ជាតិ
សេដ្ឋកិច្ច
កម្ពុជា សម្រេចដាក់ឱ្យដំណើរការប្រព័ន្ធទិន្នន័យ«SD2» ដើម្បីភ្ជាប់រវាងក្រុមហ៊ុនបរទេសនិងក្នុងស្រុក
13, May 2021 , 11:59 pm        
រូបភាព
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ៖ កម្ពុជា តាមរយៈកិច្ចសហការពីវេទិកាសេដ្ឋកិច្ចពិភពលោក(World Economic Forum)បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទិន្នន័យ ស្តីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់សំដៅផ្តល់កិច្ចសម្រួលវិនិយោគសម្រាប់អភិវឌ្ឍចីរភាព(SD2) សម្រាប់តភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនបរទេសនិងក្រុមហ៊ុនក្នុងស្រុក ដើម្បីស្វែងរកភាពជាដៃគូណាមួយឬការធ្វើការវិនិយោគនៅកម្ពុជាបាន។

 
SD2 មានពាក្យពេញគឺ Supplier Database with Sustainability Dimensions ដែលជាតារាងទិន្នន័យមួយសម្រាប់ផ្ដល់ព័ត៌មានពីប្រតិបត្តិការប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនក្នុងស្រុក។ ប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការរួមគ្នាក្រោមវត្តមានលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងលោក Matthew Stephenson នាយកគោលនយោបាយ និងសហគមន៍នៃនាយកដ្ឋានវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិនៅWEF តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១២ឧសភា ឆ្នាំ២០២១។ 
 
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC ការដាក់ឱ្យដំណើរការនូវប្រព័ន្ធទិន្នន័យ SD2 នេះ  នឹងបង្កើនការតភ្ជាប់រវាងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក។ ជាពិសេសគឺបណ្ដាក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលអាចផ្ដល់ទំនិញ និងសេវាប្រកបដោយគុណភាព។ CDC បានបញ្ជាក់ថា៖ «ប្រព័ន្ធទិន្នន័យនេះ  មានគោលបំណងជួយសម្រួលដល់ការវិនិយោគ និងរួមចំណែកដល់ការអភិវឌ្ឍយ៉ាងខ្លាំង។ ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក អាចចុះបញ្ជីក្រុមហ៊ុនរបស់ពួកគេលើប្រព័ន្ធនេះ ដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេ ជាមួយនឹងវិនិយោគិនដែលមានសក្ដានុពល ដែលចូលមើលគេហទំព័ររបស់ CDC យ៉ាងទៀងទាត់»។
 
លោក សុខ ចិន្តាសោភា តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ បានស្នើឱ្យគ្រប់តួអង្គការពាក់ព័ន្ធទាំងអស់ចូលរួមប្រើប្រាស់នូវប្រព័ន្ធទិន្នន័យSD2 ឱ្យបានទូលំទូលាយ។ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រូបនេះ សង្ឃឹមយ៉ាងមុតមាំ ដូច្នេះ៖« អ្នកវិនិយោគ និងក្រុមហ៊ុនបរទេស នឹងមើលឃើញថា កម្ពុជាកំពុងបង្កើតនូវបរិស្ថានវិនិយោគដែលស្វាគមន៍វត្តមានរបស់ពួកគេ ខណៈខិតខំជំរុញការវិនិយោគដែលមានទង្វើធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងមានចីរភាព»។


 
ជាមួយនឹងគ្នានេះ លោក Matthew Stephenson បានលើកឡើងថា តាមរយៈប្រព័ន្ធទិន្នន័យ SD2 នេះ ក្រុមហ៊ុនបរទេសដែលស្វែងរកការវិនិយោគអនុលោមតាមគោលការណ៍នបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ហើយក្រុមហ៊ុនកម្ពុជាដទៃទៀត អាចបង្វែរការតម្រង់ទិសប្រតិបតិ្តការធុរកិច្ចរបស់ខ្លួន ទៅរកការអភិវឌ្ឍប្រកបដោយចីរភាព កាន់តែច្រើនថែមទៀត ដើម្បីទាក់ទាញ ការធ្វើធុរកិច្ចរួមគ្នា ជាមួយនឹងក្រុមហ៊ុនបរទេស សំដៅលើកម្ពស់ការធ្វើសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកលលោក។ 
 
CDC បានចាប់ផ្ដើមសហការជាមួយ WEF កាលពីដើមឆ្នាំ ២០១៩ ដើម្បីអនុវត្តគម្រោងលើការជួយសម្រួលការវិនិយោគ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ គម្រោងនេះមានគោលបំណងក្នុងការប្រមូលការយល់ដឹងនៅកន្លែងជាក់ស្ដែងលើបទពិសោធន៍របស់បណ្ដាប្រទេសនានា ជាមួយនឹងវិធានការជួយសម្រួលការវិនិយោគ។
 
ប្រព័ន្ធទិន្នន័យ SD2នេះ គឺគ្រប់គ្រងដោយ CDC និងត្រូវបានអភិវឌ្ឍជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានអនុវត្តដោយ CDC និង WEF រួមគ្នាជាមួយនឹងភាពជាដៃគូកម្ពុជាសម្រាប់កសិកម្មប្រកបដោយចីរភាព (CPSA)៕ 
 
 
 

Tag:
 CDC
  លោក សុខ ចិន្តាសោភា
© រក្សាសិទ្ធិដោយ thmeythmey.com