អន្តរជាតិ
លោក មូន ប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យបាន ៤ភាគរយក្នុងឆ្នាំ២០២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ គណនីFacebook ប្រធានាធិបតីកូរ៉េខាងត្បូង
× ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅថ្ងៃទី១០ ខែឧសភា បានប្តេជាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីពន្លឿនសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យមានកំណើន ៤ភាគរយក្នុងឆ្នាំ២០២១ ស្របពេលប្រទេសអាស៊ីខាងកើតមួយនេះ កំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩។
មិនខុសពីប្រទេសដទៃឡើយ សេដ្ឋកិច្ចកូរ៉េខាងត្បូង បានរងផលប៉ះពាល់ខ្លាំង ដោយសារជំងឺកូវីដ-១៩ នៅក្នុងក្រុងសេអ៊ូល និងតំបន់ផ្សេងៗ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ កូរ៉េខាងត្បូងបានប្តេជ្ញាស្តារសេដ្ឋកិច្ចខ្លួនឡើងវិញ តាមរយៈការបណ្តុះប្រព័ន្ធភាពស៊ាំជាសហគមន៍ ប្រឆាំងនឹងកូវីដ-១៩។
នៅក្នុងខួប ៤ឆ្នាំ នៃការចូលកាន់តំណែងជាប្រធានាធិបតី លោក មូន ចេអ៊ីន បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះ ក៏មានការជួយសង្រ្គោះសេដ្ឋកិច្ចកូរ៉េខាងត្បូងផងដែរ។ បើតាមលោកប្រធានាធិបតី កូរ៉េខាងត្បូង នឹងពង្រឹងសមត្ថភាពរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលទាំងអស់ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ៤ភាគរយ។
«រដ្ឋាភិបាល នឹងសម្រេចកាន់តែឆាប់រហ័ស និងមានសេដ្ឋកិច្ចកាន់តែប្រសើរជាងមុន»។ លោក មូន បានសង្កត់ធ្ងន់បែបនេះនៅក្នុងបន្ទប់សន្និសីទសារព័ត៌មាន នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae នៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ ប្រមុខរដ្ឋកូរ៉េខាងត្បូងរូបនេះ ក៏បានប្តេជ្ញាពង្រឹងវិស័យឯកជនផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap។
ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក មូន ក៏បានលើកឡើងពីកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កូរ៉េខាងខាងត្បូងផងដែរ។ កូរ៉េខាងត្បូងនឹងចាក់វ៉ាក់សាំងមួយដូសសម្រាប់ប្រជាជនដែលអាចចាក់បានទាំងអស់ ត្រឹមខែកញ្ញា និងឆ្ពោះទៅរកគោលដៅផ្សេងទៀត ដែលបានកំណត់ទុក ដើម្បីបង្កើនប្រព័ន្ធភាគស៊ាំជាសហគមន៍ចាប់ពីខែវិច្ឆិកាខាងមុខ។
មកទល់ពេលនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងបានចំនួនជាង៤លានដូស។ ប្រជាជនកូរ៉េខាងត្បូងចំនួនជាង៥០ម៉ឺននាក់ បានទទួលវ៉ាក់សាំងពេញលេញ។
សូមបញ្ជាក់ថា គិតត្រឹមតួលេខចុងក្រោយ កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១២៧៧៧២ ករណី និងអ្នកស្លាប់មានចំនួន ១៨៧៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១១ម៉ឺននាក់៕
Tag:
កូវីដ-១៩
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com