ជាតិ
ជនពិការភ្នែក កំពុងជួបបញ្ហាមួយចំនួន ក្នុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩
14, May 2021 , 9:59 pm        
រូបភាព
 អ្នកជំងឺកំពុងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលចត្តាឡីស័ក នៅវិមានពិភពថ្មីសែនសុខ។
អ្នកជំងឺកំពុងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលចត្តាឡីស័ក នៅវិមានពិភពថ្មីសែនសុខ។
ភ្នំពេញ៖ បន្ទប់ទឹកនៅឆ្ងាយពីកន្លែងសម្រាក ,ខ្វះសម្ភារសម្អាតបន្ទប់ស្នាក់នៅ និងបន្ទប់ទឹក ,ពិបាកធ្វើដំណើរចេញទៅយកអាហារ ទៅបើកថ្នាំ និងដើរហាត់ប្រាណជាដើម គឺជាផលលំបាករបស់អ្នកមានពិការភាពភ្នែក ខណៈពេលកំពុងសម្រាក និងព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលចត្តាឡីស័ករួម។

 
មិនត្រឹមតែអ្នកមានកាយសម្បទាគ្រប់បរិបូណ៍ទេ ដែលមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែក៏មានជនមានពិការភាពដែរ ទាំងភ្នែក និងកាយសម្បទា។ ពិតណាស់ ពួកគេប្រាកដជាមានឧបសគ្គច្រើនជាងមនុស្សធម្មតា។ 
 
ជាជនមានពិការភាពភ្នែកតាំងពីកំណើត បុរសសម្បុរស្រអែម រាងខ្ពស់មួយរូប ដែលតទៅនេះយើងសូមផ្ដល់ឈ្មោះ ភត្រា ដល់គាត់។ ភត្រា មិនចង់បញ្ចេញអត្តសញ្ញាណឡើយ ដ្បិតអីគេខ្លាចថាគ្រួសារដឹង ហើយមានការព្រួយបារម្ភ។
 
បានចូលទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅវិមានពិភពថ្មីសែនសុខ កាលពីថ្ងៃទី១០ ខែឧសភា ភត្រា ត្រូវបានគេរៀបចំឱ្យស្នាក់នៅក្នុងសាលធំ ជាន់ផ្ទាល់ដី ជាមួយអ្នកជំងឺដ៏ទៃទៀត ប្រហែលខ្ទង់រយអ្នក ដែលសុទ្ធសឹងជាមនុស្សមានកាយសម្បទាពេញបរិបូណ៍។ មានវ័យ២៨ឆ្នាំ ភត្រា ដែលមកពីខេត្តកណ្ដាលនោះ បានអះអាងថា ខ្លួនហាក់មានការលំបាក សម្រាប់ការដើរទៅបន្ទប់ទឹក ដែលមានចម្ងាយឆ្ងាយ ពីកន្លែងសម្រាក។ 


 
ភត្រា ដែលជាតន្ត្រីករភ្លេងបុរាណ ពន្យល់បន្ថែមដូច្នេះ៖«លំបាកច្រើន តែធ្វើម៉េចអ្នកភ្នែកភ្លឺក៏គេលំបាកដូចតែខ្ញុំដែរហ្នឹង។ ប៉ុន្តែរឿងទៅបន្ទប់ទឹក សម្រាប់ខ្ញុំពិបាកខ្លាំងដែរ ព្រោះឆ្ងាយពីកន្លែងសម្រាកប្រហែលពី៥០ទៅ១០០ម៉ែត្រ។ ហើយខ្ញុំមានជំងឺរលាកតម្រងនោម ខ្ញុំត្រូវទៅបន្ទប់ទឹកញឹក ដូច្នេះខ្ញុំត្រូវពឹងមិត្តឱ្យគាត់ជូនខ្ញុំទៅ។ គាត់អត់ថាអីទេ ព្រោះគាត់យល់ពីខ្ញុំ ប៉ុន្តែខ្ញុំវិញទេ ដែលអាណិតគាត់ ព្រោះគាត់កំពុងតែសម្រាន្តលក់ ខ្ញុំដាស់គាត់រហូត»។ 
 
ក៏ជួបបញ្ហាលំបាករឿងបន្ទប់ទឹកដូចគ្នាដែរ លោក ចិត្រា ហាក់អួលដើមករ នៅពេលដែលលើកឡើងពីបញ្ហារបស់ខ្លួន។ ចិត្រា គឺជាឈ្មោះថ្មីរបស់បុរសមានផ្ទុកជំងឺកូវីដ-១៩ មួយរូប ដែលមានពិការភាពភ្នែកទាំងសងខាង នៅខេត្តព្រះសីហនុ។ បុរសរូបនេះ ក៏មិនចង់បង្ហាញឈ្មោះពិតរបស់ខ្លួនដែរ ព្រោះលោកខ្លាចថា ត្រូវបានគេរើសអើងក្រោយជាពីជំងឺកូវីដ-១៩ ហើយមុខរបររបស់គាត់ក៏អាននឹងប៉ះពាល់ដែរ។
 
ដ្បិតមានបន្ទប់ក្នុងសណ្ឋាគារ ដោយត្រូវស្នាក់នៅត្រឹមតែ៤នាក់ ព្រមទាំងមានបន្ទប់ទឹកនៅក្នុងនោះផងក៏ដោយចុះ ប៉ុន្តែ ចិត្រា ហាក់សៅហ្មងនឹងបន្ទប់ទឹកនេះខ្លាំង។ ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ចិត្រា ថាលោកពិបាកប្រើបន្ទប់ទឹកខ្លាំង ព្រោះក្បាលបាញ់ទឹកអនាម័យខូច ហើយកន្លែងចុចទឹកសម្អាតបង្គន់ក៏ខូចដូចគ្នា។ បន្ថែមពីនោះ សម្ភារសម្អាតបន្ទប់ទឹកក៏គ្មាន ហើយលោកត្រូវសម្អាតចានបង្គន់ដោយដៃផ្ទាល់។
 
ចិត្រា ដែលមានកូន២នាក់ បានបញ្ជាក់ដូច្នេះ៖«ខ្ញុំត្រូវបើកគម្របធុងទឹកបង្គន់ ចុះឡើងរាល់ពេលប្រើបង្គន់ ខ្ញុំខ្លាចធ្លាក់បែក វាពិតជាពិបាកណាស់ សម្រាប់ខ្ញុំដែលជាជនពិការភ្នែក។ ខ្ញុំក៏ពិបាករឿងសម្អាតបង្គន់ដែរ ព្រោះខ្ញុំអត់មានសម្ភារសំអាតសោះ ខ្ញុំយកតែសាប៊ូលាងចាន និងសាប៊ូម្សៅមកតាមខ្លួន។ ពេលសម្អាតបង្គន់ ខ្ញុំដាក់សាប៊ូនៅនឹងដៃ ហើយខ្ញុំប៉ាតលើចានបង្គន់ ដុសលាងវាទៅ។ ខ្ញុំធ្វើបែបនេះ ខ្ញុំក៏ខ្លាចឆ្លងមេរោគដែរ តែបើយើងអត់សម្អាត ប្រឈមការឆ្លងរោគខ្លាំងជាងហ្នឹងទៀត»។
 
ហើយអ្វីដែលធ្វើឱ្យ បុរសពិកាភ្នែករូបនេះ បញ្ជាក់ទាំងអួលដើមកនោះគឺ៖« ខ្ញុំបានប្រាប់ពេទ្យ ពីបញ្ហានេះដែរ តែពេទ្យឱ្យខ្ញុំទៅសួរសន្តិសុខ ហើយខ្ញុំមិនដឹងថាសន្តិសុខនៅឯណាទេ។ ខ្ញុំក៏បានប្រាប់រឿងនេះ ទៅប្រធានសមាគមហើយដែរ តែរហូតមកដល់ថ្ងៃនេះ ក៏អត់ទាន់មានអ្នកណាមកដោះស្រាយបញ្ហានេះដែរ»។
 
តាមពិតទៅកូនស្រីប្រុសរបស់បុរសវ័យ៣៩ឆ្នាំ ចិត្រា ក៏មានផ្ទុកកូវីដ-១៩ដែរ ហើយពួកគេបានមកព្យាបាល និងស្នាក់នៅក្នុងបន្ទប់ជាមួយឪពុក។ បុរសដែលមានភរិយា ជាជនមានពិការភាពភ្នែកដូនគ្នារូបនេះ បញ្ជាក់ថាមូលហេតុដែលលោកមិនឱ្យកូនៗទាំងពីរដុសលាងបង្គន់ ព្រោះខ្លាចថាពួកគេសម្អាតមិនស្អាត។
 
អាចថាជាសំណាងល្អមួយដែរ សម្រាប់លោក ចិត្រា ដែលមានកូននៅក្បែរ ដោយអាចជួយជូនគាត់ទៅបើកថ្នាំ ដើរហាត់ប្រាណ និងទៅយកម្ហូបអាហារ ពុំនោះសោត លោកអាចនឹងត្រូវលំបាកខ្លាំងជាងនេះ។
លោក ចិត្រា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងសណ្ឋាគាររុងកាន តាំងពីថ្ងៃទី១០ ខែឧសភា ហើយកូនទាំងពីររបស់លោក ដែលមានផ្ទុកកូវីដ-១៩ ដូចគ្នាដែរនោះ ក៏បានរួមដំណើរស្របពេលនោះដែរ។
 
អះអាងថាខ្លួនមានជំងឺអាឡែកស៊ីបំពង់ក និងជំងឺច្រមុះប្រចាំកាយតាំងពីយូរមកហើយ លោក ចិត្រា ថា បច្ចុប្បន្នលោកមានអាការផ្ដាសាយធំ ប៉ុន្តែសុខភាពរបស់លោក មិនមានបញ្ហាអ្វីធំដុំឡើយ។ លោក ចិត្រា ពុំបានដឹងថាខ្លួន បានឆ្លងកូវីដ-១៩ ដោយរបៀបណា និងពីរនរណាឡើយ។
 
ប្រឡប់ទៅចាប់អារម្មណ៍លោក ភត្រា វិញ លោកជាមនុស្សដែលពិបាករឿងដំណេក ព្រោះប្លែកកន្លែង និងត្រូវរំខានដោយសំឡេងខ្លះផង។ ភត្រា មានការព្យួយបារម្ភខ្លាចសុខភាពរបស់ខ្លួន កាន់តែយ៉ាប់ជាងមុន ដ្បិតអីលោកបានដឹងថា អ្នកជំងឺភាគច្រើន បានធ្វើដំណើរចុះឡើងកន្លែងស្នាក់នៅ ដោយពុំសូវមានការប្រុងប្រយ័ត្នខ្ពស់។


 
កន្លែងស្នាក់នៅរាងហប់បន្តិច ហើយត្រូវស្ថិតនៅជិតផ្លូវដើរផង ភត្រា ភាគច្រើនទៅងូតទឹកនៅពេលយប់និងពេលព្រឹក ដើម្បីបញ្ចៀសការកកស្ទះ ព្រោះតែមានមនុស្សច្រើន។ ចំពោះគ្រែ ខ្នើយ ពូក កន្ទេល ភួយ និងមុងជាដើម លោកទទួលបានការឧបត្ថម្ភគ្រប់គ្រាន់។
 
ត្រូវរាវក្នុងបន្ទប់ទឹកដើម្បីរកកន្លែងបោកសម្លៀកបំពាក់ រាល់ពេលងូតទឹក លោក ភត្រា ពុំសូវបានដឹងច្បាស់ឡើយ ថាបន្ទប់ទឹកត្រូវបានសម្អាតជារៀងរាល់ថ្ងៃឬយ៉ាងណា។ ទោះជាយ៉ាងណា លោកថាការស្នាក់នៅរួមគ្នាច្រើន លែងអីនឹងមានចំណុចខ្វះចន្លោះ។ ចំពោះម្ហូបអាហារ លោក ភត្រា ថាមានបរិបូណ៍ ដោយគ្រប់ពេល តែងមានបង្អែមផង។ 
 
ស្នាក់នៅក្នុងផ្ទះល្វែងរួមគ្នាជាមួយមិត្តជាច្រើនរូប ភត្រា និងមិត្ត៩នាក់ផ្សេងទៀត បានកើតជំងឺកូវីដ-១៩ ដោយត្រូវមកព្យាបាលនៅមណ្ឌលជាមួយគ្នា ហើយពួកគេ ទទួលបានការឧបត្ថម្ភទឹកអាល់កុលនិងថ្នាំពេទ្យមួយចំនួន ពីសប្បុរសជន។
 
បើទោះបីជាមានការលំបាកខ្លះក៏ដោយចុះ ប៉ុន្តែ ភត្រា ពុំហ៊ានស្នើសុំដើម្បីបានទៅស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែក ដែលមានបន្ទប់ទឹកក្នុងនោះស្រាប់ឡើយ ព្រោះលោកយល់ឃើញថា ទាំងអស់គ្នាសុទ្ធតែជួបការលំបាក។ 
 
ឆ្លើយតបនឹងបញ្ហាខាងលើ លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងឱ្យជនមានពិការភាពភ្នែកទូទាំងប្រទេស ថា លោកបានជូនដំណឹង ពីបញ្ហារបស់ជនមានពិការភាពភ្នែកទាំងពីរខាងលើ ទៅអាជ្ញាធរមានសមត្ថកិច្ចសរួចរាល់ហើយ។ ទោះជាយ៉ាងណា ចំពោះការជួយសម្រួលយ៉ាងណាមួយនោះ លោកក៏នៅពុំទាន់ទទួលបានដំណឹងដែរ។



 
លោក ចាប តូ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមរយៈតេលេក្រាមដូច្នេះ៖«ខេត្តព្រះសីហនុ ខ្ញុំបានទាក់ទងទៅឯកឧត្តម គួច ចំរើន រួចហើយ ដើម្បីសុំឱ្យគាត់ជួយសម្រួលពាក់ព័ន្ធនឹងបញ្ហាបន្ទប់ទឹកនោះ។ ចំណែកខាងភ្នំពេញ ខ្ញុំបានទាក់ទងទៅឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីសុំឱ្យគាត់បន្ថែមការយកចិត្តទុកដាក់ ដល់ជនមានពិការភាព។ សម្រាប់ការទៅបន្ទប់ទឹកញឹក គាត់(ភត្រា) អាចរកកន្ថោរ ព្រោះបើឱ្យយើងប្ដូរគាត់ទៅកន្លែងជិតបន្ទប់ទឹក អាចពិបាកដែរ។ ខ្ញុំក៏បានទាក់ទងទៅមន្ទីរសង្គមកិច្ច ដើម្បីអាចមានជាអំណោយផ្ដល់ជូនពួកគាត់ផងដែរ»។
 
ប្រធានសមាគមដែលមានវ័យ៣២ឆ្នាំ ចាប តូ ក៏បានអំពាវដល់ជនមានពិការភាព ទូទាំងប្រទេសត្រូវមានការការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្ដាច់ការចម្លង។ បន្ថែមពីនោះ លោកក៏បានស្នើសុំដល់អ្នកមានកាយសប្បទាគ្រប់គ្រាន់ទាំងឡាយ សូមកុំធ្វេសប្រហែសខ្លួន ហើយទៅចម្លងជំងឺដល់អ្នកពិការ ព្រោះអ្នកពិការប្រាកដណាស់ថា នឹងជួបផលលំបាកខ្លាំងក្នុងពេលព្យាបាល។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានជនមានពិការភាពចំនួន៦នាក់  បានផ្ទុកជំងឺកូវីដ-១៩ ដោយ៤នាក់នៅរាជធានីភ្នំពេញ និង២នាក់នៅខេត្ត។ យ៉ាងណាក៏ដោយ ជនមានពិការភាពមួយចំនួន ដែលបានផ្ទុកជំងឺកូវីដ-១៩ នៅពុំទាន់ហ៊ានប្រាក់គ្រួសាររបស់ពួកគេឡើយ ព្រោះពួកគេមិនចង់ឱ្យគ្រួសារមានការព្រួយបារម្ភ៕ 
 
 
 
 
 

Tag:
 ជនមានពិការភាពភ្នែក
  ចត្តាឡីស័ក
  ជំងឺ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com