COVID-19
ជាតិ
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់បន្ថែមទៀត
10, May 2021 , 3:46 pm        
រូបភាព
ក្រុមគ្រូពេទ្យកំពុងយកសំណាកនៅមណ្ឌលចត្តាឡីស័កគុរុកោសល្យខេត្ត។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ក្រុមគ្រូពេទ្យកំពុងយកសំណាកនៅមណ្ឌលចត្តាឡីស័កគុរុកោសល្យខេត្ត។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរកឃើញករណីវិជ្ជមានជំងឺកូវីដថ្មីចំនួន ៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងនាំចូលពីខេត្តដទៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៩ ឧសភា ករណីថ្មីទាំងនោះ ជាករណីសង្ស័យ និងត្រូវក្រុមការងារប្រចាំការនៅទីតាំងត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់ខេត្តកំពង់ធំ បានយកសំណាក និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត។

 
ករណីថ្មីចំនួន៥នាក់នេះ រួមមានទី១ ឈ្មោះ រ៉ែម អូន ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ ទី២ ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ ទី៣ ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
 
ទី៤  ឈ្មោះ យាន តាក់ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ ឃុំយាង ស្រុកពួក ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ និងទី៥  ឈ្មោះ ស្រឿរ គឹមឡាង ភេទស្រី អាយុ១៧ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
  
ជាមួយគ្នានោះ អ្នករួមដំណើរទាំងអស់ក្នុងរថយន្តឈ្នួលជាមួយអ្នកវិជ្ជមានទាំង៥រូបខាងលើ ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ ហើយក្រុមការងារជំនាញនឹងបញ្ជូនមកយកសំណាកធ្វើតេស្តស្រាវជ្រាវ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។    
  
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៩ ឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៣នាក់ បានព្យាបាលជាសះស្បើយចំនួន២០នាក់ ស្លាប់១នាក់ និង៥២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
 
  
 

© រក្សាសិទ្ធិដោយ thmeythmey.com