ជាតិ
សង្គមជាតិ
អាជ្ញាធរបញ្ជូនបុរសដែលដុតផ្ទះសម្លាប់ប្រពន្ធ និងកូន៤នាក់ទៅតុលាការ
× ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង បាននាំខ្លួនបុរសម្នាក់ទៅតុលាការ ក្រោយបានដុតផ្ទះ សម្លាប់ក្រុមគ្រួសារខ្លួន៥នាក់ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។ នេះបើតាម លោក ខូវ លី ស្នងការនរគបាលខេត្តកំពង់ឆ្នាំង ដែលប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ។
លោក ខូវ លី បានបញ្ជាក់ថា ក្នុងហេតុការណ៍ឆេះផ្ទះនេះបណ្តាលឲ្យប្រពន្ធ និងកូន៤នាក់ស្លាប់ ប៉ុន្តែបុរសជាស្វាមីមិនស្លាប់ឡើយ ដែលជាមូលហេតុនាំឲ្យអាជ្ញាធរមានការសង្ស័យ ក៏បន្តស្រាវជ្រាវពីហេតុការណ៍នេះ រហូតឈានដល់ការឃាត់ខ្លួនជនល្មើស។
លោក ខូវ លី បានរៀបរាប់ដូច្នេះថា៖«កាលពីថ្ងៃទី៩ មានករណីភ្លើងឆេះ ខ្ញុំបានឲ្យកងកម្លាំងជំនាញទៅហ៊ុមព័ន្ធដើម្បីស្រាវជ្រាវថាមូលហេតុអ្វីបានជាស្លាប់៥នាក់ តែម្នាក់រត់រួច។ មានការចង្អុលបង្ហាញពីអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យមកនាយកដ្ឋានបច្ចេកទេស និងមានខាងអង្គការCPU ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតរឿងនេះ»។
បើតាមស្នងការនៃស្នងការដ្ឋាននរគបាលខេត្តកំពង់ឆ្នាំង ក្រោយពីអាជ្ញាធរសាកសួរទៅបុរសជាស្វាមីនោះ រូបគេបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះ និងសម្លាប់ក្រុមគ្រួសាររបស់ខ្លួនពិតប្រាកដមែន។ បើតាមលោក ខូវ លី មុនហេតុការណ៍បុរសនោះបានសម្លាប់ប្រពន្ធ និងកូន២នាក់រួចទៅហើយ។
លោក ខូវ លី បានរៀបរាប់ដូច្នេះថា៖«យើងបានយកសពទាំង៥ មកធ្វើកោសល្យវិច្ឆ័យទៅឃើញសព២ ស្លាប់មុនពេលកើតហេតុ(ឆេះផ្ទះ) ដោយបុរសរូបនោះបានចាក់នឹងកន្ត្រៃទៅលើប្រពន្ធ និងកូនតូច។ ហើយកូនតូចមួយទៀត បែបតែស្លន់ស្លោ ក៏ច្របាច់កស្លាប់តទៅទៀតទៅ និងយកពូកយកមកដុតរាំងផ្លូវឲ្យឆេះតែម្តង»។
លោក ខូវ លី បញ្ជាក់ពីមូលហេតុដែលនាំឲ្យបុរសជាស្វាមីដុតសម្លាប់ក្រុមគ្រួសាររបស់ខ្លួន គឺដោយសាររូបគេខឹងប្រពន្ធដែលជេរស្តីខ្លួនរាល់ថ្ងៃ។បច្ចុប្បន្នបុរសរូបនោះត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនិតីវិធីច្បាប់។ បើតាមលោក ខូវ លី បុរសរូបនោះរងពីបទចោទ«ប៉ុនប៉ងធ្វើឃាតមនុស្សដោយចេតនា» ដែលអាចជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com