COVID-19
អន្តរជាតិ
ប្រទេសអាស៊ាន៦ មានកូវីដ-១៩ បំប្លែងខ្លួនមកពីឥណ្ឌា
11, May 2021 , 6:29 pm        
រូបភាព
រូបភាព៖ Istock
រូបភាព៖ Istock
ចុងឆ្នាំ២០២០ ឥណ្ឌាបានប្រកាសរកឃើញ វីរុសបង្កជាជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី B.1.617 នៅក្នុងរដ្ឋ Maharashtra។ ប៉ុន្មានខែមកនេះ ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីល្បីខាងឆ្លងរហ័ស ចម្លងលឿន និងអាចគេចពីប្រព័ន្ធការពារផងនោះ រាលដាលដល់ប្រទេសជិត២០ផ្សេងទៀត។ នៅអាស៊ាន ប្រទេសចំនួន៦ រាយការណ៍ពីវត្តមានវីរុសថ្មី។

 
 
តើប្រទេសអាស៊ីអាគ្នេយ៍ណាខ្លះ បានប្រកាសរកឃើញកូរ៉ូណាវីរុស ដែលបំប្លែងខ្លួនថ្មីនៅឥណ្ឌា? 
 
១. វៀតណាម 
 
វៀតណាម នៅថ្ងៃទី៣០ ខែមេសា កន្លងទៅ បានប្រកាសរកឃើញជាលើកដំបូង កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីចំនួន៥នាក់ ដោយ ៤នាក់ជាក្រុមអ្នកជំនាញឥណ្ឌា ដែលដាក់ចត្តាឡីស័កនៅសណ្ឋាគារមួយ ក្នុងខេត្ត Yen Bai ដែលស្ថិតនៅភាគខាងជើង និងអ្នកទទួលភ្ញៀវជនជាតិវៀតណាមម្នាក់។ អ្នកជំនាញឥណ្ឌាទាំងនោះ បានដាក់ចត្តាឡីស័កតាំងពីថ្ងៃទី១៨ ខែមេសាមក។ ប៉ុន្មានថ្ងៃបន្ទាប់ វៀតណាម ក៏បានប្រកាសរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនរបស់ឥណ្ឌាជាច្រើនករណីទៀតផងដែរ។ 
 
២. ថៃ 
 
ថៃ នៅថ្ងៃទី១០ ខែឧសភា ប្រកាសរកឃើញវីរុសបំប្លែងខ្លួនប្រភេទ B.1.617   ជាលើកដំបូងលើស្រ្តីមានផ្ទៃពោះម្នាក់ និងកូនប្រុស ដែលត្រលប់មកពីប៉ាគីស្ថាន។
 
៣. ឥណ្ឌូណេស៊ី
 
ឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែឧសភា បានអះអាងថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដែលមានវត្តមានដំបូងនៅឥណ្ឌាយ៉ាងហោចណាស់ ១០ករណី។ តាមការអះអាងរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី វីរុសបំប្លែងខ្លួនថ្មីនេះ បានចូលមកឥណ្ឌាតាំងពីខែមករាមកម្លេះ ដែលកាលនោះ វាបានកើតលើពលករចំណាកស្រុកម្នាក់ នៅកោះសូម៉ាត្រាភាគខាងជើង ដែលត្រលប់មកពីម៉ាឡេស៊ី។ លើកោះសូម៉ាត្រាខាងត្បូង តំបន់កាលីម៉ាន់តាន់ និងទីក្រុងហ្សាការតា សុទ្ធមានករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ។ 
 
៤. ម៉ាឡេស៊ី 
 
ម៉ាឡេស៊ី នៅថ្ងៃទី២ ខែឧសភា ក៏បានប្រកាសពីវត្តមានវីរុសបំប្លែងខ្លួនថ្មីប្រភេទ B.1.617ជាលើកដំបូងផងដែរ។ ការប្រកាសរកឃើញនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីម៉ាឡេស៊ី បានផ្អាកជើងហោះហើរជាមួយឥណ្ឌា។ 
 
៥. សិង្ហបុរី
 
សិង្ហបុរី រាយការណ៍ពីការរកឃើញវីរុសបំប្លែងខ្លួននៅឥណ្ឌាតាំងពីដើមខែកុម្ភៈមកម្លេះ។
 
៦. ហ្វីលីពីន
 
ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃទី១១ ខែឧសភា បានប្រកាសរកឃើញវីរុសបំប្លែងខ្លួនថ្មីមកពីឥណ្ឌាចំនួនពីរករណីដំបូង។ អ្នកជំងឺទាំងរូបនោះ គឺជាជនជាតិហ្វីលីពីន ដែលត្រលប់មកពីអេមីរ៉ាតអារ៉ាប់រួម និងអូម៉ង់នៅខែមេសា។ ពេលនេះ អ្នកទាំងពីររូបនេះ បានជាសះស្បើយហើយ។
 
មកទល់ពេលនេះ មានតែកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងព្រុយណេប៉ុណ្ណោះ ដែលមិនទាន់ប្រកាសរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួន B.1.617។ ក្រៅពីតំបន់អាស៊ីអាគ្នេយ៍ ចក្រភពអង់គ្លេស អាមេរិក បង់ក្លាដែស ស្រីលង្កា កេនយ៉ា អ៊ូហ្កង់ដា និងបណ្តាប្រទេសផ្សេងទៀត ក៏បានរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនប្រភេទនេះដែរ។ 
 
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) នៅថ្ងៃទី១០ ខែឧសភា បានប្រកាសប្តូរចំណាត់ថ្នាក់របស់កូរ៉ូណាវីរុស ដែលបំប្លែងខ្លួននៅឥណ្ឌា B.1.617 ពីចំណាត់ថ្នាក់ Variant of Interest ទៅជាចំណាត់ថ្នាក់មួយទៀតដែលធ្ងន់ជាងមុន គឺVariant of Concern៕ 
 

Tag:
 ឥណ្ឌា
  អាស៊ាន
  កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com