កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton បន្តឈ្នះ ខណៈ Verstappen ជាគូប្រជែង F1 ដ៏ខ្លាំងក្លារដូវកាលនេះ
10, May 2021 , 8:19 pm        
រូបភាព
Lewis Hamilton បង្កើនភាពលេចធ្លោកាន់តែខ្លាំងឡើង បន្ទាប់ពីទទួលបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការប្រណាំងរថយន្តលំដាប់ពិភពលោ Formula One ក្នុងកម្មវិធី Spanish Grand Prix ប្រទេសអេស្ប៉ាញ។ នេះជាការឈ្នះលើកទី៩៨ក្នុងអាជីព ដែលជាចំនួបច្រើនជាងគេក្នុងកំណត់ត្រាពិភពលោក។


 
ព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោករដូវកាលឆ្នាំ២០២១នេះ ពិតជាមានការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រវិស័យកីឡានេះ ដ្បិតមានការប្រជែងគ្នាខ្លាំងរវាងតួអងគ្គពីររូប។ Lewis Hamilton និង Max Verstappen ពិតជាបានបង្ហាញពីភាពលេចធ្លោក្នុងការប្រកួតប្រជែងគ្នានៅលើទីលានប្រណាំង F1 នៅ៤ប្រកួតដំបូងនេះ។
 
នាការប្រណាំងនៅទីលានទី៤ នៅថ្ងៃទី៩ ខែឧសភា Hamilton ដែលបើកបរឱ្យក្រុម Mercedes បានសម្រេចទីមុនគេ ដោយប្រើថេរវេលា១ម៉ោង ៣៣នាទី និង៧វិនាទី តាមពីក្រោយដោយ Verstappen ដែលបើកឱ្យ Red Bull និង Valtteri Bottas មិត្តរួមក្រុម Mercedes។ 
 
នេះជាជ័យជម្នះលើកទី៣ របស់ម្ចាស់ការពារតំណែងជើងឯក ក្នុងចំណោមការប្រណាំង៤លើករដូវកាលនេះ និងជាការឈ្នះលើកទី៩៨ក្នុងអាជីពផង។ Hamilton ម្ចាស់ជើងឯក F1 ៧សម័យកាលថែមទាំងដាក់គោលដៅរកឱ្យបានជ័យជម្នះទី ១០០ ឆាប់ៗផងដែរ។


 
Michael Schumacher ដែលចូលនិវត្តន៍ទៅហើយ បានកាន់កំណត់ត្រាឈ្នះការប្រណាំង៩១លើកក្នុងអាជីព ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ខណៈលេខ៣ Sebastian Vettel មិត្តរួមជាតិអាល្លឺម៉ង់ដែលបើកបរឱ្យ Aston Martin មានកំណត់ត្រាឈ្នះ៥៣ដង។
 
តាមរយៈជ័យជម្នះនេះ បានជួយឱ្យអ្នកប្រណាំងសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំ បន្តនាំមុខកំពូលតារាង F1 និងបង្កើនគម្លាតពិន្ទុលើកគូប្រជែង Verstappen ចំនួន១៤ពិន្ទុ។ ឆ្លងកាត់ការប្រកួត៤លើក Hamilton រកបាន៩៤ពិន្ទុ លេខ២ Verstappen មាន៨០ពិន្ទុ និងលេខ៣ Bottas រកបាន៤៧ពិន្ទុ។
 
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីន Mercedes កើនពិន្ទុនាំមុខនៅកំពូលតារាង ដោយរកបាន១៤១ពិន្ទុ តាមពីក្រោយដោយ Red Bull ដែលមាន១១២ពិន្ទុ ខណៈលេខ៣ McLaren-Mercedes រកបាន៦៥ពិន្ទុ។ ជំនួបនៅទីលានទី៥ នឹងធ្វើឡើងនៅទឹកដីនៃប្រទេសម៉ូណាកូ ក្នុងកម្មវិធី Monaco Grand Prix នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១៕
 
 

Tag:
 Lewis Hamilton
  Formula One
© រក្សាសិទ្ធិដោយ thmeythmey.com