COVID-19
ជាតិ
អភិបាលខេត្តរតនគិរី បិទផ្ទះចំនួន១០កន្លែង ក្នុងស្រុកអូរយ៉ាដាវ ក្រោយមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ រូបភាព៖ រដ្ឋបាលខេត្តរតគិរី
× នាយប់ថ្ងៃទី១៣ឧសភានេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសម្រេចបិទការចេញ-ចូលផ្ទះចំនួន១០កន្លែង នៅក្នុងស្រុកអូយ៉ាងដាវ ជាបណ្តោះអាសន្ន ក្រោយមានជំងឺកូវីដ-១៩វ័យ៣៧ឆ្នាំម្នាក់ មានទំនាក់ទំនងជាមួយមនុស្សនៅក្នុងផ្ទះទាំង១០កន្លែងនោះ។ លោក ថង សាវុន បានបញ្ជាក់នៅក្នុងសេចក្តីព័ត៌មានរបស់ខ្លួនថា ក្នុងចំណោមផ្ទះ១០ទីតាំង ដែលត្រូវបានបិទនោះ មាន៤ផ្ទះ ស្ថិតនៅភូមិប្លង់ ឃុំប៉ាតេ និង៦ផ្ទះទៀត គឺស្ថិតនៅក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ផ្ទះទាំង១០ខ្នង ដែលអាជ្ញាធរបានបិទជាបណ្តោះអាសន្ននោះ ជាផ្ទះពលរដ្ឋ ឈ្មោះ ពក សារ៉ែន, ពេញ សុពី, គឹម សារុន, បឿន ឃា, ផៃ ចន្ទី, អាន ឌ័ន, យឹម ស្រីអូន, ធី ប៉ូយុទ្ធ, មាស សឿន និងផ្ទះរបស់លោក ហន ជ្រៃ។ បើតាមលោក ថង សាវុន ផ្ទះរបស់ពលរដ្ឋទាំងនេះ ជាទីតាំងដែលមានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ បឿន យុក វ័យ៣៧ឆ្នាំ ដែលតេស្តរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១១ឧសភា ឆ្នាំ២០២១។
ការបិទការចញ-ចូលផ្ទះទាំងនេះ ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល យកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកកូវីដ-១៩។ ជាមួយនឹងគ្នានេះ លោកអភិបាលខេត្តរតនគិរី បានក៏អំពាវនាវដល់ ពលរដ្ឋទាំងអស់ដែលបានជាប់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវមកជួបឬជូនដំណឹងដល់ក្រុមការងារមន្ត្រីសុខាភិបាលនៃមន្ទីរសុខាភិបាល ដើម្បីយកសំណាកទៅធ្វើតេស្តកូវីដ-១៩ ជាបន្ទាន់។
ក្នុងថ្ងៃជាមួយគ្នានេះ ក្រៅពីផ្ទះរបស់ពលរដ្ឋចំនួន១០ទីតាំងខាងលើ ដែលត្រូវបិទនោះ លោក ថង សាវុន ក៏បានបិទផ្ទះ ឱសថស្ថាន និងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ៣ទីតាំងទៀត នៅក្នុងស្រុកបរកែវ ខេត្តរតនគិរី ផងដែរ។
អភិបាលរតនគិរី បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាលើកដំបូងលើបុរស២នាក់ កាលថ្ងៃទី១០ឧសភា។ រហូតដល់ថ្ងៃទី១៣ឧសភា ឆ្នាំ២០២១ ខេត្តមួយនេះ មាន៥នាក់ហើយ ដែលឆ្លងនូវជំងឺនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com