COVID-19
ជាតិ
កូវីដ-១៩៖ត្បូងឃ្មុំ៨នាក់,កំពង់ធំ៦នាក់,ព្រៃវែង៤នាក់,កោះកុង១នាក់ ភាគច្រើនជាអ្នកទៅពីភ្នំពេញ
11, May 2021 , 5:59 pm        
រូបភាព
អាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មេរោគនៅចំណុចផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំចិនត្បូង ស្រុកស្ទោង។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
អាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មេរោគនៅចំណុចផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំចិនត្បូង ស្រុកស្ទោង។ រូបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញមនុស្ស ៨នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះមានទារិកាវ័យ៩ខែម្នាក់ផង។ ដោយឡែកខេត្តព្រៃវែង ក៏រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៤ករណីដែរ ខណៈខេត្តកំពង់ធំ មាន៦ករណី។ ចំណែកខេត្តកោះកុង មាន១ករណី។ បើតាមរបាយការណ៍លម្អិតរបស់រដ្ឋបាលខេត្តនីមួយៗ អ្នកមានវិជ្ជមានកូវីដ-១៩ទាំងនេះ ភាគច្រើនជាពលរដ្ឋដែលទើបធ្វើដំណើរពីរាជធានីភ្នំពេញ ,ខេត្តព្រះសីហនុ ខណៈករណីនៅកោះកុងជាពលរដ្ឋដែលទើបធ្វើដំណើរពីស្រុកបាធាយ ខេត្តកំពង់ចាម។ ក្រៅពីនេះ គឺជាធ្លាប់មានពាក់ព័ន្ធនឹងករណីវិជ្ជមាននៅក្នុងមូលដ្ឋានកន្លងមក។ គួរកត់សម្គាល់ថា ករណីឆ្លងនៅតាមខេត្ត ចាប់កើតឡើងបន្ទាប់ពីរដ្ឋាភិបាល បញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។   

 
រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសថាបានរកឃើញមនុស្សចំនួន ៨នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ឧសភា ដោយក្នុងនោះមានទារិការអាយុ៩ខែម្នាក់ផង។ តាមរដ្ឋបាលខេត្តត្បូងឃ្មុំក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨នាក់នេះ មាន៦នាក់ជាពលរដ្ឋរស់នៅឃុំប៉ើស២ ស្រុកក្រូចឆ្មារ និង២នាក់ទៀត ទើបតែធ្វើដំណើរពីរាជធានីភ្នំពេញ។ 
 
ពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩ លើពលរដ្ឋដែលទើបចាកចេញពីរាជធានីភ្នំពេញនេះដែរ ខេត្តព្រៃវែង ក៏បានរកឃើញមនុស្ស៤នាក់ដែរ មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ឧសភា។ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងនៅទំព័រហ្វេសប៊ុក  អ្នកវិជ្ជមានទាំង៤នាក់នេះមាន ប្រុស២នាក់ និងស្រី២នាក់ ហើយពួកគេមានអាសយដ្ឋាននៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច។ 
 
ដោយឡែករដ្ឋបាលខេត្តកំពង់ធំ ក៏បានប្រកាសរកឃើញមនុស្ស ៦នាក់បន្ថែមទៀតដែរ មានវិជ្ជមានកូវីដ-១៩ ដោយក្នុងនោះមានពលរដ្ឋ២នាក់ ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ, ២នាក់ទៀតជាអ្នកទើបធ្វើដំណើរពីខេត្តព្រះសីហនុ និង២នាក់ រស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនស្រាប់។
 
ខេត្តកោះកុង ក៏មាន១ករណីថ្មីដែរ លើបុរសវ័យ៤២ឆ្នាំ ដែលមានអាសយដ្ឋាននៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បុរសរូបនេះ បានធ្វើដំណើរពីភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាតំបន់កំពុងមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ដែរនោះ។
 
បើតាមរបាយការណ៍របស់ក្រសួងសុភិបាល នៅថ្ងៃទី១១ឧសភានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២០ ២២៣នាក់ ដោយករណីនាំចូលមាន៥៨៨ករណី។ ចំណែកអ្នកជាសះស្បើយ ៨ ១៧០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣១នាក់៕
 

Tag:
 ត្បូងឃ្មុំ
  កំពង់ធំ
 ព្រៃវែង
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com