COVID-19
ជាតិ
ពលរដ្ឋជាង១,៩លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩
13, May 2021 , 7:59 pm        
រូបភាព
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម។ រូបថត៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
គ្រូពេទ្យរបស់ក្រសួងការពារជាតិកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅតំបន់ក្រហម។ រូបថត៖ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ
ភ្នំពេញ៖ កម្ពុជាមានពលរដ្ឋ ១,៩៣៩,៧៧៣នាក់ហើយ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩(COVID-19)។ ចំនួននេះ គឺស្មើនឹងជាង១៩ភាគរយ នៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ ក្នុងចំណោម អ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ -១៩នេះ មានជាង១,១លាននាក់ បានចាក់នូវដូសទី២។ នេះបើយោងតាមរបាយការណ៍ផ្សេងពីគ្នា របស់ក្រសួងសុខភិបាល និងក្រសួងការពារជាតិ។

 
របាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា គិតដល់ត្រឹមទី១២ ខែឧសភា ឆ្នាំ២០២១  ក្នុងចំណោមពលរដ្ឋទូទាំងជិត១,៨លានដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ គឺមាន៥៥៥,៩០៨នាក់ ជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ។ ក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់វ៉ាក់ឱ្យពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌឫស្សីកែវ ចាប់តាំងពីថ្ងៃទី១ឧសភា ឆ្នាំ២០២១។  
 
បើតាមលោក ឥត សារ៉ាត អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey តាមទូរសព្ទ ក្រុមគ្រូពេទ្យ នឹងខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហមនូវដូសទី១ ដែលមានជិត៦០ម៉ឺននាក់ឱ្យអស់ នៅត្រឹមថ្ងៃទី១៥ឧសភា ឆ្នាំ២០២១។
 
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស្ថិតក្នុងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជា ការបិទខ្ទប់តំបន់ដែលប្រឈមឆ្លងខ្លាំង និងបម្រាមគោចរជាដើម ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។ ដើម្បីជោគជ័យលើការងារនេះ រដ្ឋាភិបាល បានកំណត់ផែនការជាជំហានៗ ដោយជំហានទី១ ពីខែឧសភា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ដោយចាក់វ៉ាក់សាំងឱ្យពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្តាល ឱ្យអស់ដែលមានជិត២,៥លាននាក់។
 
សម្រាប់ជំហានទី២ នៃផែនការរបស់រដ្ឋាភិបាល នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋរស់នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ព្រះសីហនុ ស្វាយរៀង សៀមរាប បន្ទាយមានជ័យ កែប និងខេត្តកំពត។  ជំហាននេះ នឹងអនុវត្តឡើងចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១។ ប្រជាជនរស់នៅក្នុងខេត្តទាំង១១ មានជាង២លាននាក់ ដែលត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រមាណ៤លានដូស។
 
ចំពោះជំហានទី៣ នឹងអនុវត្តពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ទៅលើប្រជាជនជាង៤,៤លាននាក់ រស់នៅក្នុងខេត្តចំនួន១២។ ក្នុងនោះ មានខេត្តកោះកុង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងក្រចេះ។
 
បើតាមរបស់អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៥០ម៉ឺនដូសទៀតរបស់ក្រុមហ៊ុនស៊ីណូវ៉ាក់នឹងមកដល់កម្ពុជា នៅថ្ងៃទី១៦ឧសភា និង១លានដូស មកដល់នៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំង ជាង៤,៥លានដូសដែលកំពុងចាក់ជូនពលរដ្ឋ៕ 
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com