ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផលប៉ះពាល់​នៃ​ការបំពុល​ដោយ​សំឡេង
13, May 2021 , 10:59 pm        
រូបភាព
រូបភាពពី Railly News
រូបភាពពី Railly News
សំឡេង​ត្រូវបាន ក្លាយ​ជា​ផ្នែក​ធម្មជាតិ​មួយ នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ម្នាក់ៗ ។ ប្រភព​នៃ​ការ បំពុល​ដោយសំឡេង មានដូចជា សំឡេង​ចរាចរណ៍​, ​យន្តហោះ​,​ ​រទេះភ្លើង​, ​តន្ត្រី  និង ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ​ជា ដើម​។ ខាងក្រោម​នេះ គឺជា​អំណះអំណាង ដែល​បង្ហាញ​ថា ការបំពុល​ដោយ សំឡេង គឺ​ពិតជា​ជះឥទ្ធិពល​អាក្រក់ ដល់​យើង​ម្នាក់ៗ​មែន ៖

 
១. មាន​ភាព​ពិបាក ក្នុង​ការរៀនសូត្រ​
​ដោយយោង​តាម ការសិក្សា​ស្រាវជ្រាវ នា​ពេល​ចុង​ក្រោយ​នេះ ការបំពុល​ដោយ​សំឡេង បាននាំមុខការបំពុល​នៅក្នុង​ខ្យល់​បរិយាកាស ដោយសារ​តែ​ឥទ្ធិពល​អវិជ្ជមានរបស់​វា ចំពោះ​សុខភាព​របស់យើង​។ ការបំពុល​ដោយ​សំឡេង​នេះ គឺ​ពិតជា​ផ្តល់​ផលអាក្រក់​ទាំង​ចំពោះ មនុស្សពេញវ័យ និង កុមារ​តូចៗ ។ ការសិក្សា​បាន​បង្ហាញថា កុមារ​ដែល​បាន​ប្រឈម​នឹង សំឡេង​រំខាន​ជាប្រចាំ នឹងមាន បញ្ហា ពិបាក​ក្នុង​ការសិក្សា​។ សមត្ថភាព​របស់​ពួកគេ ក្នុង​ការបំពេញ​បាន​នូវ​កាតព្វកិច្ច​ផ្សេងៗ និង ការរៀន​ភាសា នឹង​បាន ជះ​ឥទ្ធិពល​មិន​ល្អ​ជាច្រើន ដោយសារ​តែ​ការបំពុល​ដោយ​សំឡេង​នេះ ។​
 
២. រំខាន​ដល់​ដំណាក់កាល​នៃ​ការ​ដេក​
​ការបំពុល​ដោយ​សំឡេង ក៏​អាច​នឹង​ប៉ះពាល់​ផងដែរ ទៅដល់ ការ​គេង​របស់​អ្នក​។ ប្រសិនបើ​មនុស្ស ម្នាក់ មិន​បាន​ទទួលទាន ដំណេក​អោយបាន​គ្រប់គ្រាន់ និង មាន​សុខភាព​ល្អ នោះ​រាងកាយ​ទាំងស្រុង របស់គេ នឹង​ត្រូវ​រង​នូវ​ផល​អវិជ្ជមាន​ជាខ្លាំង ។​
 
៣. ហ៊ឹង​ត្រចៀក​
​បញ្ហា​មួយ​ផ្សេងទៀត ដែល​បណ្តាល​មកពី ការបំពុល​ដោយ​សំឡេង នោះ​គឺ​ការ​លាន់​ស្នូរ​ហ៊ឹង​ក្នុង​ត្រចៀក ដែល​ជា​សំឡេង ​លាន់លឺ ងូងៗ​នៅក្នុង​ត្រចៀក​។ ដោយសារ​តែ​ការបំពុល​ដោយ​សំឡេង មាន​មនុស្ស ជាច្រើន ចាប់ផ្តើម​លាន់លឺ នៅ​សំឡេង​រំខាន បែបនេះ នៅក្នុង​ត្រ​ចៀ​ក​គេ​ជានិច្ច​។​វា អាច​ជះឥទ្ធិពល អាក្រក់ ទៅដល់​ប្រព័ន្ធ​ប្រសាទ និង សុខភាព​ជា​ទូទៅ​របស់​អ្នក​បាន​។​
 
៤.​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​
​ការ​សិក្សា​ក៏​បាន បង្ហាញ​ទៀត​ផង​ដែរ​ថា ការបំពុល​ដោយ​សំឡេង អាច​នឹង​ធ្វើអោយ​មនុស្ស​ម្នាក់ ឈានទៅ រក​ការវិវត្តន៍ មាន​នូវ​ជំងឺ​លើស​សម្ពាធ​ឈាម និង បញ្ហា​ផ្សេងៗ​របស់​បេះដូង ។  ដូច្នេះ​ការបំពុល ប្រភេទ​នេះ ក៏​អាច​ធ្វើអោយ​មនុស្ស​មួយចំនួន​ស្លាប់​បានដែរ ។​
 
៥. បំផ្លាញ​ដល់​ការចងចាំ​
​ការបំពុល​ដោយ​សំឡេង ក៏​អាច​ជះ​ឥទ្ធិពល​បាន​ផងដែរ ដល់​ការចងចាំ និង សម្តត្ថភាព​នៃ​ញាណ​ដឹង របស់​មនុស្ស​ម្នាក់ៗ​។ ជាពិសេស ចំណុច​នេះ គឺ​ផ្តល់​ផល​អាក្រក់​ចំពោះ កុមារ ដែល​មាន​សមត្ថភាព​នៃ​ការ រៀនសូត្រ ចុះខ្សោយ ដោយសារ​តែ​កត្តា​បំពុល​ដោយសារ​សំឡេង​នេះ ។​
 
​កម្រិត​នៃ​ការបំពុល​ដោយ​សំឡេង ដែល​អាច​ទ្រាំ​បាន គឺ​មាន​កម្រិត​ដល់ ៤០​ដេស៊ី​ប៊ែល ( 40 decibel) ។ គ្រប់​ប្រភេទ​នៃ​សំឡេង ដែល​កើនឡើង​លើស​ពី​កម្រិត​នេះ គឺ​អាច​បំផ្លាញ​ដល់ សមត្ថភាព​នៃ ការ​ស្តាប់ និង លទ្ធផល​សុខភាព​របស់​អ្នក ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com