ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចេះតែឃ្លានឥតឈប់អញ្ចឹង? អាចមកពីកត្តាទាំងនេះ
13, May 2021 , 6:59 am        
រូបភាព
តើមានអ្វីកើតឡើងទៅប្រសិនបើអ្នកចេះតែឃ្លានរហូតមិនឈប់សោះ?  ដំបូងអ្នកត្រូវដឹង ឬយល់ថាតើហេតុអ្វីបានជាអ្នកឃ្លាន ហើយឃ្លានបែបណាជាមុនសិន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលបណ្ដាលឱ្យអ្នកចេះតែឃ្លានមិនឈប់ ៖

 
១. អ្នកទទួលទានកាបូអ៊ីដ្រាតដែលមានជាតិម្សៅៗ
 
ធ្លាប់សម្គាល់ឃើញដែរទេថា នៅពេលអ្នកទទួលទាននំឃុកគី ឬនំដូណាត់ ត្រឹម ១ដុំហាក់ដូចជាមិនគ្រប់គ្រាន់ឱ្យឆ្អែតសោះ ហើយអ្នកមានអារម្មណ៍ចង់ញ៊ាំថែមទៀត? ពិតណាស់វាជាប្រតិកម្មនៃខួរក្បាលឆ្លើយតបនឹងអាហារបែបកាបូអ៊ីដ្រាតដែលមានជាតិម្សៅ។ នំឃុកគី នំស្រួយ និងអាហារផ្អែមៗផ្សេងទៀតអាចបង្កើនកម្រិតនៃគ្លុយកូសក្នុងឈាមដែលងាយស្រកចុះភ្លាមៗក្នុងរយៈពេលខ្លី។ នៅពេលជាតិស្ករក្នុងឈាមឡើងចុះឆាប់រហ័ស វាអាចបណ្ដាលឱ្យអ្នកកាន់តែឃ្លានអាហារផ្អែមខ្លាំងឡើងប្រៀបបាននឹងវដ្ដមួយ។ ដូច្នេះដើម្បីទប់ស្កាត់ហានិភ័យនៃបញ្ហានេះ ចូរព្យាយាមចៀសវាងអាហារកាបូអ៊ីដ្រាតមានជាតិស្ករខ្ពស់។ ចូរព្យាយាមទទួលទានផ្លែប៉ោម គ្រាប់អាល់ម៉ុន គ្រាប់ជី និងគ្រាប់រីករាយជាដើម។
 
២. អ្នកកំពុងស្ថិតក្រោមភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំង
 
នៅពេលជួបប្រទះបញ្ហាតានតឹងក្នុងអារម្មណ៍មនុស្សមួយចំនួនមិនឃ្លានទទួលទានអ្វីឡើយ ខណៈដែលអ្នកខ្លះទៀតឃ្លានទទួលទានអាហារជាច្រើនទប់ទល់នឹងស្ថានភាពនេះ។ ភាពតានតឹងក្នុងអារម្មណ៍អាចបណ្ដាលឱ្យអ័រម៉ូនស្ត្រេស​ cortisol និង adrenaline កើនឡើង។ ជាលទ្ធផលខួរក្បាល​បែរជាចាត់ទុកថារាងកាយកំពុងត្រូវការថាមពលបន្ថែម ដូច្នេះទើបធ្វើឱ្យអ្នកចង់ញ៊ាំអាហារផ្សេងៗខ្លាំងដើម្បីបំពេញភាពឃ្លាន។ ស្ត្រេសក៏បន្ថយកម្រិតនៃសេរ៉ូតូនីនក្នុងខួរក្បាលធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានទាំងដែលការពិតទៅមិនដូច្នេះឡើយ។ ដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រងកម្រិតនៃភាពស្ត្រេសរបស់អ្នក។
 
៣. អ្នកទទួលទានគ្រឿងស្រវឹងច្រើនជ្រុល
 
គ្រឿងស្រវឹងងាយនឹងបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹក។ ពិតណាស់ កង្វះជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ឃ្លាន។
 
៤. ស្រេកទឹក
 
ប្រសិនបើអ្នកទើបនឹងទទួលទានច្រើនឆ្អែតហើយសោះ ស្រាប់តែឃ្លានទៀតនោះអ្នកប្រហែលជាកំពុងស្រេកទឹក។ ទទួលទានទឹកធម្មតា ១ កែវ ហើយរងចាំបន្តិច។ ប្រសិនបើអារម្មណ៍ឃ្លានបាត់ថយចុះនោះមួយស្របក់ទៀតអ្នកនឹងឈប់ឃ្លានតែម្ដង។ ជម្រើសដ៏ប្រសើរបំផុត គឺហ្វឹកហាត់រាងកាយឱ្យទទួលទានទឹកច្រើននៅពេលព្រឹក និងកន្លះម៉ោងមុនរាល់ពេលអាហារ។
 
៥. គេងមិនគ្រប់
 
ជាមួយនឹងការគេងបានស្កប់ពី ៧ ទៅ ៨ ម៉ោង នោះអារម្មណ៍ឃ្លានមិនធ្វើឱ្យអ្នកភ្ញាក់ឡើងកំឡុងពេលយប់ឡើយ។ នៅពេលយប់រាងកាយផលិតអ័រម៉ូនមេឡាតូនីនដែលទទួលខុសត្រូវមិនត្រឹមតែចំពោះដំណើរការប្រក្រតីនៃសរីរាង្គ, គ្រប់គ្រងការឃ្លានប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះរូបរាងផងដែរ។ ដើម្បីទទួលបានភាពស្រស់ស្រាយ និងសម្រស់ស្រស់ស្អាត ចូរព្យាយាមគេងលក់មុនពាក់កណ្ដាលយប់។
 
៦.​​​ ចូលគេងយប់ជ្រៅពេក
 
នោះក៏ព្រោះតែការគេងជះឥទ្ធិពលដល់អ័រម៉ូនគ្រប់គ្រងការឃ្លាន ghrelin និង leptin។
 
៧. រំលងការទទួលទានអាហារសម្រន់
 
មនុស្សភាគច្រើនយល់ថាការទទួលទានច្រើនជាង ៣ ដងក្នុងមួយថ្ងៃ គឺមិនល្អ។ ទោះជាយ៉ាងណាដើម្បីរក្សាបាននូវសុខភាពល្អនិងបញ្ឈប់អារម្មណ៍ឃ្លានមិនឈប់យើងគួរទទួលទានអាហារ ៥ ដងក្នុងមួយថ្ងៃ គឺអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ អាហារពេលល្ងាច និងអាហារសម្រន់តិចតួច ២ ដង។ប៉ុន្តែដើម្បីជាការប្រសើរ អ្នកគួរជ្រើសរើសអាហារសម្រន់អោយបានត្រឹមត្រូវដូចជា គ្រាប់ធញ្ញជាតិ 
និងអាហារបែបសាឡាដ។
 
៨. កង្វះប្រូតេអ៊ីន
 
កុំភ្លេចរួមបញ្ចូលជាតិប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ក៏ព្រោះវាអ្វីដែលធ្វើឱ្យអ្នកមានថាមពល, ស្វាហាប់, រស់រវើក និងឆ្អែតស្កប់ស្កល។ បន្លែ និងផ្លែឈើ គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនគួរមានជាចាំបាច់ក្នុងរបបអាហារ។ ប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនមានដូចជា សាច់គ្មានខ្លាញ់, សាច់មាន់,​ ស៊ុត និងច្រើនទៀត៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com