COVID-19
កីឡាជាតិ
ជាតិ
ការប្រកួត​បាល់ទាត់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ នឹង​វិល​ត្រឡប់មកវិញ នៅ​សប្ដាហ៍នេះ
11, May 2021 , 2:55 pm        
រូបភាព
ដោយ​៖ នី ណា​រិ​ទ្ធ 

​ភ្នំពេញ​៖ ការប្រកួត​ជើងឯក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ២០២១​នេះ នឹង​វិល​ត្រឡប់មកវិញ នៅ​សប្ដាហ៍នេះ ដែលជា​ការប្រកួត​បង្គ្រប់​សប្ដាហ៍​ទី​២ ក្រោយ​មានការ​ពន្យា​ពេល​ដោយសារ​វិបត្តិ​កូ​វីដ​-១៩ ជាង​១​ខែ​មក​។​

 
​ការប្រកួត​ប​ង្ក្រ​ប់​សប្ដាហ៍​ទី​២​នេះ មាន​ក្រុម​ចំនួន​៨ ត្រូវ​ប៉ះគ្នា ដើម្បី​ដណ្ដើម​៣​ពិន្ទុ​។ ក្នុងនោះ ៤​ក្រុម​ដែល​ត្រូវ​ជួបគ្នា​នៅ​ថ្ងៃទី​១៥ ឧសភា មាន​ក្រុម​វិសាខា ត្រូវ​ត​ទាល់​ជាមួយ នគរបាលជាតិ នៅ​កីឡាដ្ឋាន ព្រី​នស៍ វេលា​ម៉ោង ១៥:៣០ រសៀល​។ បច្ចុប្បន្ននេះ វិសាខា ឈរ​នៅ​៩ ដោយមាន​១​ពិន្ទុ ខណៈ នគរបាលជាតិ ឈរ​នៅ​លេខ​១២ ដោយ​មិនទាន់​ទទួលបាន​ជ័យជម្នះ​សោះ​។​
 
​ដោយឡែក​ក្រុម​ណាហ្គា​វើ​លដ៍ ក៏ត្រូវ​ជួប កងយោធពល​ខេ​ម​ភូមិន្ទ នៅ​កីឡាដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាក ដែរ​។ ក្រុម​ទាំងពីរ​នេះ មាន​ពិន្ទុ​ខុសគ្នា​តែ​១ប៉ុណ្ណោះ គឺ ណាហ្គា​វើ​ល​ដ៏ ឈរ​លេខ​រៀង​ទី​៦ ដោយមាន​៦​ពិន្ទុ ក្រោយ​លេង​បាន៣​ប្រកួត ហើយ​ឈ្នះ​២ និង​ចាញ់​១​ប្រកួត​។ ចំណែក កងយោធពល​ខេ​ម​ភូមិន្ទ ដែល​លេង​បាន​៤​ប្រកួត​នោះ ឈ្នះ​២ ចាញ់​១ និង​ស្មើ​១ កំពុងមាន​៤​ពិន្ទុ​ក្នុង​ដៃ ឈរ​នៅ​លេខ​៤​។​
 
​រីឯ​ការប្រកួត​នៅ​ថ្ងៃទី​១៦ ឧសភា​វិញ ក៏មាន​៤​ក្រុម​ត្រូវ​ជួបគ្នា​ដែរ​។ ក្នុងនោះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ដែល​ឈរ​លេខ​៧ ក្រោយ​ប្រកួត​ឈ្នះ​១ និង​ចាញ់​៣​ប្រកួត​នោះ ត្រូវ​ទទួលភ្ញៀវ បឹងកេត នៅ​កីឡាដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាក នា​ម៉ោង ១៥:៣០ រសៀល​។ បច្ចុប្បន្ន​ក្រុម​បឹងកេត ឈ្នះ​នៅ​លេខ​១១ ក្រោយ​ប្រកួត​២​ដង ហើយ​មិនទាន់​ទទួលបាន​ជ័យជម្នះ​។​
 
​ការប្រកួត​នៅ​ម៉ោង​ដំណាលគ្នា​នោះ ក៏មាន​១​គូ​ទៀត គឺ ព្រៃវែង ត្រូវ​ទទួលភ្ញៀវ សូល​ទី​ឡូ​អង្គរ នៅ​កីឡាដ្ឋាន ខេត្តព្រៃវែង ផងដែរ​។ សូល​ទី​ឡូ​អង្គរ ដែល​បាន​ប្រកួត​២​លើក​មកនេះ មិនទាន់​ទទួលស្គាល់ថា​ឈ្នះ​នៅឡើយ​ទេ ខណៈ​ព្រៃវែង ឈរ​លេខ​១០ ក្រោយ​ប្រកួត​បាន​២​លើក ចាញ់​១ និង​ស្មើ​១ មាន​១​ពិន្ទុ​ក្នុង​ដៃ​។​
 
​ការប្រកួត​ជើងឯក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ២០២១​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ មីនា ២០២១ ដល់​ថ្ងៃទី​២ តុលា ២០២១​។ ការប្រកួត​នេះ បាន​ដំណើរការ​តែ​៤​សប្ដាហ៍​ហើយ​។ ក្នុងនោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​១ មាន​១០​ពិន្ទុ ក្រោយ​ប្រកួត​ឈ្នះ​៣​លើក ស្មើ​១ ដែល​តាម​ពីក្រោយ​ដោយ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន ដែលមាន​៩​ពិន្ទុ ក្រោយ​ឈ្នះ​៣​ប្រកួត​ដូចគ្នា​៕
 

Tag:
 កីឡា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com