COVID-19
ជាតិ
ករណីស្លាប់ដោយសារកូវីដ-១៩ ដំបូង នៅខេត្តបន្ទាយមានជ័យ ជាបុរសវ័យ៥០ឆ្នាំ
10, May 2021 , 4:44 pm        
រូបភាព
សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ តាមទីតាំងប្រឈមខ្លាំង ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយជ័យ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ រូបភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ។
សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ តាមទីតាំងប្រឈមខ្លាំង ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយជ័យ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ រូបភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ។
ដោយ៖ ស៊ុល រ៉វី

 
ភ្នំពេញ៖ បុរសវ័យ៥០ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្រុងប៉ោយប៉ែត ដែលជាករណីដំបូង ក្នុងខេត្តបន្ទាយជ័យ។ បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវអ្នកពាក់ព័ន្ធ នឹងបុរសនេះ។ 
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងពីការស្លាប់បុរសវ័យ ៥០ឆ្នាំម្នាក់ ដោយកូវីដ-១៩ ដែលជាអាជីវករ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


 
តាមសេចក្ដីជូនដំណឹងនៅរសៀលថ្ងៃទី១០ឧសភានេះ មុនពេលស្លាប់ បុរសរូបនេះ មានអាការក្ដៅខ្លួន អស់កម្លាំង និងជំងឺសម្ពាធឈាម និងបានសម្រាកព្យាបាលជំងឺនៅបន្ទប់ពិគ្រោះជំងឺពីរកន្លែងផ្សេងគ្នា ក្នុងក្រុងប៉ោយប៉ែត មុនពេលតេស្តរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៨ឧសភា នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ក្រោយសម្រាកព្យាបាលមួយយប់ អាជីវកររូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ហើយស្លាប់នៅថ្ងៃទី ១០ឧសភា។ 
 
ពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរកំពុងធ្វើការស្រាវជ្រាវ និងអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺខាងលើនេះ ត្រូវប្រញាប់តេស្តសំណាក និងធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ។ ក្នុងករណីមានអាការមិនស្រួលខ្លួន ពលរដ្ឋអាចទៅពិនិត្យសំណាក នៅស្ថានីយរថភ្លើងប៉ោយប៉ែត មជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬទំនាក់ទំនងទៅកាន់លេខ ០១២ ៩៨៣ ៨៥៦, ០៨៥ ៩៩៩ ៩១៧, ០៩៥ ៥០០ ០០៣, ០៨៩ ៥៥០ ០១៦ និង ០៩២ ៦៨៣ ២០៧។
 
គិតត្រឹមថ្ងៃទី១០ឧសភានេះ អ្នកឆ្លងកូវីដ-១៩សរុបទូទាំងប្រទេសកើនដល់ ១៩,៧៤៣នាក់ ដោយ ១១,៩២៣នាក់ ជាករណីសហគមន៍២០ កុម្ភៈ ខណៈអ្នកជាសះស្បើយ ៧,៨២០នាក់ និងអ្នកស្លាប់ឡើងដល់ ១២៦នាក់៕
 

Tag:
 ThmeyThmey25
  ខេត្តបន្ទាយមានជ័យ
  សួ ស៊ីងួន
© រក្សាសិទ្ធិដោយ thmeythmey.com