COVID-19
ជាតិ
សៀមរាប ត្បូងឃ្មុំ កំពង់ចាម កំពង់ស្ពឺ ស្វាយរៀង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ភាគច្រើនជាអ្នកទៅពីភ្នំពេញ
12, May 2021 , 1:59 pm        
រូបភាព
ក្រុមគ្រូពេទ្យកំពុងយកសំណាកពលរដ្ឋក្នុងខេត្តស្វាយរៀងតេស្តរកជំងឺកូវីដ-១៩ (រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង)
ក្រុមគ្រូពេទ្យកំពុងយកសំណាកពលរដ្ឋក្នុងខេត្តស្វាយរៀងតេស្តរកជំងឺកូវីដ-១៩ (រូបភាពពីរដ្ឋបាលខេត្តស្វាយរៀង)
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានរកឃើញមនុស្សចំនួន ១៦នាក់ទៀតមានវិជ្ជមានកូវីដ-១៩។ ចំណែកខេត្តកំពង់ស្ពឺ ក៏រកឃើញករណីវិជ្ជមានកូវីដ-១៩ បន្ថែមចំនួន ៩នាក់ទៀត ខណៈខេត្តត្បូងឃ្មុំរកឃើញមនុស្សចំនួន ៨នាក់វិជ្ជមានកូវីដ-១៩។ រីឯខេត្តសៀមរាបឯណោះវិញ រកឃើញអ្នកកើតកូវីដ-១៩ មួយករណីបន្ថែម។ បើតាមរបាយការណ៍របស់ខេត្តនីមួយៗ អ្នកឆ្លងកូវីដ-១៩នេះ មានពាក់កណ្ដាលជាអ្នកទៅពីភ្នំពេញ ពាក់កណ្ដាលជាករណីឆ្លងក្នុងមូលដ្ឋាន និងមួយចំនួនជាពលករទើបត្រឡប់ពីប្រទេសថៃ។

 
រដ្ឋបាលខេត្តស្វាយរៀង បានរកឃើញមនុស្សចំនួន ១៦នាក់ទៀត មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា។ ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំងនោះមាន ៦នាក់ជាអ្នកទៅពីភ្នំពេញ ៥នាក់អ្នកទើបត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែនខេត្តបន្ទាយមានជ័យ និង៥នាក់ជាអ្នកឆ្លងក្នុងមូលដ្ឋាន។ 
 
បើតាមការប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀង អ្នកជំងឺកូវីដ-១៩ ទាំង១៦នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំចំនួន ៤នាក់ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ចំនួន ១២នាក់។ រដ្ឋបាលខេត្តកំពុងស្រាវជ្រាវបន្តរកអ្នកធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំង១៦នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
 
ដោយឡែករដ្ឋបាលខេត្តកំពង់ស្ពឺ បានរកឃើញមនុស្ស ៩នាក់បន្ថែម ដែលបានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា ជាករណីឆ្លងក្នុងសហគមន៍។ ក្នុងនោះមានពលរដ្ឋដែលរស់នៅក្នុងស្រុកភ្នំស្រួចចំនួន៤នាក់,ស្រុកឧដុង្គ២នាក់,ស្រុកថ្ពង២នាក់ និងស្រុកគងពិសី១នាក់។ ហើយរដ្ឋបាលខេត្តកំពុងស្រាវជ្រាវរកដែលពាក់ព័ន្ធករណីនេះបន្ថែម។
 
រដ្ឋបាលខេត្តត្បូងឃ្មុំ ឯណោះវិញ ក៏បានរកឃើញមនុស្សចំនួន ៧នាក់បន្ថែម រួមនឹងទារិកាអាយុ ៩ខែម្នាក់ផង មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ អ្នកមានវិជ្ជមានវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់ រស់នៅភូមិដីដុះ និងភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាករណីឆ្លងក្នុងសហគមន៍ និង ២នាក់ជាករណីឆ្លងពីភ្នំពេញ។
 
ខេត្តកំពង់ចាម បានរកឃើញមនុស្សចំនួន ៥នាក់ទៀតដែរ ដែលមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា។ ក្នុងនោះអ្នកស្រុកកងមាស ចំនួន៤នាក់ និងស្រ្តីខ្មែរឥស្លាមម្នាក់ដែលទៅពីភ្នំពេញ។ រដ្ឋបាលខេត្តបានបញ្ជូនអ្នកជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកំពុងស្រាវជ្រាវបន្ថែមរកអ្នកដែលមានប្រាស្រ័យទាក់ទងនឹងអ្នកជំងឺ។
 
រដ្ឋបាលខេត្តសៀមរាប ក៏បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ម្នាក់ទៀតដែរនៅថ្ងៃទី១១ ខែឧសភា ដែលបានទៅពីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា ជាការយកសំណាកធ្វើតេស្តលើកទី២។ យុវតីវ័យ ២៧ឆ្នាំរូបនេះ មានទីលំនៅភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
 
បើតាមរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៧៦នាក់ អ្នកជាសះស្បើយ ២០នាក់។ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបសរុបចំនួន ៥៥នាក់ ខណៈអ្នកស្លាប់ចំនួន ១នាក់។
 
បើតាមរបាយការណ៍របស់ក្រសួងសុភិបាល នៅថ្ងៃទី១១ឧសភា ម្សិលមិញ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២០ ២២៣នាក់ ដោយករណីនាំចូលមាន៥៨៨ករណី។ ចំណែកអ្នកជាសះស្បើយ ៨ ១៧០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣១នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com