កីឡាអន្តរជាតិ
អន្តរជាតិ
អាមេរិកព្រមានចិន កុំចង់ប្រើអូឡាំពិកដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្ស
13, May 2021 , 9:29 pm        
រូបភាព
អាមេរិកព្រមានចិន ដែលគ្រោងនឹងប្រើប្រាស់ព្រឹត្តិការណ៍អូឡាំពិករដូវរងារ ដើម្បីបិទបាំងការរំលោភបំពានសិទ្ធិមនុស្សនានានៅទឹកដីខ្លួន។ ការព្រមាននេះ ធ្វើឡើង ស្របពេលអាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីចិនម្នាក់មិនឱ្យចូលទឹកដីខ្លួន ចំពោះការបង្ក្រាបលើចលនា Falun Gong។


តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ការបង្ហាញបាយការណ៍ប្រចាំឆ្នាំរបស់អាមេរិកស្តីពីសេរីភាពសាសនាអន្តរជាតិ បានរកឃើញថា មានការព្រួយបារម្ភពីការរីករាលដាលខ្លាំងនៅក្នុងប្រទេសចិន ជុំវិញការរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ស៊ីងជាំង។ ដោយសារហេតុផលនេះ មន្ត្រីជាន់ខ្ពស់ម្នាក់អះអាងថា អាមេរិកកំពុងពិចារណាលើសកម្មភាពរបស់ខ្លួន នៅមុនព្រឹត្តិការណ៍អូឡាំពិករដូវរងារ ដែលគ្រោងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។
 
«យើងមិនអាចបិទភ្នែកមើលកំណត់ត្រាសិទ្ធិមនុស្សដែលគួរឱ្យស្អប់ខ្ពើមរបស់ក្រុងប៉េកាំងបានទេ»។ លោក Dan Nadel មន្ត្រីការបរទេសដែលធ្វើការលើសេរីភាពសាសនាអះអាងដូច្នេះ មុនបន្ថែមថា អាមេរិកកំពុងពិនិត្យឡើងវិញជុំវិញការចូលរួមព្រឹត្តិការណ៍កីឡារដូវរងា និងថែមទាំងព្រមានចិន ក្នុងការប្រើប្រាស់អូឡាំពិកដើម្បីបិទបាំងការរំលោភសិទ្ធិមនុស្សទៀតផង។
ក្រុមសិទ្ធិមនុស្ស និងគណបក្សសាធារណរដ្ឋ បានជំរុញឱ្យអាមេរិកធ្វើពហិការចូលរួមអូឡាំពិករដូវរងាជុំវិញសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំងលើជនជាតិភាគតិចវីហ្គ័រ និងការធ្វើទុក្ខបុកម្នេញលើចលនា Falun Gong ពីសំណាក់ចិន។ យ៉ាងណាការឱ្យធ្វើពហិការនេះ មិនទទួលបានការគាំទ្រពីប្រធានធិបតីអាមេរិក ចូ បៃឌិន ឡើយ។
 
ជុំវិញករណីនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រកាសថា លោក Yu Hui អតីតមន្រ្តីជាន់ខ្ពស់ក្រុងប៉េកាំងដែលជាប់ទាក់ទងការបង្រ្កាបក្រុម Falun Gong  និងគ្រួសាររបស់លោក ត្រូវបានហាមមិនឱ្យចូលទឹកដីអាមេរិក។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្រុងប៉េកាំងឆ្នាំ២០២២ និងជាលើកទី២៤ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ៕
 

Tag:
 វីហ្គ័រ
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com