ជាតិ
សង្គមជាតិ
តុលាការ​សម្រេច​ដោះលែង​កញ្ញា មាន ពេជ្រ​រីតា ឱ្យនៅ​ក្រៅ​ឃុំ តាម​សំណើ​មេធាវី​ស្ម័គ្រចិត្តរដ្ឋាភិបាល​
13, May 2021 , 11:16 am        
រូបភាព
កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ MYTV ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី​ថ្ងៃទី​៩ ឧសភា តាម​បណ្ដឹង​របស់លោក​ឧកញ៉ា ហេង សៀ ដែល​បាន​ប្ដឹងចោទ​កញ្ញា​ថា បាន​លួច​ទូរ​សព្ទ និង​ប៉ង​ចាក់​សម្លាប់។ (រូបពីហ្វេសប៊ុក)
កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ MYTV ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពី​ថ្ងៃទី​៩ ឧសភា តាម​បណ្ដឹង​របស់លោក​ឧកញ៉ា ហេង សៀ ដែល​បាន​ប្ដឹងចោទ​កញ្ញា​ថា បាន​លួច​ទូរ​សព្ទ និង​ប៉ង​ចាក់​សម្លាប់។ (រូបពីហ្វេសប៊ុក)
​ភ្នំពេញ​៖ តុលាការ​សម្រេច​ដោះលែង កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ MYTV ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ តាម​សំណើ​របស់​មេធាវី​ស្ម័គ្រចិត្ត របស់​រដ្ឋាភិបាល​។ នេះ​បើតាម​លិខិត​បង្គាប់​ឱ្យ​ដោះលែង​របស់លោក កួយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃទី​១៣ ឧសភា​។​


 
​លោក កួយ សៅ បានបញ្ជាក់​ក្នុង​លិខិត​ថា ក្រោយពី​បាន​ពិនិត្យ​លើ​សំណុំរឿង និង​ពាក្យសុំ​សព្វគ្រប់​មក តំណាង​អយ្យការ​បាន​ឯកភាព សម្រេច​ឱ្យ​ជន​ត្រូវបាន​ចោទ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការស្នើសុំ​របស់​មេ​ធា​វី​ការពារ​សិទ្ធិ​ឱ្យ កញ្ញា មាន ពេជ្រ​រីតា ។​
 
​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ បានបញ្ជាក់​ដូច្នេះ ៖«​ការឱ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ពុំ​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​ឡើយ​។ ដូច្នេះ​តុល​ការ​គប្បី​អនុញ្ញាតឱ្យ​ជន​ត្រូវបាន​ចោទ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ជំនួស​មកវិញ​ដាក់​ជន​ត្រូវបាន​ចោ​ទោ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​»​។​
 
​សមត្ថកិច្ច បាន​ចាប់ខ្លួន​កញ្ញា មាន ពេជ្រ​រីតា កាលពី​ថ្ងៃទី​៩ ឧសភា តាម​បណ្ដឹង​របស់លោក​ឧកញ៉ា ហេង សៀ ដែល​បាន​ចោទ​កញ្ញា​ថា បាន​លួច​ទូរ​សព្ទ និង​ប៉ង​ចាក់​សម្លាប់ខ្លួន​។ បណ្ដឹង​របស់លោក​ឧក​ញ៉ា​នេះ ធ្វើឡើង​ក្រោយពី​អ្នក​ទាំងពីរ ផ្ទុះ​ជម្លោះ​គ្នា​នៅក្នុង​រថយន្ត ស្ថិតនៅក្នុង​ខណ្ឌ​ទួល​គោគ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​៤ ឧសភា​។​
 
​ក្រោយ​ស្ថិតនៅក្នុង​បន្ទប់​ឃុំខ្លួន និង​សួរចម្លើយ​អស់​រយៈពេល​៣​ថ្ងៃ​មក កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV និង​ជា​អតីត​បេ​ក្ខ​នារី Miss Grand Cambodia ក៏បាន​ប្តឹង​លោក​ឧកញ៉ា ហេង សៀ ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» នៅក្នុង​រថយន្តវិញ​។ ក្នុង​ពាក្យបណ្ដឹង​នេះ កញ្ញា ពេជ្រ​រីតា ក៏​ទាមទារ​សំណង​ជំងឺ​ចិត្ត ចំនួន​១០​ម៉ឺន​ដុល្លា និង​ទាមទារ​ការខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន ១​ម៉ឺន​ដុល្លារ ទៀតផង​។​
 
​ក្នុង​លិខិត​បណ្ដឹង​នោះ ពិធី​ការិនី​ទូរទស្សន៍ My TV​រូបនេះ ក៏បាន​រៀបរាប់​លម្អិត​ពី​ដំណើរ​ដើមទង​នៃ​ការ​ស្គាល់គ្នា​ជាមួយ​ឧកញ៉ា ហេង សៀ នេះ រហូតដល់​មានការ​ប្ដឹងផ្ដល់​ពីបទ​«​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​»​នេះ​៕

Tag:
 មាន ពេជ្រ​រីតា​
  យុត្តិធម៌​
  ហិង្សា​លើ​ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com