកយកឈ្នះ Aston Villa ៣-១ នៅសប្តាហ៍ទី៣៤ បានជួយពួកគេថយគម្លាតពិន្ទុពីក្រុមកំពូលតារាង Man City នៅត្រឹម១០ពិន្ទុ តែសល់១ប្រកួតក្នុង១។ ៣៤ប្រកួត បិសាចក្រហមរកបាន៧០ពិន្ទុ ខណៈមេឃខៀវមាន៨០ពិន្ទុ ពីការប្រកួត៣៥លើក៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com