កំណាព្យ
ជាតិ
ដំណឹង!
15, May 2021 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
ប៉ាកកាខ្មៅ កំណាព្យ បទ ពាក្យ៧


ដំណឹង ជិតឆ្ងាយផ្សាយវែងខ្លី ដំណឹង ក្តាំក្តីក្តុកក្តួលក្តៅ
ដំណឹង ផ្សព្វផ្សាយទាំងក្នុងក្រៅ ដំណឹង ក្តៅៗទាន់ហេតុការណ៍។

ដំណឹង ដំណើរអភិវឌ្ឍន៍ ដំណឹង ហ៊ុំព័ទ្ធរដ្ឋប្រហារ
ដំណឹង ជួញដូរលក់នៅផ្សារ ដំណឹង អាហារឡើងចុះថ្លៃ។

ដំណឹង ពីគ្រប់និន្នាការ ដំណឹង សិក្សាសាកកែច្នៃ
ដំណឹង ចេញផ្សាយទាំងយប់ថ្ងៃ ដំណឹង តម្លៃត្រង់ផ្សាយពិត។

ដំណឹង ក្លែងក្លាយគ្រោះក្រែលក្រៃ ដំណឹង ប្រល័យនាំភ័យភិត
ដំណឹង នាំគ្រោះដល់ជីវិត ដំណឹង នេះមិត្តត្រូវប្រយ័ត្ន។

ដំណឹង ពិតពេញដោយប្រយោជន៍ ដំណឹង ក្លែងហោចជួបវិបត្តិ
ដំណឹង មិនពិតគេចែងចាត់ ដំណឹង បំបាត់បំបែកជាតិ។

ដំណឹង គួរជាទីទុកចិត្ត ដំណឹង ពិតឋិតឥតគ្រោតគ្រាត
ដំណឹង ល្អអានហើយអានទៀត ដំណឹង មិនឃ្លាតពីក្រឹត្យក្រម។

ដំណឹង មានវិជ្ជាជីវៈ ដំណឹង ជឿជាក់ប្រភពផ្សំ
ដំណឹង អ្នកកាសែតរៀបចំ ដំណឹង ស័ក្តសមអានចំណេញ។

ដំណឹង លម្អិតឥតលម្អៀង ដំណឹង មិនផ្អៀងពេលផ្សាយចេញ
ដំណឹង មិនភ័យខ្លាចគេដេញ ដំណឹង ពេញលេញ មិនបំពុល៕




 

© រក្សាសិទ្ធិដោយ thmeythmey.com