COVID-19
ជាតិ
សុខភាព
រតនគិរី កំពង់ធំ ឧត្តរមានជ័យ និងបន្ទាយមានជ័យ បន្តរកវិជ្ជមានកូវីដ-១៩ មួយករណីទៀតរៀងៗខ្លួន
12, May 2021 , 6:09 pm        
រូបភាព
រូបតំណាង៖ ក្រុមការងារជំនាញរបស់ក្រសួងសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩នៅបរិវេណផ្សារស្ទោង ខេត្តកំពង់ធំ។
រូបតំណាង៖ ក្រុមការងារជំនាញរបស់ក្រសួងសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩នៅបរិវេណផ្សារស្ទោង ខេត្តកំពង់ធំ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី កំពង់ធំ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ បានប្រកាសរកឃើញនូវអ្នកឆ្លងកូវីដ-១៩ ចំនួន១នាក់ទៀត នៅតាមខេត្តរៀងខ្លួន ប្រចាំថ្ងៃទី១១ឧសភា ឆ្នាំ២០២១។ អ្នកជំងឺកូវីដ-១៩ ទាំងនោះ មានវ័យពី២២ដល់៤០ឆ្នាំ។

 
បើតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តរតនគិរី ករណីទី៣នៃវិជ្ជមានកូវីដ-១៩ កើតឡើងលើបុរស ឈ្មោះ បឿន យុក វ័យ៣៧ឆ្នាំ  ដែលមានអាសយដ្ឋាននៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បុរសដែលបានឆ្លងកូវីដ-១៩នេះ បានត្រលប់មកពីខេត្តកណ្តាលវិញ នៅថ្ងៃទី២៧មេសា ឆ្នាំ២០២១ រហូតដល់ទី៩ឧសភា អ្នកជំងឺកូវីដ-១៩រូបនេះ ក៏មានអាការក្អក ក្តៅខ្លួន និងហៀរសំបោរ ហើយត្រូវបានយកសំណាកធ្វើតេស្តដោយលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ-១៩។ 
 
ក្នុងថ្ងៃជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានរកឃើញវិជ្ជមានកូវីដ-១៩ មួយករណីលើស្តី្រវ័យ៤០ឆ្នាំម្នាក់ ផងដែរ។ ស្រ្តីរស់នៅក្នុងភូមិច្រនៀង ឃុំសំបូរ ស្រុកសំបូរ ដែលបានឆ្លងកូវីដ-១៩នោះ មានឈ្មោះ នួន ឈង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ នាថ្ងៃទី៨ឧសភា។ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការរកឃើញវិជ្ជមានកូវីដ-១៩លើស្ត្រីរូបនេះ គឺស្ថិតនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ 
 
សម្រាប់ខេត្តឧត្តរមានជ័យ ដែលបានរកឃើញអ្នកឆ្លងកូវីដ-១៩ម្នាក់ដែរនោះ គឺជាពលករមកពីប្រទេសថៃ។ ពលករដែលឆ្លងកូវីដ-១៩នោះ ជាស្ត្រីវ័យ២២ឆ្នាំ មានអាសយនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។ បើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ ពលកររូបនេះ បានធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី២ឧសភា ឆ្នាំ២០២១។ 
រីឯវិជ្ជមានកូវីដ-១៩ មួយករណីនៅខេត្តបន្ទាយមានជ័យវិញ គឺកើតឡើងលើបុរសវ័យ៣៩ឆ្នាំ ឈ្មោះ លី តូ ដែលមានអាសយដ្ឋាន នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ 
 
សូមជម្រាបថា ចំពោះករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃទី១១ឧសភា ឆ្នាំ២០២១ ក្រៅពីខេត្តទាំង៤ខាងលើ រាជធានីភ្នំពេញ មានឆ្លងកូវីដ-១៩ រហូតដល់២៧៩នាក់ ខេត្តព្រះសីហនុ មាន២៨នាក់ ស្វាយរៀងមាន១៦នាក់ កំពង់ស្ពឺ៩នាក់  ត្បូងឃ្មុំ៨នាក់ សៀមរាប ១នាក់ និងផ្សេងៗទៀត។
បើតាមក្រសួងសុខាភិបាល កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២០៦៩៥នាក់ហើយ ដោយករណីនាំចូល មាន ៥៩១ករណី។ ចំណែកអ្នកជាសះស្បើយ៨៥៣៩នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com