កីឡាអន្តរជាតិ
អន្តរជាតិ
ម្តាយរបស់ Ronaldo បញ្ចុះបញ្ចូលកូនត្រឡប់ទៅលេងឱ្យក្រុមចាស់ Sporting វិញ
14, May 2021 , 9:29 pm        
រូបភាព
អ្នកស្រី Dolores Aveiro ម្តាយបង្កើតរបស់ Cristiano Ronaldo ព្យាយាមបញ្ចុះបញ្ចូលឱ្យកូនប្រុសខ្លួនវិលត្រឡប់ទៅលេងឱ្យ Sporting Lisbon ដែលជាអតីតក្លិបតាំងពីក្មេងរបស់គេវិញនៅរដូវកាលក្រោយ។


មានមនុស្សជាច្រើនតែងចង់ឱ្យ Ronaldo ខ្សែប្រយុទ្ធ Juventus ទៅចូលរួមលេងជាមួយក្លិបល្បីៗនៅអឺរ៉ុប ប្រសិនរូបគេចាកចេញពីអ៊ីតាលីក្រោយបញ្ចប់រដូវកាលនេះ។ ផ្ទុយទៅវិញ ម្តាយរបស់ Ronaldo បែជាចង់ឱ្យកូនត្រឡប់ទៅក្លិបចាស់ ដែលមានកម្រិតមធ្យមទៅវិញ។
 
 ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ កំពុងនាំមុខដាច់ក្នុងនាមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេចំនួន២៨គ្រាប់ក្នុងតារាង Serie A ក្នុងរដូវកាលនេះ ដោយនាំមុខ Romelu Lukaku របស់ Inter Milan ៦គ្រាប់។ 
 
Ronaldo ក៏ទើបរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី ១០០ សម្រាប់សេះបង្កង់ផងដែរ ក្រោយជួយក្រុមទទួជ័យជម្នះ ៣-១ លើក្រុម Sassuolo នាជំនួបលីគកំពូលអ៊ីតាលីសប្តាហ៍ទី៣៦។ យ៉ាងណា Juventus កំពុងប្រឈមមិនបានលេង Champions League រដូវកាលក្រោយ ហើយ Ronaldo ក៏ត្រូវបានគេជឿជាក់ថាទំនងនឹងចាកចេញពីក្លិបយក្សនេះផងដែរ។
 
ផ្ទុយពី Juventus ដែលកំពុងយ៉ាប់យឺន អតីតក្រុមចាស់ដែល Ronaldo ចាប់ផ្តើមអាជីព Sporting ឯណោះវិញ បានក្លាយជាជើងឯកលីគកំពូលព័រទុយហ្កាល់នៅរដូវកាល ២០២០-២១ នេះទៅហើយ ទាំងនៅសល់២ប្រកួត។ 
 
ស្របពេលគ្នានេះ អ្នកស្រី Aveiro ម្តាយបង្កើតរបស់ Ronaldo ដែលជាអ្នកគាំទ្រក្លិប Sporting  បានបញ្ជាក់យ៉ាងច្បាស់អំឡុងពេលអបអរការលើកពានរបស់ក្រុមនៅប្រទេសកំណើតខ្លួននេះថាអ្នកស្រីនឹងព្យាយាមបញ្ចុះបញ្ចូលកូនប្រុសត្រឡប់ទៅក្លិបចាស់វិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«ខ្ញុំនឹងនិយាយជាមួយ Ronaldo ដើម្បីនាំគាត់ត្រឡប់ទៅវិញ។ នៅឆ្នាំក្រោយគាត់នឹងទៅលេងនៅ Alvalade កីឡដ្ឋានរបស់ Sporting»។ នេះជាការអះអាងរបស់អ្នកស្រី Aveiro។
Ronaldo ដែលសព្វថ្ងៃមានវ័យ ៣៦ ឆ្នាំទៅហើយ នៅសល់កិច្ចសន្យា១ឆ្នាំទៀតនៅ Juventus។ មានព័ត៌មានជាច្រើនចុះផ្សាយថា រូបគេអាចនឹងត្រឡប់ទៅក្រុមចាស់ Manchester United ឬក្រុមយក្សបារាំង PSG នៅរដូវកាលក្រោយ៕
 

Tag:
 Cristiano Ronaldo
  Dolores Aveiro
© រក្សាសិទ្ធិដោយ thmeythmey.com