COVID-19
អន្តរជាតិ
ក្រុមអ្នកជំនាញ WHO៖ វិបត្តិជំងឺកូវីដ-១៩ គួរតែបញ្ចៀសបាន
13, May 2021 , 3:52 pm        
រូបភាព
កន្លែងកប់សពរបស់អ្នកផ្ទុកកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល។ រូបភាព៖ AFP
កន្លែងកប់សពរបស់អ្នកផ្ទុកកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល។ រូបភាព៖ AFP
ក្រុមអ្នកជំនាញឯករាជ្យសម្រាប់ឆ្លើយតប និងត្រៀមខ្លួននឹងជំងឺឆ្លងសកល បានរិះគន់ អង្គការសុខភាពពិភពលោក និងក្រុមប្រទេសអឺរ៉ុប ដែលអនុវត្តវិធានការយឺតយ៉ាវ ក្នុងការទប់ស្កាត់កូវីដ-១៩ បន្ទាប់ពីផ្ទុះជំងឺឆ្លងនេះភ្លាមៗ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញឯករាជ្យ ក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងក្រុមប្រទេសអ្នកមានរួមចំណែកក្នុងការដោះស្រាយការរីកសាយនៃកូវីដ-១៩ ផងដែរ។

 
ក្រុមអ្នកជំនាញឯករាជ្យសម្រាប់ឆ្លើយតប និងត្រៀមខ្លួននឹងជំងឺឆ្លងសកល នៅថ្ងៃទី១២ ខែឧសភា បានចេញរបាយការណ៍មួយ ដែលមានចំណងជើងថា «កូវីដ-១៩៖ ធ្វើឱ្យវាក្លាយជាជំងឺឆ្លងសកលចុងក្រោយ»(https://theindependentpanel.org/wp-content/uploads/2021/05/COVID-19-Make-it-the-Last-Pandemic_final.pdf)។ ក្នុងរបាយការណ៍នោះ ក្រុមអ្នកជំនាញ ដែលត្រូវបានបង្កើតឡើងដោយ អង្គការសុខភាពពិភពលោក (WHO) មួយនេះ បានលើកឡើងពីបញ្ហាជាច្រើន ដូចជាការរីកសាយកូវីដ-១៩ វិធានការយឺតយ៉ាវ និងដំណោះស្រាយមួយចំនួនជាដើម។ 
 
ទាក់ទិននឹងបញ្ហាខាងលើ ក្រុមអ្នកជំនាញឯករាជ្យបានលើកឡើងថា គណៈកម្មាធិការកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក ធ្វើការយឺត ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ក្នុងន័យនេះ ក្រុមអ្នកជំនាញ ចង់សំដៅថា ភាពអាសន្ន គួរតែប្រកាសកូវីដ-១៩ ដាក់ជាជំងឺឆ្លង មុនមួយសប្តាហ៍ គឺមុនពេលប្រកាសនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ប្រសិនបើ WHO មានចំណាត់លឿនបែបនេះ ប្រទេសផ្សេងៗ ក៏បានអាចឆ្លើយតបនឹងជំងឺឆ្លងបានលឿនដូចគ្នា។ 
 
ក្នុងរបាយការណ៍ដដែលនេះ ក្រុមអ្នកជំនាញ ក៏បានបន្ទោសប្រទេសអឺរ៉ុប និងអាមេរិកផងដែរ ដែលបណ្តោយឱ្យវីរុសកាន់តែរីកសាយ រហូតទាល់តែមានអ្នកជំងឺចូលមន្ទីរពេទ្យកាន់តែច្រើនឡើង ទើបចាត់វិធានការ។ អាមេរិក និងបណ្តាប្រទេសអឺរ៉ុប នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ មិនខ្វាយខ្វល់អ្វីឡើយ ប៉ុន្តែប្រទេសទាំងនោះ ចាប់ផ្តើមគិតគូរនៅពេលចំនួនអ្នកជំងឺកូវីដ-១៩ កើនឡើង។ 
 
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី Ellen Johnson Sirleaf សហប្រធានក្រុមអ្នកជំនាញខាងលើ បានអះអាងថា ការរីកសាយកូវីដ-១៩ គឺដោយសារតែ ភាពបរាជ័យ ការខ្វះចន្លោះ និងពន្យារពេលក្នុងការត្រៀមខ្លួនរបស់ភាគីនីមួយៗ។ «ស្ថានភាពដែលយើងបានជួបប្រទះបច្ចុប្បន្ន គួរតែអាចទប់ស្កាត់បាន»។ លោកស្រី Ellen Johnson Sirleaf បានសង្កត់ធ្ងន់បែបនេះ។ 
 
ទន្ទឹមនេះ ក្រុមអ្នកជំនាញឯករាជ្យសម្រាប់ឆ្លើយតប និងត្រៀមខ្លួននឹងជំងឺឆ្លងសកល ក៏បានអំពាវនាវឱ្យពិភពលោកត្រៀមខ្លួន ដើម្បីបង្ការជំងឺឆ្លងសកល ដែលអាចកើតឡើងនៅពេលខាងមុខផងដែរ។  បើតាមក្រុមអ្នកជំនាញនេះ ការធ្វើកំណែទម្រង់ប្រព័ន្ធអន្តរជាតិ គឺសំខាន់បំផុត ដើម្បីឆ្លើយតបនឹងជំងឺឆ្លងសកលខាងមុខ។ កំណែទម្រង់ទាំងនោះទាមទារឱ្យមាន ភាពជាអ្នកដឹកនាំកាន់តែខ្លាំង និងការសម្របសម្រួលកាន់តែប្រសើរ, ការវិនិយោគលើប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកល, ការកែទម្រង់ប្រព័ន្ធផ្តល់ដំណឹងអាសន្ន និងវិធានការផ្សេងទៀតជាដើម។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ករណីឆ្លងកូវីដ-១៩​ បានកើនដល់ ១៦០លានករណី​​ អ្នកស្លាប់មានចំនួន ៣,៣លាននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ១៣៩លាននាក់។ ក្រុមគ្រូពេទ្យយ៉ាងហោចណាស់ ១៧០០០ នាក់ បានបាត់បង់ជីវិត គិតត្រឹមដំណាច់ឆ្នាំ២០២០ ហើយវាថែមទាំងអាចធ្វើឱ្យមនុស្សពី ១១៥ ដល់ ១២៥លាននាក់ ធ្លាក់ខ្លួនក្រីក្រកាន់តែខ្លាំងថែមទៀត៕ 
 

Tag:
 កូវីដ-១៩
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com