COVID-19
ជាតិ
កម្ពុជាមានអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅអាស៊ាន
10, May 2021 , 6:25 pm        
រូបភាព
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅតំបន់ក្រហម ដែលរាលដាលខ្លាំង។ រូបថត AFP
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅតំបន់ក្រហម ដែលរាលដាលខ្លាំង។ រូបថត AFP
តួលេខមធ្យមក្នុងរយៈពេល៧ថ្ងៃ បានបង្ហាញថា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រចាំថ្ងៃច្រើនជាងគេនៅតំបន់អាសស៊ីអាគ្នេយ៍ក្នុងចំណោមមនុស្ស១០០នាក់។ តាមទិន្នន័យ ដែលបង្ហាញដោយ Our World in Data តួលេខនេះផ្អែកទៅលើការចាក់តែមួយដូសប៉ុណ្ណោះ។



សារព័ត៌មានថ្មីៗ លើកយកតារាងប្រៀបធៀបរវាងបណ្តាប្រទេសទាំង១០ដែលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយគិតត្រឹមទិន្នន័យថ្ងៃទី៩ ខែឧសភា។

តាម Our World in Data តួលេខជាមធ្យមប្រចាំថ្ងៃនារយៈពេល៧ថ្ងៃ បានបង្ហាញថា កម្ពុជាមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ បីប្រភេទ (COVISHIELD, SINOPHARM/BEIJING, SINOVAC) ចំនួន ០,៤១ភាគរយក្នុងចំណោមមនុស្ស១០០នាក់ ខណៈម៉ាឡេស៊ី មាន០,១៣ភាគរយ, ឥណ្ឌូណេស៊ី មាន០,១ភាគរយ ថៃ០,០៧ភាគរយ ហ្វីលីពីន០,០៦ភាគរយ និងវៀតណាម មាន០,០៥ភាគរយ (គិតត្រឹមថ្ងៃទី៣០ ខែមេសា)។


ប្រទេសផ្សេងទៀតមិនមានទិន្នន័យនោះឡើយ ដោយប្រទេសមួយចំនួនមិនទាន់ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូលំទូលាយ រីឯសិង្ហបុរី ដែលសម្រុកការចាក់វ៉ាក់សាំងមុនគេ កំពុងរង់ចាំវ៉ាក់សាំងថ្មីបន្ថែមទៀត។

បើផ្អែកលើទិន្នន័យសរុបវិញ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទីពីរ បន្ទាប់ពីសិង្ហបុរី ដែលអាត្រាភាគរយនៃចំនួនពលរដ្ឋសរុបដែលបានចាក់វ៉ាក់សាំងក្នុងចំណោមមនុស្ស១០០នាក់។ សិង្ហបុរី ដែលមានពលរដ្ឋជាង៥,៨លាននាក់ មានអ្នកចាក់វ៉ាក់សាំងចំនួន៣៧,៨៤ភាគរយ តែតួលេខនេះ គិតតាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មក។

កម្ពុជា ដោយគិតត្រឹមថ្ងៃទី៩ ខែឧសភា មានពលរដ្ឋជាង១៧,២៦ភាគរយក្នុងចំណោមជាង១៦លាននាក់ បានចាក់វ៉ាក់សាំង ខណៈឥណ្ឌូណេស៊ី មាន៨,០៤ភាគរយ, ម៉ាឡេស៊ី មាន៥,៤៦ភាគរយ ថៃមាន២,៥៩ភាគរយ។



គិតត្រឹមថ្ងៃទី២៦ ខែមេសា ឡាវ មានអ្នកចាក់វ៉ាក់សាំងតែ២,៥៣ភាគរយប៉ុណ្ណោះ ខណៈថៃ មាន២,៥ភាគរយ, ព្រុយណេមាន២,៤៥ភាគរយ (គិតត្រឹមថ្ងៃទី២៣ ខែមេសា), ហ្វីលីពីន មាន២,២ភាគរយ ខណៈវៀតណាម មានត្រឹមតែ០,៥២ភាគរយប៉ុណ្ណោះ (គិតត្រឹមថ្ងៃទី៣០ ខែមេសា)។

ដោយឡែក បើផ្អែកលើចំនួនវ៉ាក់សាំងដែលចាក់នៅក្នុងប្រទេសវិញ កម្ពុជាស្ថិតនៅលំដាប់ទី២ផងដែរ ដោយចាក់បាន ២,៨៨លានដូស ដោយគិតត្រឹមថ្ងៃទី៨ ខែឧសភា បន្ទាប់ពីឥណ្ឌូណេស៊ី ដែលសម្រេចបាន២១,៩៩លានដូស។

ហ្វីលីពីន ចាក់បាន២,៤លានដូស សិង្ហបុរី បាន២,៤១លានដូស សិង្ហបុរី ២,២១លានដូស (គិតត្រឹមថ្ងៃទី១៨ ខែមេសា), ថៃ បាន១,៨១លានដូស, ម៉ាឡេស៊ី បាន១,៧៧លានដូស។ វៀតណាមដែលបច្ចុប្បន្នប្រើប្រាស់តែ AstraZeneca ចាក់បានតែជាង៥០ម៉ឺនដូសប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី៣០ ខែមេសា។

ឡាវ ដែលប្រើប្រាស់វ៉ាក់សាំងចិន Sinopharm/Beijing និងវ៉ាក់សាំងរុស្ស៊ី Sputnik V ទើបចាក់បានជាង១៨ម៉ឺនដូសប៉ុណ្ណោះ ដោយគិតត្រឹមថ្ងៃទី២៦ ខែមេសា រីឯព្រុយណេ ដែលប្រើប្រាស់ AstraZeneca ចាក់បានជាង១០ម៉ឺនដូស ដោយគិតត្រឹមថ្ងៃទី២៣ ខែមេសា។


Our World Data មិនមានទិន្នន័យលំអិតទាក់ទងនឹងយុទ្ធនាការចាក់វ៉ាក់សាំងនៅមីយ៉ាន់ម៉ានោះឡើយ ខណៈប្រទេសអាស៊ានមួយនេះ កំពុងតែមានស្ថានភាពនយោបាយរង្គោះរង្គើ ក្រោយរដ្ឋប្រហារយោធាទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី តាំងពីខែកុម្ភៈ មក៕










© រក្សាសិទ្ធិដោយ thmeythmey.com