COVID-19
ជាតិ
ស្រី្ត២នាក់ ដើរលក់បណ្ណចាក់វ៉ាក់សាំង ត្រូវចាប់បញ្ជូនទៅតុលាការ
14, May 2021 , 9:20 pm        
រូបភាព
ទិដ្ឋភាពនៅមុខតុលាការរាជធានីភ្នំពេញ
ទិដ្ឋភាពនៅមុខតុលាការរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្រី្ត២នាក់ ដើរលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបាន ឃ្លាត់ខ្លួននៅមុខរោងចក្រ ប្រ៊ីលៀន ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយបញ្ជូនទៅតុលាការរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។



លោក សុខសីហា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានដកហូតបណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ គឺស្មើនឹង២០សន្លឹក ពីស្រី្ត២នាក់ នៅមុខរោងចក្រប្រ៊ឹលៀន កាលពីថ្ងៃទី១០ ខែឧសភា។ លោក បន្ថែមថា ជនសង្ស័យទាំងពីរនោះ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងនេះ ក្នុងតម្លៃ១ម៉ឺនរៀនក្នុង១ច្បាប់ ទៅឲ្យបុរសម្នាក់ ទើបឈានដល់ឃាត់ខ្លួន ហើយក៏រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញរូបអះអាងថា ករណីឃាត់និងបញ្ជូនខ្លួនស្រី្តទាំង២នាក់ទៅតុលាការនេះ ជាករណីដំបូងពាក់ព័ន្ធនឹងការលក់បណ្ណចាក់វ៉ាក់សាំង។ ជាមួយគ្នាដែរ លើកឡើងថា ករណីនេះ កម្លាំងសមត្ថកិច្ចបានតាមដានជាច្រើនថ្ងៃមកហើយ រហូតដឹងច្បាស់ទើបឃាត់ខ្លួន៕



Tag:
 COVID-19
  លក់បណ្ណចាក់វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com