អន្តរជាតិ
អាមេរិក អនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer សម្រាប់ក្មេងអាយុពី១២ឆ្នាំដល់១៥ឆ្នាំ
11, May 2021 , 3:06 pm        
រូបភាព
ដបមួយ ដែលត្រូវបានសរសេរថា វ៉ាក់សាំងបង្ការកូវីដ-១៩ ជាមួយនឹងឈ្មោះក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។ រូបភាព៖ AFP
ដបមួយ ដែលត្រូវបានសរសេរថា វ៉ាក់សាំងបង្ការកូវីដ-១៩ ជាមួយនឹងឈ្មោះក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech។ រូបភាព៖ AFP
និយ័តករឱសថអាមេរិក នៅថ្ងៃទី១០ ខែឧសភា បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ឱ្យក្មេងអាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ។ ការចាប់ផ្តើមចាក់វ៉ាក់សាំងលើក្មេងៗ អាចនឹងចាប់ផ្តើមយ៉ាងឆាប់រហ័សបំផុត ចាប់ពីថ្ងៃទី១៣ ខែឧសភា។


ជាលើកដំបូង អាមេរិកអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech សម្រាប់ចាក់ឱ្យក្មេងៗ ដែលមានវ័យពី១២ឆ្នាំ ដល់១៥ឆ្នាំ។ ការចាក់វ៉ាក់សាំងឱ្យក្មេងៗបែបនេះ គឺដើម្បីធានាថា ក្មេងៗទាំងនោះ អាចត្រលប់ទៅសិក្សាវិញ បានដោយសុវត្ថិភាព និងមិនប្រឈមជំងឺឆ្លង។ 
 
បន្ទាប់ពីវ៉ាក់សាំងត្រូវបានអនុញ្ញាត ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែឧសភា ដើម្បីសាទរអាជ្ញាធរអាមេរិក ដែលអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាប្រាប់អាណាព្យាបាលឱ្យយកកូនៗ មកចាក់វ៉ាក់សាំង។ 
 
«ប្រសិនបើអ្នកជាឪពុកម្តាយ ដែលចង់ការពារកូន ឬយុវជន ដែលមានបំណងចង់ចាក់វ៉ាក់សាំង ថ្ងៃនេះ គឺជាការសម្រេចចិត្ត ដែលខិតទៅជិតគោលដៅរបស់អ្នកហើយ»។ លោក បៃឌិន បានលើកឡើងបែបនេះ។ 
 
ការចាក់វ៉ាក់សាំងលើក្មេងដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៥ឆ្នាំនេះ អាចចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែឧសភាខាងមុខ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយកមជ្ឈមណ្ឌលវាយតម្លៃជីវសាស្រ្ត នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក លោក Peter Marks បានបញ្ជាក់ថា​ រដ្ឋផ្សេងៗ ទំនងជាអាចចាប់ផ្តើមការចាក់វ៉ាក់សាំងសម្រាប់ក្មេងៗ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ ១៥ឆ្នាំ បន្ទាប់ពីគណៈកម្មការទីប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក ពិចារណាលើការចែកចាយវ៉ាក់សាំង នៅថ្ងៃទី១២ ខែឧសភា។ 
 
នៅក្នុងខែមីនាកន្លងមក ក្រុមហ៊ុន Pfizer ធ្លាប់បានអះអាងថា វ៉ាក់សាំងខ្លួន មានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់ក្មេងអាយុ១២ ឆ្នាំដល់ ១៥ឆ្នាំដែរ។ តាមការសាកល្បងលើក្មេងៗចំនួន ២២៦០នាក់ ក្រុមហ៊ុនPfizer បានបង្ហាញថា វ៉ាក់សាំងខ្លួនមានប្រសិទ្ធភាពរហូតដល់ ១០០ភាគរយ ក្នុងការការពារមិនឱ្យធ្លាក់ខ្លួនឈឺ។ 
 
កន្លងមក ក្រុមមនុស្សពេញវ័យដែលមានអាយុចាប់ពី១៦ឆ្នាំឡើង ត្រូវបានអាមេរិកអនុញ្ញាតឱ្យចាក់វ៉ាក់សាំងរួចហើយ។ នៅសប្តាហ៍មុន ក្រុមហ៊ុន Pfizer ក៏បានដាក់ពាក្យស្នើសុំ ចំពោះការអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញតែម្ដងសម្រាប់មនុស្សពេញវ័យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ក្រៅពីក្មេងៗខាងលើ ក្រុមហ៊ុនPfizer ក៏បានស្រាវជ្រាវលើវ៉ាក់សាំងសម្រាប់ក្មេង ដែលមានអាយុចាប់ពី ២ឆ្នាំ ដល់ ១១ឆ្នាំផងដែរ។ ក្រុមហ៊ុនរំពឹងថា លទ្ធផលសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងអាចនឹងមាននៅក្នុងខែកញ្ញាខាងមុខ។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ អាមេរិក បានចាកវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ១ដូស ឱ្យប្រជាជនខ្លួន បានចំនួនប្រមាណ ៤៦ភាគរយ នៃប្រជាជនសរុបហើយ៕
 

Tag:
 អាមេរិក
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com