ជាតិ
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧សភា ប្រគល់កញ្ចប់អំណោយដល់សាស្ត្រាចារ្យសិល្បៈ និងសិល្បករ ៣៦៨នាក់
12, May 2021 , 1:29 pm        
រូបភាព
កញ្ចប់អំណោយដែលរួមមាន សម្ភារអនាម័យ គ្រឿងបរិភោគ ម៉ាស់ និងថវិកាមួយចំនួនផង ត្រូវបាន លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ប្រគល់ជូនដល់សាស្ត្រាចារ្យសិល្បៈ និងសិល្បករ សិល្បការិនី សរុប៣៦៨នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការប្រគល់កញ្ចប់អំណោយ នេះ ធ្វើឡើងនាឱកាសដែលលោកបានដឹកនាំប្រតិភូគណៈកម្មការទី៧រដ្ឋសភា ជួបសួរសុខទុក្ខ ស្ត្រាចារ្យសិល្បៈ និងសិល្បករ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ។

 
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃទី១២ ខែឧសភានេះ បានដឹកនាំសហការី ជួបសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ដែលជាសាស្ត្រាចារ្យសិល្បៈបុរាណ និងសិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
 


នៅក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់លោកគ្រូ អ្នកគ្រូ ក្នុងការបង្ហាត់បង្រៀន និងកិច្ចការរៀបចំ ចងក្រងឯកសារសិល្បៈបុរាណ សម្រាប់ទុកជាមរតក ចំណេះជំនាញបន្តដល់កូនចៅជំនាន់ក្រោយ ជាពិសេសសិល្បករ សិល្បការីនី។ ប្រធានគណៈកម្មការទី៧រដ្ឋសភារូបនេះ ក៏បានអះអាងពីការបន្តសហការ និងគាំទ្រក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើការងារជំរុញលើកកម្ពស់ស្មារតី ឆន្ទៈ និងទឹកចិត្តយុវជនឱ្យស្រលាញ់ និងការពារសិល្បៈវប្បធម៌ខ្មែរ ឱ្យបានគង់វង្សជានិរន្តរ៍។
 
ប្រធានគណៈកម្មការទី៧រូបនេះ ក៏បានប្រគល់កញ្ចប់អំណោយជាសម្ភារអនាម័យ គ្រឿងបរិភោគ ម៉ាស់ និងថវិកា ជូនដល់សាស្ត្រាចារ្យសិល្បៈ សិល្បករ សិល្បការិនី ដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី និងសិល្បករ សិល្បការិនីផ្សេងទៀត សរុបចំនួន ៣៦៨នាក់។ ទន្ទឹមនឹងនេះ សាស្ត្រាចារ្យសិល្បៈ សិល្បករ សិល្បការិនី អនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការ«៣កុំ ៣ការពារ»របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕
 















© រក្សាសិទ្ធិដោយ thmeythmey.com