COVID-19
ជាតិ
ស្រ្តីវិជ្ជមានកូវីដ-១៩ម្នាក់ បានសម្រាលកូនជោគជ័យ នៅខេត្តកំពង់ចាម
12, May 2021 , 6:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
រូបភាពពីហ្វេសប៊ុក មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម
ស្រ្តីវិជ្ជមានកូវីដ-១៩ ម្នាក់ បានសម្រាលកូនប្រុស ដោយជោគជ័យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម នាថ្ងៃទី១១ ខែឧសភា។ នេះបើតាមលោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម ដោយបានបញ្ជាក់ថា នេះជាករណីដំបូងដែលមានស្រ្តីវិជ្ជមានកូវីដ-១៩ បានសម្រាលកូន នៅខេត្តកំពង់ចាម។ 



លោក ឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព័្ទថា ស្រ្តីរូបនេះ បានធ្វើដំណើរមកពីភ្នំពេញកាលពីថ្ងៃទី១០ ឧសភា ព្រោះជិតដល់ថ្ងៃសម្រាល។ ដោយមានការសង្ស័យអាជ្ញាធរ ក៏បានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩ និងបានបញ្ជូនស្រ្ដីរូបនេះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ហើយក៏បានសម្រាលកូនដោយជោគជ័យ នៅថ្ងៃទី១១ ឧសភា ។ 
 
បើតាមនាយរដ្ឋបាលខេត្តកំពង់ចាម លោក ឃន ប្រុស ក្រុមគ្រូពេទ្យបានជួយសម្រាលកូនឱ្យស្រ្តីវិជ្ជមានកូវីដ-១៩នេះ ដោយមិនឲ្យទារកឆ្លងមេរោគពីម្ដាយឡើយ។ «ពេលនេះ ក្រុមគ្រូពេទ្យកំពុងតាមដានសុខភាពម្ដាយ និងទារកបន្តទៀត»។ នេះជាការបញ្ជាក់របស់ លោក ឃន ប្រុស។
 
នេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជាបានសម្រាលកូនឱ្យស្រ្តី វិជ្ជមានកូវីដ-១៩។ កន្លងមក មានទារកចំនួន១០ នាក់ហើយ ដែលបានសម្រាលចេញពីស្រ្តីវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ។ ក្នុងនោះសម្រាលកូនបែបធម្មជាតិ៦នាក់ និងវះកាត់ចំនួន៤នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com