កីឡាជាតិ
ជាតិ
ខេត្តសៀមរាប ព្រះសីហនុ និងកែប នឹងក្លាយជាទីលានប្រណាំងកង់នៅស៊ីហ្គេម ២០២៣
15, May 2021 , 9:59 am        
រូបភាព
ដោយ៖ នី ណារិទ្ធ 
ខេត្ត៣ ដែលមានសក្ដានុពលជាងគេនៅកម្ពុជា និងក្លាយជាទីលានប្រណាំងកង់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង ។ ក្នុងនោះ មានខេត្តសៀមរាប ព្រះសីហនុ និងកែប ។



លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានលើកឡើងថា ភូមិសាស្រ្តនៅតំបន់ ខាងលើនេះ វាពិតជាសក្តិសមសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ ដោយសារតែជាតំបន់ទេសចរណ៍។ ម្យ៉ាងទៀតប្រភពធនធានកីឡាករ-កីឡាការិនី គ្រូបង្វឹក ភាគច្រន ក៏កើតចេញពីខេត្តតំបន់ទេសចរណ៍និងវប្បធម៌នេះផងដែរ ។
 
បើតាមលោក ចំរើន ខេត្តសៀមរាបមានហេដ្ឋារចនាសម្ព័ន តំបន់ទេសចរណ៍ជាច្រើន ដូចជាព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ ឧទ្យានភ្នំគូលែន ដែលអាចរៀបចំការប្រកួតប្រភេទ កង់ភ្នំ កង់គក់ ដែលក្រុមការងារបច្ចេកទេសបានចុះទៅត្រួតពិនិត្យម្ដងរួចមកហើយ ។ 
 
ដោយឡែកខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរសមុទ្រដែលមានភាពទាក់ទាញ ដែលសហព័ន្ធធ្លាប់បានរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោក ដោយជោគជ័យម្ដងហើយ កាលពីដើមឆ្នាំ២០២០។ ខេត្តឆ្នេរសមុទ្រមួយនេះ នឹងអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ចូលរួមទស្សនាគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ ។ ចំណែកខេត្តកែប ក៏មានលក្ខណស្រដៀងគ្នានិងខេត្តព្រះស៊ីហនុផងដែរ។ នេះបើតាមអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន។
 
«ក្នុងចំណោមខេត្តទាំង៣ គឺខេត្តសៀមរាប ដែលមានអទិភាពជាងគេសម្រាប់ការប្រណាំងកង់នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។ នេះបើតាមលោក នូ ចំរើន។
 
ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមប្រព្រឹត្តទៅចាប់ថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com