ជាតិ
សង្គមជាតិ
របាយការណ៍៖ ២៥១ករណីថ្មីនៅភ្នំពេញ ភាគច្រើននៅខណ្ឌឬស្សីកែវ ពោធិ៍សែនជ័យ និងទួលគោក
11, May 2021 , 4:54 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញតែងតែចេញនូវសេចក្តីជូនដំណឹងបង្ហាញអំពីអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ-១៩ ក្រោយពីក្រសួងសុខាភិបាលគ្រាន់តែចេញជាតួលេខអ្នកឆ្លងជំងឺកូវីដ-១៩។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ អ្នកជំងឺថ្មីចំនួន២៥១ដែលរកឃើញនៅរាជធានីភ្នំពេញនៅថ្ងៃនេះ ភាគច្រើនជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ ពោធិ៍សែនជ័យ និងទួលគោក។

 
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ខណ្ឌដែលរកឃើញអ្នកជំងឺកូវីដ-១៩ច្រើនជាងគេក្នុងរបាយការណ៍នាថ្ងៃនេះ មានខណ្ឌឬស្សីកែវចំនួន ៣៩នាក់,ខណ្ឌពោធិ៍សែនជ័យចំនួន៣៦នាក់, ខណ្ឌទូលគោកចំនួន៣០នាក់,ខណ្ឌមានជ័យចំនួន២៦នាក់,ខណ្ឌច្បារអំពៅចំនួន២៥នាក់,ខណ្ឌសែនសុខចំនួន២១នាក់,ខណ្ឌដង្កោចំនួន១៦នាក់,ខណ្ឌជ្រោយចង្វារចំនួន៩នាក់,ខណ្ឌដូនពេញ និងខណ្ឌចំការមនចំនួន៨នាក់ដូចគ្នា រួមទាំងអ្នកជំងឺជាច្រើនទៀតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 
 
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ដែលរកឃើញនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ គឺមានមន្ត្រីនគរបាល, មន្ត្រីសុខាភិបាល, កម្មកររោងចក្រ,ជាងសំណង់, អ្នកលក់ដូរ,បុគ្គលតាមក្រុមហ៊ុនឯកជន, ក្រុមហ៊ុនស៊ីនទ្រី, គ្រូបង្រៀន,សិស្ស អ្នករត់ម៉ូតូឌុប និងអ្នកជួសជុសម៉ូតូ និងរថយន្ត។ 
 
 
 
បើតាមរបាយការណ៍ដែលចេញផ្សាយដោយអនុគណៈស្រាវជ្រាវជំងឺកូវីដ-១៩ បានបង្ហាញថា ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដែលជំងឺកូវីដ-១៩ឆ្លងរាលដាលចូលក្នុងភូមិសាស្ត្រច្រើនជាងគេគឺ ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌឬស្សីកែវ។ ខណ្ឌទាំង៤នេះ មានសង្កាត់ដល់ទៅ៤ដូចគ្នាដែលរាលដាលជំងឺកូវីដ-១៩។ 
 
សម្រាប់ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌបឹងកេងកង ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ មានសង្កាត់៣ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩។ ចំពោះខណ្ឌចំការមន និងខណ្ឌដង្កោ មាន២សង្កាត់ដូចគ្នាដែលឆ្លង។ ចំណែកខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា មានតែមួយសង្កាត់ប៉ុណ្ណោះ។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ មានចំនួនសរុប ២០,២២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨,១៧០០នាក់ ខណៈអ្នកស្លាប់កើនដល់ចំនួន ១៣១នាក់៕
 

Tag:
 ជំងឺកូវីដ-១៩
 ពលរដ្ឋ
 ភូមិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com