COVID-19
អន្តរជាតិ
WHO ចាត់ថ្នាក់កូវីដ-១៩ បំប្លែងខ្លួននៅឥណ្ឌា ជាប្រភេទគួរឱ្យបារម្ភ
11, May 2021 , 11:41 am        
រូបភាព
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១០ ខែឧសភា បានបញ្ចូលជំងឺកូវីដ-១៩ ដែលរក ឃើញដំបូងនៅឥណ្ឌា ទៅក្នុងប្រភេទគួរឱ្យបារម្ភ (variant of concern) ។ ការសិក្សាមួយចំនួន បាន បង្ហាញថា ប្រភេទវីរុសបំប្លែងថ្មីនៅឥណ្ឌានេះ មានសមត្ថភាពខ្លាំង ងាយឆ្លងរាលដាល និងបង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរ។

 
វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ទម្រង់ B1617 ដែលរកឃើញដំបូងនៅឥណ្ឌានៅឆ្នាំ២០២០ ជាវីរុស ទីបួនហើយដែលត្រូវចាត់ទុកជាប្រភេទធ្វើឱ្យមានក្ដីបារម្ភនៅកម្រិតពិភពលោក និងទាមទារឱ្យមាន ការតាមដាន និងវិភាគខ្ពស់។ វីរុសបំប្លែងថ្មីចំនួន ៣ប្រភេទផ្សេងទៀតដែលស្ថិតក្នុងថ្នាក់នេះមានវីរុស រកឃើញនៅអង់គ្លេស អាហ្វ្រិកខាងត្បូង និងនៅប្រេស៊ីល។ 
 
«យើងចាត់ថ្នាក់វីរុសបំប្លែងថ្មីនៅឥណ្ឌាប្រភេទ B1617 ជាប្រភេទវីរុស ដែលបង្កក្តីបារម្ភដល់ ពិភពលោកទាំងមូល»។ មន្រ្តីបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកលោកស្រី Maria Van Kerkhove លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១០ ខែឧសភា។ 
  
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ការសិក្សាមួយបានបង្ហាញថា វីរុសបំប្លែងថ្មី B1617 នេះបង្កើន សមត្ថភាពចម្លងរហ័ស ងាយស្រួលឆ្លង និងបង្កគ្រោះថ្នាក់ដល់ជីវិតធ្ងន់ធ្ងរជាងប្រភេទដទៃទៀត ហើយវាមានសមត្ថភាពខ្លាំងជាងប្រសិទ្ធភាពវ៉ាក់សាំងដែលកំពុងប្រើប្រាស់សព្វថ្ងៃ។ វីរុសបំប្លែងថ្មីនេះ ត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅឥណ្ឌាក្នុងខែធ្នូ ឆ្នាំ២០២០ តែវាលេចឡើងតាំងខែតុលាមក។
 
បើតាមការបញ្ជាក់របស់លោកស្រី Van Kerkhove គេត្រូវសិក្សាបន្ថែមទៀតលើប្រភេទវីរុសនេះ និងខ្សែស្រឡាយ៣ប្រភេទទៀតរបស់វាផងដែរ។
 
វីរុសទម្រង់នេះ ត្រូវបានជឿថា នៅពីក្រោយការឆ្លងនិងការស្លាប់ដ៏ច្រើននៅឥណ្ឌា។ ជាបីសប្ដាហ៍ មកហើយ ករណីឆ្លងនៅឥណ្ឌាស បានកើនឡើងជាង៣០ម៉ឺនករណីជារៀងរាល់ថ្ងៃ ខណៈថ្ងៃខ្លះហក់ ឡើងដល់ជាង៤០ម៉ឺនករណីឯណោះ។ ដោយសារការរីករាលដាលធ្ងន់ធ្ងរបែបនេះ រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី កំពុងរងសម្ពាធខ្លាំងឱ្យបិទប្រទេសដើម្បីផ្ដាច់ការឆ្លង។ 
 
សូមបញ្ជាក់ថា វីរុសបំប្លែងថ្មីនៅឥណ្ឌាបានរីករាលដាលដល់ប្រទេសច្រើនជាង១៧ទៅហើយ រួមទាំងនេប៉ាល់ ស្រីលង្កា និងប្រទេសនៅអាស៊ីអាគ្នេយ៍ដូចជាវៀតណាម  ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ីជាដើម។ ប្រទេសជាច្រើនក៏បានបិទជើងហោះហើរពីឥណ្ឌាដែរ ដើម្បីទប់ស្កាត់ការ ឆ្លងកូវីដ-១៩ បំប្លែងខ្លួនថ្មី៕ 
 

Tag:
 ឥណ្ឌា
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com