កីឡាជាតិ
ជាតិ
ជម្រុះ World Cup 2022៖ លោក Ryu Hirose នឹងជ្រើសរើសកីឡាករ ដែលមានសមិទ្ធផល និងសក្ដានុពលខ្ពស់ គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose (នៅកណ្ដាល) ឈរនៅលើទីលានបាល់ទាត់ ឈរមើលកីឡាករហ្វឹកហាត់កន្លងមក
×
ដោយ៖ នី ណារិទ្ធ
ភ្នំពេញ៖ គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose នឹងជ្រើសរើសកីឡាករ ដែលមានសមិទ្ធផល និងសក្ដានុពលខ្ពស់ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅប្រទេសបារ៉ែន។ កម្ពុជា នៅសល់៣ប្រកួតចុងក្រោយ សម្រាប់វគ្គជម្រុះនេះ។
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ អះអាងថា ខ្លួនក៏មានការលំបាកក្នុងការជ្រើសរើសកីឡាករ ក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ដែរ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យារពេល និងផ្ទាស់ប្ដូរ ។ តែយ៉ាងណាលោក Ryu Hirose នឹងជ្រើសរើសកីឡាករ ដែលមានសមិទ្ធផល និងសក្ដានុពលខ្ពស់ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅប្រទេសបារ៉ែន ខាងមុខនេះ។
តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានស្រង់សម្តីលោក Ryu Hirose យ៉ាងដូច្នេះថា៖«ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមកហើយ យើងបានកត់សម្គាលឮឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេ ប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់បច្ចុប្បន្ន និងជាកីឡាករដែលមានសក្ដានុពលខ្ពស់សម្រាប់អនាគត។ ពួកយើងមានភាពជឿជាក់លើកីឡាករដែលយើងបានជ្រើសរើស»។
គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជារូបនេះ ក៏ជំរុញឱ្យកីឡាករប្រឹងប្រកួតប្រជែង ដើម្បីការអភិវឌ្ឍន៍ខ្លួនផងដែរ។«ខ្ញុំចង់ឲ្យកីឡាករយើង ខិតខំប្រឹងប្រែង និងប្រកួតប្រជែងឲ្យខ្លាំងទៅតាមលទ្ធភាពដែលពួកគេអាចធ្វើបាន និងជាពិសេសកីឡាករវ័យក្មេង ដើម្បីនាំយកបទពិសោធ និងទំនុកចិត្តត្រលប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើន បន្ថែមទៀតនៅពេលអនាគត»។ នេះជាការលើកឡើងរបស់លោក Ryu Hirose។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចេញទៅប្រទេសបារ៉ែន នៅថ្ងៃទី២៨ ខែឧសភា តាមការគ្រោងទុក ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះWorld Cup 2022 ។ បើតាមអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោក កែវ សារ៉េត ក្រុមជម្រើសជាតិ មិនមានការជួបជុំហ្វឹកហាត់នៅឡើយទេ ប៉ុន្តែតម្រូវឱ្យកីឡាករម្នាក់ៗ ពង្រឹងការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។ ដ្បិតមិនបានហ្វឹកហាត់ជុំគ្នាក្តី ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា អាចមានពេល១សប្ដាហ៍ មុនការប្រកួតនៅថ្ងៃទី៣ មិថុនា ដើម្បីប្រមូលផ្ដុំគ្នាហ្វឹកហាត់នៅប្រទេសបារ៉ែនតែម្ដង។
កម្ពុជាស្ថិតនៅក្នុងពូល C ជាមួយអ៊ីរ៉ង់ .អ៊ីរ៉ាក់. ហុងកុង និងប៉ារ៉ែន ហើយក្រុមនីមួយៗភាគច្រើននៅសល់ ៣ប្រកួតក្នុងដៃ ដោយលើកលែងតែអ៊ីរ៉ង់ ដែលសល់ ៤ប្រកួតទៀត ។ នៅក្នុងពូលនេះ កម្ពុជា កំពុងស្ថិតនៅបាតតារាង ដោយមានតែ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ស្មើ១ និងចាញ់៤ ។
គួរបញ្ជាក់ថា លោក Ryu Hirose ជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសលោក Felix G.Dalmas ។ លោក Ryu Hirose នឹងដឹកនាំជម្រើសជាតិកម្ពុជា ជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន លោក Keisuke Honda រហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
© រក្សាសិទ្ធិដោយ thmeythmey.com