COVID-19
ជាតិ
COVID-19៖ ព្រះសីហនុ៩៥នាក់ តាកែវ​២៣នាក់ កំពង់ចាម១៦នាក់ ភាគច្រើនជាអាជីវករ
10, May 2021 , 5:10 pm        
រូបភាព
អាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មេរោគ ទីតាំងមួយកន្លែងក្នុងខេត្តកំពង់ចាម នាពេលកន្លងមក។ រូបភាព រដ្ឋបាលខេត្តកំពង់ចាម។
អាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មេរោគ ទីតាំងមួយកន្លែងក្នុងខេត្តកំពង់ចាម នាពេលកន្លងមក។ រូបភាព រដ្ឋបាលខេត្តកំពង់ចាម។
ដោយ៖ស៊ុល រ៉វី និងជឿន ស្រីណយ
 
រដ្ឋបាលខេត្តនីមួយៗ បានប្រកាស និងបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ខណៈរយៈពេលចុងក្រោយនេះ សេចក្តីប្រកាសព័ត៌មានប្រចាំរបស់ក្រសួងសុខាភិបាល ផ្តល់តែតួលេខ សរុបប៉ុណ្ណោះទាក់ទងនឹងករណីឆ្លង ស្លាប់ និងសះស្បើយ។ នេះជាតួលេខឆ្លងប្រចាំថ្ងៃនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តតាកែវ ដែលបានតេស្តឃើញវិជ្ជមាននៅថ្ងៃទី៩ ខែឧសភា។

 
នៅខេត្តព្រះសីហនុ ករណីថ្មីដែលរកឃើញកាលពីថ្ងៃទី៩ ខែឧសភា មាន៩៥នាក់ ដោយភាគច្រើនជាអាជីវករ និងក្រុមគ្រួសាររបស់ពួកគាត់ ក្នុងចំណោមនោះ ក៏មានក្មេងអាយុ១ខួប និង៤ខួបផងដែរ។
 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ អ្នកជំងឺជាងពាក់កណ្តាល ជាអ្នកដែលបានតេស្តយកសំណាកនៅសាលាបឋមសិក្សាផ្សារលើ បន្ទាប់មកនៅវិទ្យាល័យហ៊ុន សែន មិត្តភាព វេទិកា៧មករា និងទីតាំងនៅភូមិ២សង្កាត់លេខ៣។
 
កំពង់ចាម  បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ បន្ថែមចំនួន ១៦នាក់។ បច្ចុប្បន្នអាជ្ញាធរ បានបញ្ជូន អ្នកជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តការស្រាវជ្រាវអ្នកពាក់ព័ន្ធ។
 
 បើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ឧសភា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦នាក់ថ្មីនោះ មាន ២នាក់នៅស្រុកស្រីសន្ធរ, ២នាក់នៅស្រុកកងមាស,៧នាក់នៅស្រុកបាធាយ , ៤នាក់នៅស្រុកចំការលើ និង១នាក់ ក្នុងស្រុកកំពង់សៀម។ ជាមួយគ្នានេះ ខេត្តកំពង់ចាម ក៏មានមនុស្ស ៩នាក់ ជាសះស្បើយដែរ។
 
នៅខេត្តតាកែវ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៣នាក់បន្ថែមទៀត នៅថ្ងៃទី៩ឧសភា ដោយក្នុងនោះមានកម្មកររោងចក្រ, អាជីវករ, កម្មករសំណង់ រហូតដល់ ទារិកា ផងដែរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា កម្មកររោងចក្រ ១០នាក់ វិជ្ជមានកូវីដ-១៩ ក្នុងនោះរោងចក្រ ជូនលី ២នាក់ និង៨នាក់ទៀត នៅរោងចក្រសាន់បូ ។ 
 
ចំណែកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ទៀតមាន អាជីវករផ្សារត្រាំខ្នារ១នាក់, អាជីវករនៅបឹងការប្រម១នាក់, អាជីវករនៅផ្សារបត់រការ១នាក់, អាជីវករនៅផ្សារយាយត្រប់១នាក់, កម្មករកាប់ជ្រូក២នាក់, អ្នកបើកឡានដឹកដី១នាក់, កម្មករសំណង់១នាក់ , ប្រជាពលរដ្ឋនៅភូមិត្រពាំងលាន ឃុំចំបក់២នាក់ និង ២នាក់ទៀតរស់នៅភូមិជើងរលាង និងភូមិព្រៃមូល។ រីឯទារិកា អាយុ១៨ខែម្នាក់ ក៏មានវិជ្ជកូវីដ-១៩ ផងដែរ។
 
គិតត្រឹមថ្ងៃទី៩ឧសភា ម្សិលមិញនេះ អ្នកឆ្លងកូវីដ-១៩ ទូទាំងប្រទេសចំនួន ១៩,៧៣៤នាក់ ក្នុងនោះករណីនាំចូលសរុបមានចំនួន ៥៧៨ករណី។ អ្នកជាសះស្បើយចំនួន ១១៩២៣នាក់ ខណៈអ្នកស្លាប់មានដល់ ១២៦នាក់៕
 
 

Tag:
 តាកែវ
  កំពង់ចាម
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com