ជាតិ
បុរាណវិទូ សន្និដ្ឋានថា ទបង្ហូរទឹកដែលរកឃើញនៅទីលានជល់ដំរី ជាប្រព័ន្ធប្រឡាយទឹកក្រុង អង្គរធំ
15, May 2021 , 7:59 am        
រូបភាព
អាជ្ញាធរជាតិអប្សារារកឃើញទបង្ហូរទឹក ឬលូបង្ហូរទឹក ខណៈពេលអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធទឹកនៅបរិវេណព្រះលានជល់ដំរី។ បុរាណវិទូបានសន្និដ្ឋានថា ទបង្ហូរទឹក ឬលូបង្អូរទឹកនេះ បានស្ថាបនានៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលព្រះអង្គរៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកនៅក្រុងអង្គរធំ។

 
ក្រុមបុរាណវិទូបានប្រទះឃើញទបង្ហូរ នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរី ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃជាផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។ 
 
ទបង្ហូរទឹកនេះកសាងឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជា គម្របពីលើមានកម្ពស់ជិតកន្លះម៉ែត្រ ទទឹងមុខសម្រាប់ទឹកហូរ០,២ម៉ែត្រ និងមាន បណ្តោយ ៦ម៉ែត្រ។ 


 រូបភាពពី អាជ្ញាជាតិអប្សារា

លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានសន្និដ្ឋានជាបឋមបានថាទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឱ្យមានប្រព័ន្ធផ្លូវនិងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។
 
ក្រៅពីនេះក៏មានរន្ធត្រដេវមួយ នៅទិសឦសានសម្រាប់បញ្ជូលទឹកមកក្នុងក្រុង
និងរន្ធត្រដេវនៅទិសនិរតីសម្រាប់បង្ហូរទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។
 


 រូបភាពពី អាជ្ញាជាតិអប្សារា

ការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្វែងយល់ពីពីរចនាសម្ពន្ធ ដំណាក់កាលនៃការរៀបចំទីធ្លាមុខព្រះបរមរាជវាំង និងការវិវឌ្ឍន៍នៃរចនាសម្ពន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីតាមយុគសម័យនីមួយៗ។ ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ពន្ធបុរាណជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ពន្ធសំណង់ផ្សេងៗជាច្រើនទៀត៕ 


 រូបភាពពី អាជ្ញាជាតិអប្សារា


  រូបភាពពី អាជ្ញាជាតិអប្សារា
 

Tag:
 អាជ្ញាធរជាតិអប្សារា
© រក្សាសិទ្ធិដោយ thmeythmey.com