អន្តរជាតិ
លោក ប្ល៊ីងខិន ៖ អាមេរិកនឹងមិនទុកឱ្យអូស្ត្រាលីប្រឈមមុខនឹងចិនតែឯងឡើយ
14, May 2021 , 7:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
ដោយ ជា ពេជ្រដាឡែន
 
ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន ប្រកាសនៅចំពោះមុខសមភាគីអូស្ត្រាលីនៅថ្ងៃទី១៣ ខែឧសភា ថា អាមេរិកនឹងមិន ទុកឱ្យអូស្ដ្រាលីប្រឈមមុខតែឯងនឹងការបិទផ្លូវសេដ្ឋកិច្ចដោយចិនឡើយ។ លោក ប្ល៊ីងខិន ចាត់ទុកថា ទង្វើរបស់ចិនទៅលើសម្ពន្ធមិត្តអាមេរិក នឹងរឹតតែធ្វើឱ្យទំនាក់ទំនង អាមេរិក-ចិនមិនងាយប្រសើរឡើងឡើយ។

 
រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន បានជួបជាមួយសមភាគីអូស្ត្រាលី ម៉ារីស ផេន នៅថ្ងៃទី១៣ ខែឧសភាអំឡុងទស្សនកិច្ចរបស់លោកស្រី ផេន នៅវ៉ាស៊ីនតោន។ ប្រមុខការទូតទាំងពីរ បានជជែកពីការពង្រឹងទំនាក់ទំនងយូរឆ្នាំ និងសកម្មភាពរបស់ចិនផងដែរ។ 
 
ទំនាក់ទំនងចិន និងអូស្ត្រាលី មិនល្អឡើយនៅរយៈពេលចុងក្រោយ ដោយចិនបានដាក់សម្ពាឌខ្លាំងលើអូស្ត្រាលីតាមរយៈការរឹតបន្តឹងលើលើផលិតផលនាំចេញរបស់អូស្ត្រាលីមានទាំងស្រា និងធ្យូងថ្ម ជាដើម។ កាលពីសប្តាហ៍មុន ចិនបានផ្អាករាល់សកម្មភាពទាំងអស់ ក្រោមកិច្ចសន្ទនាសេដ្ឋកិច្ចទ្វេភាគី ជាមួយអូស្ត្រាលីទៀត។ អាមេរិក មិននៅស្ងៀមឡើយចំពោះមុខទង្វើរបស់ចិនលើសម្ពន្ធមិត្តជិតស្និទ្ធរបស់ខ្លួន។ ចំពោះមុខលោកស្រី ផេន លោក ប្ល៊ីងខិន ប្រកាសគាំទ្រអូស្ត្រាលីយ៉ាងមុតមាំ។
 
«ខ្ញុំសូមបញ្ជាក់ជាថ្មីថា អាមេរិកនឹងមិនទុកអូស្រ្តាលីតែម្នាក់ឯងទេចំពោះមុខវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចពីចិន។» លោក ប្ល៊ីងខិន និយាយបែបនេះក្នុងសន្និសីទសារព័ត៌មានមួយជាមួយលោកស្រី ផេន នៅក្រសួងការបរទេសអាមេរិក។ លោកបន្តថា អាមេរិកក៏ប្រាប់ចិនច្បាស់អស់ហើយថា ទង្វើលើសម្ពន្ធមិត្តអាមេរិក នឹងប៉ះពាល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៀតផង។
 
ក្រោមរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន អាមេរិកបានព្យាយាមពង្រឹងទំនាក់ទំនងឡើងវិញ ជាមួយ សម្ពន្ធមិត្ត និងដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងអំណាចដែលកំពុងកើនឡើង បន្ទាប់ពីរង្គោះរង្គើអំឡុងរដ្ឋបាលលោក ដូណាល់ ត្រាំ ។ ជារឿយៗ អាមេរិក តែងឈឺឆ្អាលប្រទេសជិតខាងរបស់ចិន ជាពិសេសប្រទេសសម្ពន្ធមិត្តដែលត្រូវបានគំរាមកំហែងផ្នែកសេដ្ឋកិច្ចក្តី ឬនយោបាយក្ដីពី រដ្ឋាភិបាលប៉េកាំង។
 
ក្នុងសន្និសីទដដែលនោះ លោកស្រី ផេន បញ្ជាក់ថា អូស្ត្រាលី នៅតែចង់បានទំនាក់ទំនងបែបស្ថាបនាជាមួយចិន។ ប៉ុន្តែប្រមុខការទូតអូស្ត្រាលីរូបនេះក៏លើកឡើងដែរថា អូស្ត្រាលី នឹងការពារផល ប្រយោជន៍របស់ខ្លួន ប្រសិនបើមានការប៉ះពាល់ពីសំណាក់ចិន៕
 
 
 
 
 

Tag:
 អាមេរិក
  ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com