អន្តរជាតិ
មនុស្សជាង៣០នាក់ស្លាប់ ដោយសារការប៉ះទង្គិចរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់
12, May 2021 , 11:29 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស៊្ទីនពីតំបន់កាហ្សា(Gaza)ទៅវិញទៅមក នៅថ្ងៃទី១១ ខែឧសភា បានបង្កឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣៥នាក់។ ការប៉ះទង្គិចនេះ ត្រូវបានប្រេសិតអង្គការសហប្រជាជាតិ (UN) ព្រមានថា អាចនឹងវិវឌ្ឍទៅជាសង្រ្គាមទ្រង់ទ្រាយធំ។

 
ប៉ូលិសបង្រ្កាបបាតុកម្មអ៊ីស្រាអែល បានប៉ះគ្នាជាមួយជនជាតិប៉ាឡេស្ទីន នៅបរិវេនអាគារព្រះវិហារAl-Aqsa ក្នុងទីក្រុងហ៊េ្សរុសាឡិម ដែលពេលនោះមានអ្នករបួសទាំងសងខាងនៅសប្តាហ៍មុន។ ការប៉ះទង្គិចគ្នានៅតែបន្តកើតឡើង ដែលបង្កឲ្យមានអ្នករបួសជាច្រើនរយអ្នក នៅថ្ងៃទី១០ ខែឧសភា។ បញ្ហានេះ បានធ្វើឱ្យក្រុមយុទ្ធជនប៉ាឡេស្ទីន Hamas ដែលមានវត្តមាននៅតំបន់កាហ្សា ព្រមានអ៊ីស្រាអែល ឲ្យដកកម្លាំងប៉ូលិសចេញពីព្រះវិហារ Al-Aqsa។ 
 
បន្ទាប់ការព្រមានខាងលើ ក្រុមហាម៉ាស់ បានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងដីអ៊ីស្រាអែលនៅយប់ថ្ងៃដដែលនោះ។ នៅព្រឹកថ្ងៃ១១ ខែឧសភា ក្រុមហាម៉ាស់នៅតំបន់កាហ្សា បានបន្តប៉ាញ់គ្រាប់រ៉ុក្កែតច្រើនជាង ២០០គ្រាប់ ទៅក្នុងដីអ៊ីស្រាអែលដដែល ដោយ៦គ្រាប់ បានសំដៅទៅទីក្រុងហ៊េ្សរុសាឡិម។ 
 
ជាការឆ្លើយតប អ៊ីស្រាអែល ក៏បានវាយប្រហារតាមផ្លូវអាកាសនៅក្នុងតំបន់កាស្សា នៅយប់ថ្ងៃទី១១ ខែឧសភា លើកន្លែងក្រុមហាម៉ាស់។ ការវាយប្រហារសងសឹកគ្នា បានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ព្រឹកថ្ងៃទី១២ ខែឧសភា។ 
 
ការបាញ់ប្រហារនេះ បានបំផ្លាញអាគារជាច្រើនខ្នងនៅក្នុងតំបន់កាស្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ស្របពេលប្រជាជននៅក្នុងតំបន់នោះចំនួន ៣៥នាក់ បានបាត់បង់ជីវិត។ ចំណែកអ៊ីស្រាអែលវិញ មានប្រជាជនស្លាប់ចំនួន ៣នាក់ ដោយសារការវាយប្រហារពីក្រុមហាម៉ាស់។ 
 
ការវាយប្រហារនេះ ដែលមានលក្ខណៈទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ២០១៤ មក បានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំងទៅកាន់សហគមន៍អន្តរជាតិ។ សរសេរលើបណ្តាញសង្គម Twitter លោក Tor Wennesland ប្រេសិតសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអំពាវនាវភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់ បញ្ឈប់ការវាយប្រហារតាមផ្លូវអាកាស ព្រោះវាអាចឈានទៅដល់សង្រ្គាមទ្រង់ទ្រាយធំ។ 
 
«ផលវិបាកនៃសង្រ្គាម ក្នុងតំបន់កាហ្សា កំពុងតែបំផ្លិចបំផ្លាញ និងដាក់ទោសប្រជាជនសាមញ្ញ»។ ប្រេសិតសន្តិភាពអង្គការសហប្រជាជាតិ បានលើកឡើងបែបនេះ ដោយបន្ថែមថា អង្គការសហប្រជាជាតិ កំពុងធ្វើការជាមួយភាគីទាំងអស់ ដើម្បីបង្កើតភាពស្ងប់ស្ងាត់ឡើងវិញ ហើយក្រុមទាំងពីរ ត្រូវបញ្ឈប់ការសងសឹកគ្នាក្នុងពេលឥឡូវនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សូមបញ្ជាក់ថា ទោះមានការអំពាវនាវពីប្រេសិតរបស់អង្គការសហប្រជាជាតិ ភាគីទាំងពីរ នៅតែបន្តវាយប្រហារគ្នាតាមផ្លូវអាកាស នៅព្រឹកថ្ងៃទី១២ ខែឧសភាដដែល។ អ៊ីស្រាអែលនៅតែបន្តបាញ់ប្រហារមកតំបន់កាហ្សា ខណៈពេលក្រុមយុទ្ធជនហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែត សំដៅក្រុង Tel Aviv និងតំបន់ Beersheba៕
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com