ជាតិ
សេដ្ឋកិច្ច
អូស្ត្រាលី ផ្តល់ជំនួយ៤លានដុល្លារទៀត ដើម្បីចូលរួមស្តារសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា
10, May 2021 , 10:59 pm        
រូបភាព
(ឆ្វេង)លោក លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា និងលោកលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។
(ឆ្វេង)លោក លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា និងលោកលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។
ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងផ្តល់ជំនួយជាថវិកា៤លានដុល្លារ សម្រាប់ចូលរួមកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់UNDP នាថ្ងៃទី៧ឧសភា ឆ្នាំ២០២១ ជំនួយសម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជានេះ គឺស្ថិតក្នុងកិច្ចព្រមព្រៀងស្តីពីមូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP ដែលនឹងត្រូវអនុវត្តភ្លាមៗតែម្តង។

 
UNDP បានបញ្ជាក់ថា ថវិកាជំនួយខាងលើនេះ គឺជាយន្តការមួយប្រកបដោយភាពទន់ភ្លន់ ដែលផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងការឆ្លើយតប និងស្ដារផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។
 
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជា បានលើកឡើងថា អូស្ត្រាលី ជាប្រទេសនាំមុខគេក្នុងការផ្ដល់ជំនួយអភិវឌ្ឍន៍យ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ហើយប្រទេសអូស្ត្រាលីបានធ្វើបែបនេះ តាមរយៈកម្មវិធីវៃឆ្លាត ដោយបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង។ «រួមគ្នា យើងអាចឆ្លើយតបបានយ៉ាងលឿនចំពោះវិបត្តិនេះ តាមរយៈការគាំទ្រដល់ការពង្រីកកម្មវិធីជំនួយសង្គម ឱ្យបានឆាប់រហ័សដើម្បីផ្តល់ជំនួយឧបត្ថម្ភនានា បានដល់គ្រួសារដែលត្រូវការជំនួយជាងគេ ហើយក្នុងពេលជាមួយគ្នាក៏ការពារដំណើរការពាណិជ្ជកម្ម  និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ»។ លោក Nick Beresford បានរៀបរាប់យ៉ាងដូច្នេះ។
 
កូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមបន្ទាន់ចំពោះមុខជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។  លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានអះអាងថា៖«ក្នុងនាមជាដៃគូ និងមិត្តភក្តិយូរអង្វែងរបស់កម្ពុជា យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ»។
 
លោក Pablo Kang បន្ថែមថា តាមរយៈការសហការជាមួយនឹងUNDP ប្រទេសអូស្ត្រាលីកំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជា ក្នុងការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកលដោយជំងឺកូវីដ-១៩។
 
គិតរហូតមកដល់ពេលបច្ចុប្បន្ន មូលនិធិពង្រឹងភាពធន់របស់អូស្ត្រាលី-UNDP បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលកម្ពុជាកំពុងអនុវត្ត។ កន្លងមកតាមរយៈមូលនិធិនេះ បានផ្ដល់ថវិកា២៩០លានដុល្លារដល់ប្រជាពលរដ្ឋក្រីក្រជិត៧០ម៉ឺនគ្រួសារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩៕ 
 

Tag:
 UNDP
© រក្សាសិទ្ធិដោយ thmeythmey.com