អន្តរជាតិ
តុលាការវេណេស៊ុយអេឡាដាក់ទោស មន្ត្រីប៉ូលិសម្នាក់២៥ឆ្នាំពីបទសម្លាប់បាតុករកាលពីឆ្នាំ២០១៧
15, May 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
តុលាការមួយនៅប្រទេសវេណេស៊ុយអេឡា បានកាត់ទោសមន្ត្រីប៉ូលិសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ជុំវិញករណីឃាតកម្មលើយុវជនម្នាក់ដែលតវ់ាប្រឆាំងលោកប្រធានាធិបតី Nicolas Maduro កាលពីឆ្នាំ២០១៧។

 
តុលាការនៅរដ្ឋ Anzoategui បានផ្តន្ទាទោសអតីតមន្ត្រីប៉ូលិសលោក Onan Josue Pereira Irigoyen ពីបទ «មនុស្សឃាត» និង «ប្រើប្រាស់អាវុធខុសកាលៈទេសៈ» ក្នុងករណីសម្លាប់អ្នកតវ៉ាម្នាក់ឈ្មោះ Cesar Pereira នៅក្នុងក្រុង Lecheria ក្បែររដ្ឋធានី Caracas។
 
យោងតាម AFP កាលពីឆ្នាំ២០១៨ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតទាក់ទងនឹងការសម្លាប់រង្គាលលើអ្នកតវ៉ាប្រមាណ១០០នាក់ដែលប្រឆាំងរដ្ឋាភិបាលលោក Maduro នាឆ្នាំ២០១៧។ 
 
 លោកស្រី Delcy Rogriguez កាលពីដើមខែឧសភា នេះ បានផ្ញើរបាយការណ៍ទៅកាន់ ICC ដោយច្រានចោលបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកស្រីឲ្យតុលាការអន្តរជាតិពិចារណារាល់ករណីដែលបានកើតឡើងដោយផ្អែកលើអង្គហេតុជាក់ស្តែង។
 
អគ្គព្រះរាជអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានចោទប្រកាន់សមាជិកឆ្មាំសន្តិសុខជាតិចំនួន១២នាក់ពីបទឃាតកម្មលើយុវជនអាយុ២០ឆ្នាំ ក្រោយរងគ្រោះដោយសារការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ 
 
ទីបំផុត អតីតមន្ត្រីប៉ូលិស Onan Josue Pereira Irigoyen ត្រូវបានរកឃើញថា ជាជនដៃដល់តែម្នាក់គត់ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ២៥ឆ្នាំ និង៨ខែ ពីបទមនុស្សឃាតលើយុវជនវ័យក្មេងរូបនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com