COVID-19
ជាតិ
ពលរដ្ឋខេត្តព្រៃវែងម្នាក់ និងម្នាក់ទៀតនៅតាកែវ ស្លាប់ដោយសារកូវីដ-១៩
13, May 2021 , 10:52 am        
រូបភាព
រូបភាពពី ហ្វេសប៊ុកលោក ជា សុមេធី អភិបាលខេត្តព្រៃវែង
រូបភាពពី ហ្វេសប៊ុកលោក ជា សុមេធី អភិបាលខេត្តព្រៃវែង
ដោយ:
ភ្នំពេញ៖ ជំងឺកូវីដ-១៩ បានឆក់យកជីវិតពលរដ្ឋខ្មែរ ២នាក់ទៀតហើយកាលពីថ្ងៃទី១២ ឧសភា ដោយម្នាក់ជាអ្នករស់នៅខេត្តព្រៃវែង និងម្នាក់ទៀតជាពលរដ្ឋរស់នៅខេត្តតាកែវ។ នេះបើតាមការប្រកាសដោយឡែកពីរបស់រដ្ឋបាលខេត្តតាកែវទាំង២ ខណៈដែលរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល នៅមិនចេញផ្សាយនៅឡើយ។

 
រដ្ឋបាលខេត្តព្រៃវែង បានប្រកាសថា បុរសខ្មែរវ័យ៣៧ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១២ឧសភា។ បុរសរូបនេះ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ និងត្រូវបានតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលកន្លងទៅ ពេលធ្វើដំណើរពីភ្នំពេញទៅស្រុកកំណើតវិញ។  បើតាមរដ្ឋបាលខេត្តព្រៃវែង ពេលចូលសម្រាកនៅមន្ទីរពេទ្យ ក្រុមគ្រូពេទ្យពិនិត្យឃើញថា អ្នកជំងឺមានអាការធ្ងន់ធ្ងរ ដោយហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាព នៅតែមិនអាចសង្គ្រោះបាន។
 
ជំងឺកូវីដ-១៩ ក៏បានឆកយកជីវិតពលដ្ឋម្នាក់ទៀតនៅខេត្តតាកែវដែរ នៅថ្ងៃទី១២ ខែឧសភា នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ថ្មីដែលរកឃើញសរុប៧នាក់។ តាមរដ្ឋបាលខេត្តតាកែវ អ្នកស្លាប់រូបនោះ ជាស្ត្រីវ័យ ៦២ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំលំពង់ ស្រុកបាទី។  ចំណែកមនុស្ស៦នាក់ទៀត ដែលទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១២ ឧសភាដែរនោះគឺជាអាជីវករផ្សារត្រាំខ្នា ,អាជីវករផ្សារដើមគរ និងកម្មការិនីរោងចក្រ។ 
 
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២០៦៩៥នាក់ អ្នកជាសះស្បើយសរុបចំនួន ៨៥៣៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣៦នាក់៕
 

Tag:
 ស្លាប់
 ព្រៃវែង
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com