COVID-19
ជាតិ
កូ​វីដ​-១៩៖ ស្វាយរៀង​១៤​នាក់​, ត្បូងឃ្មុំ​៤​នាក់​, រតនគិរី​២​នាក់ នៅ​ថ្ងៃទី​១២​ឧសភា​
13, May 2021 , 9:03 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​ភ្នំពេញ និង​ក្រុង​តាខ្មៅ បណ្ដា​ខេត្ត​ជាច្រើន​បានប្រកាស រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។ រដ្ឋបាលខេត្ត​នីមួយៗ​បាន​បញ្ចេញ​របាយការន៍​អ្នក​ឆ្លង​សម្រាប់​ខេត្ត​ខ្លួន ខណៈ​ក្រសួងសុខាភិបាល ប្រកាស​តែ​តួលេខ​ឆ្លង​សរុប ករណី​សះស្បើយ និង​ករណី​ស្លាប់​។ កាលពី​ថ្ងៃទី​១២ ឧសភា រដ្ឋបាលខេត្ត​ស្វាយរៀង បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១៤​នាក់ ខណៈ​ខេត្ត​ត្បូងឃ្មុំ រកឃើញ​ចំនួន​៤​នាក់​។ រីឯ​ខេត្តរតនគិរី ក៏បាន​រកឃើញ​មនុស្ស​២​នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩​ដែរ​។​

 
​ខេត្តស្វាយរៀង បាន​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៤​នាក់ នៅ​ថ្ងៃទី​១២ ខែឧសភា ដែល​ភាគច្រើន ជា​អ្នកធ្វើដំណើរ​ទៅ​ពី​ភ្នំពេញ និង​មួយចំនួន​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ​។ បើតាម​រដ្ឋបាល​ខេត្តស្វាយរៀង មនុស្ស​ទាំង​១៤​នាក់ មាន​៥​នាក់ ទើប​ត្រឡប់​ពី​ប្រទេស​ថៃ ក្រៅពីនោះ​សុទ្ធ​ជា​អ្នកធ្វើដំណើរ​ពី​ភ្នំពេញ និង​ក្រុមគ្រួសារ​។ រដ្ឋបាលខេត្ត​អំពាវនាវ​ឲ្យ​អ្នក​ដែល​ធ្លាប់​ទាក់ទង​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​បុគ្គល​ទាំងនេះ ប្រញាប់​ទៅយក​សំណាក និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​។​
 
​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​រកឃើញ​អ្នក​វិជ្ជមាន ៤​នាក់​ទៀត នៅ​ថ្ងៃទី​១២ ខែឧសភា ដែល ២​នាក់​ជា​អ្នកដំណើរ​ទៅ​ពី​ភ្នំពេញ និង​២​នាក់​ជា​ករណី​ឆ្លង​ក្នុង​មូលដ្ឋាន​។ បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ មនុស្ស​ទាំង​៤​នាក់ មាន​អាសយដ្ឋាន​នៅ​ស្រុក​ក្រូចឆ្មារ​២​នាក់​,​ស្រុក​ត្បូងឃ្មុំ​១​នាក់ និង​ស្រុក​អូររាំងឪ​១​នាក់​។ រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​ធ្លាប់​ទាក់ទង​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​បុគ្គល​ទាំងនេះ ប្រញាប់​ទៅយក​សំណាក និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​។​
 
​ដោយឡែក​ខេត្តរតនគិរី ជា​ខេត្ត​ដែល​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ក្រោយ​គេ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ថែម​២​នាក់ នៅ​ថ្ងៃទី​១២ ខែឧសភា ដែលជា​អ្នកធ្វើដំណើរ​ទៅ​ពី​រាជធានី​ភ្នំពេញ​។ បើតាម​រដ្ឋបាលខេត្តរ​តន​គិរី អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​២ មាន​អាសយដ្ឋាន​នៅ​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី បានធ្វើ​ដំណើរ​ពី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១១ ខែឧសភា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​កូ​វីដ​-១៩​។ 
 
​គិត​មកដល់ពេលនេះ​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ២១,១៤១​នាក់ អ្នកជា​សះស្បើយ​សរុប​ចំនួន ៩,៥១៩​នាក់ ខណៈ​អ្នកស្លាប់​កើន​ដល់ ១៤២​នាក់​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com