ជាតិ
សង្គមជាតិ
NGOs ស្នើទៅរដ្ឋមន្ត្រីចំនួន៣ ឱ្យអនុវត្តច្បាប់លើឧកញ៉ា២រូប និងអតីតស្នងការ១រូប
13, May 2021 , 10:15 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ សម្តេច ស ខេង លោក កើត រិទ្ធ និង​លោកស្រី អ៊ឹង កន្ថាផាវី
ពីឆ្វេងទៅស្តាំ៖ សម្តេច ស ខេង លោក កើត រិទ្ធ និង​លោកស្រី អ៊ឹង កន្ថាផាវី
បន្ទាប់ពីមានសំណុំរឿងក្តីចុងក្រោយរវាងឧកញ៉ា ហេង សៀ និងពិធីការិនីមួយរូប អង្គការក្រៅរដ្ឋាភិបាលជាច្រើន និងប្រជាជនផងបានស្នើឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធចាត់វិធានការច្បាប់លើអតីតឧកញ៉ាដួង ឆាយ និងអតីតស្នងការខេត្តកំពង់ធំដែរ។ សង្គមស៊ីវិលទាំងនេះ យល់ឃើញថា ការអនុវត្តច្បាប់លើជនល្មើសដែលបង្កហិង្សាលើស្ត្រី នឹងបង្ហាញថា កម្ពុជាមិនអត់ឱនឱ្យករណីហិង្សាលើស្ត្រីឡើយ។



គឺនៅក្នុងលិខិតចំហមួយ ដែលក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន២៦ និងឈ្មោះពលរដ្ឋ៥០ផ្សេងទៀតអំពាវនាវដល់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុវត្តវិធានការច្បាប់លើសំណុំរឿងហិង្សាលើស្ត្រី។ លើសពីសំណុំរឿងក្តៅគគុកចុងក្រោយនេះរវាងឧកញ៉ា ហេង សៀ និងកញ្ញា ពេជ្ររីតា លិខិតចំហដដែលបានភ្ជាប់ករណីអតីតឧកញ៉ា ឌួង ឆាយ ដែលត្រូវបានជឿថា បានប្រើហិង្សាលើអតីតភរិយា និងករណីអតីតស្នងការរងខេត្តកំពង់ធំ ដែលត្រូវបានចោទប្រកាន់ថាបានបៀតបៀនលើបុគ្គលិកជាស្ត្រី។

លិខិតចំហដែលមានហត្ថលេខីជាអង្គការធំៗ ហើយធ្វើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋ បានអត្ថាធិប្បាយថា ពួកគេខកចិត្តខ្លាំង ដោយសារតែពួកគេកត់សម្គាល់ថាក្នុងពេលកន្លងមក សមត្ថកិច្ចមិនបានអនុវត្តត្រឹមត្រូវ និងមានប្រសិទ្ធភាពនូវគោលការណ៍ច្បាប់ស្តីពីហិង្សា និងការបៀតបៀនផ្លុវភេទនោះឡើយ។

លិខិតចំហដែលត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកស្រី ចក់ សុភាព ដែលជានាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរយ៉ាងដូច្នេះថា៖«ការបញ្ឈប់តំណែង និងការបន្ថយឋានន្តរសក្តិ ឬការស្ងាត់ស្ងៀមចំពោះមន្ត្រីមានអំណាច មិនបានផ្តល់យុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះឡើយ ហើយវាបង្កឱ្យមានវប្បធម៌និទណ្ឌភាពផងដែរ។»។

ក្នុងពេលកន្លងមក បន្ទាប់ពីផ្ទុះករណីហិង្សាលើអតីតភរិយា ឧកញ៉ា ដួង ឆាយ ត្រូវបានដកងារឧកញ៉ា។ អ៊ុក កុសល អតីតស្នងការខេត្តកំពង់ធំ ត្រូវបានប្ដឹងពីស្ត្រីរងគ្រោះពីបទបៀតបៀនផ្លូវភេទ ក៏ត្រូវបានទម្លាក់ឋានៈ និងដាក់ទោសរដ្ឋបាលពីក្រសួងមហាផ្ទៃ។

ការប្រើអំពើហិង្សាក្នុងគ្រួសារ ការបៀតបៀនផ្លូវភេទ និងការប៉ុនប៉ងរំលោភសេពសន្ថវៈ គឺជាបទល្មើសឧក្រិដ្ឋដែលជនល្មើសត្រូវទទួលការផ្តន្ទាទោស។ នេះជាការបញ្ជាក់របស់ក្រុមហត្ថលេខីដដែល ដោយបន្តថា មានករណីច្រើនទៀតដែលស្ត្រីជនរងគ្រោះមិនបានទម្លាយរឿងឈឺចាប់របស់ពួកគេ ដោយសារកត្តាផ្សេងៗដូចជាសង្គម និងវប្បធម៌ជាដើម។

លិខិតចំហសរសេរយ៉ាងបន្ថែមយ៉ាងដូច្នេះថា៖«ចំណាត់ការដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ គឺជាការផ្ញើសារទៅស្ត្រីរងគ្រោះជាច្រើនទៀត ឱ្យពួកគេមានទំនុកចិត្ត និងការជឿជាក់ឡើងវិញ លើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។

ទាក់ទងនឹងសំណុំរឿងក្តីក្តាំរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា លោក គឹម សន្តិភាព ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ក្រសួងយុត្តិធម៌កំពុងតាមដានសំណុំរឿងនេះយ៉ាងហ្មត់ចត់ដើម្បីប្រាកដប្រជាថា ចំណាត់ការផ្លូវច្បាប់នឹងត្រូវអនុវត្តបានត្រឹមត្រូវ។

ដោយសារតែសំណុំរឿងនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន និងដោយមានការអត្ថាធិប្បាយពីមហាជនលើបណ្ដាញសង្គមផង មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានសរសេរពន្យល់យ៉ាងដូច្នេះ៖«ក្រសួងយុត្តិធម៌សូមអំពាវនាវដល់សាធារណជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចជូនស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន។ ដើម្បីកំណត់ភាគីណាខុសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឱ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឱ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដក្នុងសំណុំរឿង[បណ្ដឹង]ទាំងពីរ»។

អាដហុក៖ បើជនរងគ្រោះបង្ហាញខ្លួនលើបណ្ដាញសង្គម អាជ្ញាធរចាត់ការលឿន

មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុកបានបញ្ជាក់ថា ក្នុងអំឡុងពេល៣ខែដើមឆ្នាំ២០២១ ករណីហិង្សាលើស្ត្រីបានកើតឡើងគួរឱ្យកត់សម្គាល់។ មន្ត្រីដដែលបន្តថា ក៏មានករណីហិង្សាដែលពាក់ព័ន្ធនឹងស្ថានភាពនៃការរាលដាលជំងឺកូវីដផងដែរ ដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ចំណូល បំណុលជាដើម។

ទោះយ៉ាងណាក៏ដោយ អ្នកស្រី ម៉ៅ ម៉ាប់ ដែលជាមន្ត្រីសមាគមអាដហុកទទួលបន្ទុកផ្នែកស្ត្រី និងកុមារ កត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានចំណាត់ការលឿនពីអាជ្ញាធរលើករណីហិង្សានានាដែលបង្កដោយអ្នកមានអំណាច តែថាលុះត្រាតែស្ត្រីរងគ្រោះហ៊ានចេញមុខនិយាយលើបណ្ដាញសង្គមដែរ។
លោកស្រី ម៉ៅ ម៉ាប់ រៀបរាប់បន្ថែមប្រាប់សារព័ត៌មានថ្មីៗថា៖«អាចមានករណីច្រើនទៀតដែលជនរងគ្រោះមិនហ៊ានបង្ហាញអត្តសញ្ញាណជាសាធារណៈ»។ នៅមានបញ្ហាមួយចំនួនទៀត ដែលមន្ត្រីអាដហុកដដែលរកឃើញនោះ គឺការខ្វះខាតការគាំពារស្ត្រីរងគ្រោះ ការអូសបន្លាយពេលវេលានៃការផ្តល់សំណង និងការគំរាមកំហែងលើជនរងគ្រោះ ដែលពេលខ្លះ ពួកគេត្រូវបង្ខំចិត្តទទួលសំណងសម្របសម្រួលដើម្បីបញ្ចប់សំណុំរឿង។

គួរមានលក្ខខណ្ឌវិនិច្ឆ័យផ្នែកសីលធម៌ចំពោះគោរពងារ ឧកញ៉ា?
ដោយសារមានមានបទល្មើសមួយចំនួនពាក់ព័ន្ធនឹងបុគ្គលដែលមានងារជាឧកញ៉ា លោក ប៉ា ចន្ទរឿន ដែលជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា អំពាវនាវឱ្យមានការកំណត់លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការទទួលបានងារឧកញ៉ា លើសពីចំនួនថវិកាដែលត្រូវបានចំណាយជួយសង្គម។ សម្រាប់លោក ប៉ា ចន្ទរឿន បុគ្គលដែលទទួលបានគោរមងារ ឧកញ៉ា ត្រូវបានប្រកាន់ឥរិយបថថ្លៃថ្នូរ មានសីលធម៌ខ្ពស់ ឱ្យស័ក្តិសមនឹងងារដែលត្រូវបានប្រទានដោយព្រះករុណា ព្រះមហាក្សត្រ។

អ្នកតាមដានព្រឹត្តិការណ៍សង្គម ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ប្រសិនបើបុគ្គលមានងារខ្ពង់ខ្ពស់ ប្រព្រឹត្តរឿងអសីលធម៌ អយុត្តិធម៌ និងខ្វះមនុស្សធម៌ក្នុងសង្គម វាមិនត្រឹមតែប៉ះពាល់ដល់បុគ្គលខ្លួនដែលទទួលបានងារនោះទេ គឺប៉ះពាល់ដល់ស្ថានប័នដែលស្នើសុំគោរមងារ និងការប្រទានងារនេះផងដែរ។ ហេតុនេះ ការផ្ដល់គោរមងារគួរត្រូវធ្វើឡើងដោយប្រយ័ត្នប្រយែង ដោយមិនផ្ដោតទៅលើកធនធានតែមួយម្យ៉ាងនោះទេ»។

ក្នុងករណីដែលបុគ្គលដែលមានងារឧកញ៉ា ដែលជាងារកិត្តិយសក្នុងសង្គម មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ស្ថាប័នទទួលបន្ទុកនឹងការស្នើងារនេះ គួរពិនិត្យបុគ្គលនោះឡើងវិញ ដើម្បីសម្រេចថា ដក និងបន្តងារនោះដដែល ដើម្បីកុំឱ្យខូចតម្លៃស្នូលនៃងារឧកញ៉ា និងសេចក្តីថ្លៃថ្នូរបស់បុគ្គលដទៃទៀតដែលមានងារដូចគ្នានេះ។ នេះជាការយល់ឃើញរបស់លោក ប៉ា ចន្ទរឿន៕




© រក្សាសិទ្ធិដោយ thmeythmey.com