ជាតិ
សង្គមជាតិ
និស្សិតមើលរំលងមុខវិជ្ជាទស្សនវិជ្ជា តែមុខវិជ្ជានេះសំខាន់ក្នុងការគ្រប់គ្រង ហេតុអ្វី?
14, May 2021 , 10:39 am        
រូបភាព
ភ្នំពេញ៖ គ្រប់មុខជំនាញ និងគ្រប់ចំណេះដឹងទាំងអស់សុទ្ធតែសំខាន់។ បច្ចុប្បន្ននេះ សិស្ស-និស្សិតភាគច្រើនជ្រើសរើសតែមុខវិជ្ជាណាដែលទីផ្សារការងារមានលក្ខណៈធំទូលាយ ឬទទួលបានបានប្រាក់ចំណូលខ្ពស់។ រីឯ មុខវិជ្ជាណាដែលសំខាន់ តែមិនសូវត្រូវប៉ាន់ ត្រូវបានមើលរំលងដោយអ្នកសិក្សា។


 
មុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន គណនេយ្យ គ្រប់គ្រង សេដ្ឋកិច្ច ច្បាប់ ហាក់បីដូចជាកំពុងមានប្រជាប្រិយភាពនៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ រីឯមុខវិជ្ជាទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា និងប្រវត្តិវិទ្យាហាក់បីដូចជាស្ថិតនៅឆ្ងាយពីចំណាប់អារម្មណ៍របស់អាណាព្យាបាល សិស្ស និងនិស្សិត។ 
 
ទោះទិដ្ឋភាពជាក់ស្តែង វាយ៉ាងណាក៏ដោយក្តី ក៏អ្នកជំនាញផ្នែកអប់រំមួយចំនួននៅតែផ្តល់តម្លៃខ្ពស់ទៅលើមុខវិជ្ជា៤ខាងលើ (ទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា និងប្រវត្តិវិទ្យា) ជាពិសេស មុខវិជ្ជាទស្សនវិជ្ជា។ ទស្សនវិជ្ជា គឺជាមាតា-បីតានៃវិទ្យាសាស្រ្ត។ មុខវិជ្ជាទស្សនវិជ្ជា ដើរតួនាទីសំខាន់ណាស់សម្រាប់បុគ្គល, គ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល និងវារឹតតែសំខាន់ទៅទៀត នៅពេលណាសង្គមកាន់តែស្មុគស្មាញ។ 
 
លោក ឈុត ប៊ុនថង បណ្ឌិតផ្នែកទស្សនវិជ្ជា បានបញ្ជាក់ថា មុខវិជ្ជានេះបង្រៀនបុគ្គលគ្រប់រូបឲ្យចេះថ្លឹងថ្លែង, ចេះពិចារណា, ចេះគិតឲ្យហ្មត់ចត់ និងចេះគិតបែបតក្កវិជ្ជា។ មុខវិជ្ជានេះកាន់តែមានសារសំខាន់ទៅទៀតនៅពេលដែលសង្គមមួយកាន់តែប្រឈម និងកាន់តែស្មុគស្មាញ ជាពិសេស ក្នុងសម័យកាលលំហូរព័ត៌មាននៅលើបណ្តាញសង្គម។ លោកទស្សនវិទូរូបនេះ បានលើកឡើងបន្ថែមទៀតថា៖«មុខវិជ្ជាហ្នឹង វាអនុញ្ញាតឲ្យយើងចេះញែកចេញរវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ វាអនុញ្ញាតឲ្យយើងសម្រេចចិត្តជឿ ឬមិនជឿលើរឿងអ្វីមួយ»។ 
 
សារសំខាន់នៃមុខវិជ្ជាទស្សនវិជ្ជា ក៏ត្រូវបានលើកឡើងដោយអ្នកស្រី ខុម សាខន អនុបណ្ឌិតផ្នែកទស្សនវិជ្ជាផងដែរ។ សម្រាប់អ្នកស្រី សាខន, មុខវិជ្ជាទស្សនវិជ្ជាបង្រៀនមនុស្សឲ្យចេះគិតបែបរិះគន់, រិះគន់បែបច្នៃប្រឌិត និងរិះគន់បែបសហការ។ តែទោះជាយ៉ាងណា ក៏អ្នកស្រីសម្តែងការសោកស្តាយចំពោះសង្គមដែលបារម្ភ ឬខ្លាចពាក្យថា«រិះគន់»។ មានការរិះគន់ទើបមានការអភិវឌ្ឍ និងកែលម្អរ។ 
 
មិនត្រឹមតែប៉ុណ្ណោះ មុខវិជ្ជាទស្សនវិជ្ជាមានសារសំខាន់សម្រាប់ការគ្រប់គ្រង ទោះនៅក្នុងវិស័យអ្វីក៏ដោយ។ ត្រង់ចំណុចនេះ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បានសរសេររំលេចឡើងនៅក្នុងសៀវភៅ«យុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំ»របស់លោកថា មុខវិជ្ជាបួនយ៉ាងដែលមានសារសំខាន់សម្រាប់អ្នកដឹកនាំ ក្នុងនោះមាន៖ ទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា និងប្រវត្តិវិទ្យា។ លោកប៉ិច បូឡែន បញ្ជាក់នៅក្នុងសៀវភៅរបស់លោកថា៖«ទស្សវិជ្ជា គឺជាមុខវិជ្ជាបណ្តុំដោយគតិបណ្ឌិត»។ «អ្នកដឹកនាំត្រូវតែជាមនុស្សដែលមានចំណេះដឹងទូលំទូលាយទាំងផ្នែកខ្លួនកំពុងធ្វើ រួមនឹងមុខវិជ្ជា៤ទៀត គឺទស្សនវិជ្ជា ចិត្តវិទ្យា សង្គមវិទ្យា និងប្រវត្តិវិទ្យា»។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក ប៉ិច បូឡែន។ 
 
អ្នកជំនាញផ្នែកអប់រំ បានគត់សម្គាល់បន្ថែមទៀតថា មុខវិជ្ជាទស្សវិជ្ជានេះ ក៏មានសារសំខាន់ខ្លាំងណាស់ផងដែរសម្រាប់អ្នកជំនួញ ជាពិសេស ក្នុងជំនាញទីផ្សារ និងការលក់ ព្រោះ មុខវិជ្ជានេះអនុញ្ញាតឲ្យអ្នកជំនួញស្គាល់ចិត្តសាស្រ្តមហាជន ឬអតិថិជនកាន់តែច្បាស់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com