ជាតិ
ស្ទឹងមានជ័យ៣៖ អតីតចៅសង្កាត់បក្សសង្គ្រោះជាតិ មកជួយចៅសង្កាត់បច្ចុប្បន្នប្រយុទ្ធនឹងជំងឺកូវីដ
15, May 2021 , 9:17 am        
រូបភាព
រូបឆ្វេង លោក សាំង ស៊ីណា ,រូបស្តាំ លោក អ៊ុម ហឿង
រូបឆ្វេង លោក សាំង ស៊ីណា ,រូបស្តាំ លោក អ៊ុម ហឿង
 
ដោយ វិច្ឆិកា
 
មិនមែនអ្វីៗទាំងអស់សុទ្ធតែជានយោបាយឡើយ សម្រាប់ លោក សាំង ស៊ីណា។ នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ពិសេសចាប់ពីពេលដែលសាលារាជធានីដាក់វិធានការបិទខ្ទប់ និងកំណត់តំបន់ក្រហមនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ លោក ស៊ីណា ទំនងជាបានធ្វើឱ្យពលរដ្ឋក្នុងសង្កាត់នេះងឿងឆ្ងល់។ នោះក៏ដោយសារតែ អតីតចៅសង្កាត់ស្ទឹងមានជ័យទី៣នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខនៅក្បែរចៅសង្កាត់បច្ចុប្បន្នរបស់គណបក្សប្រជាជនកម្ពុជា គឺលោក អ៊ុម ហឿង ហើយអ្នកទាំងពីរបានប្រកៀកស្មាគ្នា ជួយពលរដ្ឋប្រឆាំងជំងឺកូវីដ-១៩។ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល លោក ស៊ីណា ពុំមានតួនាទីអ្វីឡើយ ប៉ុន្តែលោកនៅមានសន្ដានចិត្ត។​

 
នៅក្នុងរាជធានីភ្នំពេញ ខណ្ឌមានជ័យត្រូវបានកំណត់ថា ជាតំបន់ដែលមានស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ជាពិសេសនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣។ តាំងពីដំបូងឡើយ គ្រាន់នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣នេះ ភូមិទាំង៦ ត្រូវបានដាក់ជាតំបន់ក្រហម។ ដោយសារការអនុវត្តវិធានការតឹងរ៉ឹងរបស់អាជ្ញាធរ ទំហំតំបន់ក្រហមត្រូវបានបង្រួមនៅសល់ផ្នែកខ្លះនៃភូមិចំនួន៣ទៀតនៅក្នុងសង្កាត់នេះ គឺភូមិទ្រា៤ ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣។
 
ស្ថានភាពនេះតម្រូវឱ្យអតីតចៅសង្កាត់ និងចៅសង្កាត់ស្ទឹងមានជ័យទី៣បច្ចុប្បន្នត្រូវបន្តបេសកកម្មថែមទៀតដើម្បីធ្វើឱ្យភូមិសាស្ត្ររបស់ខ្លួនក្លាយជាតំបន់លឿងដូចផ្នែកជាច្រើននៅក្នុងរាជធានី។ នាព្រឹកថ្ងៃសៅរ៍ទី១៤ខែឧសភា លោកចៅសង្កាត់ អ៊ុម ហឿង អាយុ៦៩ឆ្នាំ និងលោក សាំង ស៊ីណា អាយុ ៥៥ឆ្នាំ កំពុងអង្គុយជុំគ្នាជាមួយស្មៀន និងយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជានៅក្នុងរោងប្រក់កៅស៊ូមួយ ដែលត្រូវបានសង់ជាទីកន្លែងធ្វើការ នៅលើផ្លូវវេងស្រេងក្បែរវិហារសាសនាគ្រឹស្តដ៏ធំមួយ។ ព្រះវិហារសាសនាគ្រឹស្ត ត្រូវបានប្រើប្រាស់ជាកន្លែងយកសំណាកពលរដ្ឋដែលសង្ស័យថាផ្ទុកជំងឺកូវីដ-១៩។ មនុស្សប្រមាណ២០០ ទៅ ៣០០នាក់ កំពុងអង្គុយនៅក្នុងរោងកៅស៊ូ ចាំវេនយកសំណាក។ នៅក្នុងរោងរបស់ចៅសង្កាត់ឯណេះវិញ បុរសចំណាស់ទាំងពីរកំពុងរង់ចាំជួបអភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្នផង ដើម្បីជជែកការងារ និងកំពុងរង់ចាំជួបតំណាងអង្គការ ការីតាស ដែលត្រូវនាំជំនួយម៉ាស់សុវត្ថិភាពមកជូនអាជ្ញាធរសង្កាត់ផង។ នៅក្នុងរោងនេះ ពុំមានសម្ភារអ្វីច្រើនឡើយក្រៅពី តុឈើវែងមួយនិងកៅអីជ័រមួយចំនួន សម្រាប់អង្គុយ និងតុមួយទៀតសម្រាប់ដាក់ម៉ាស៊ីនបោះពុម្ពឯកសារ និងម៉ាស៊ីនស្កែន ដែលជាសម្ភារចាំបាច់សម្រាប់កិច្ចការរដ្ឋបាល ដែលទទួលបន្ទុកដោយស្មៀន។


 
លោក ស៊ីណា ពាក់អាវដៃវែងពណ៌ខៀវក្រម៉ៅ អង្គុយទល់មុខលោកចៅសង្កាត់ អ៊ុម ហឿង បានរៀបរាប់អំពីមូលហេតុដែលលោកចូលរួមជួយការងាររបស់លោកចៅសង្កាត់ស្ទឹងមានជ័យទី៣។ «វាជាទឹកចិត្តខ្ញុំ។ ខ្ញុំចង់ជួយពលរដ្ឋក្នុងសង្កាត់។ ពេលនេះ ខ្ញុំមិនបានគិតពីអតីតកាលអ្វីទេ។ ទោះជាខ្ញុំគ្មានតួនាទី តែពលរដ្ឋ ដែលស្គាល់ខ្ញុំ គាត់សប្បាយចិត្តនៅពេលឃើញខ្ញុំចូលរួមជួយការងារលោកចៅសង្កាត់ និងជួយពួកគាត់។»។ លោក សាំង ស៊ីណា រំឭកយ៉ាងដូច្នេះជាមួយនឹងសំឡេងដែលឮរំងំនៅក្នុងម៉ាស់ដែលលោកពាក់ការពារដូចមនុស្ស៦នាក់ផ្សេងទៀតនៅក្បែរនោះ។ សម្រាប់លោក ស៊ីណា ពេលប្រទេសមានវិបត្តិដូចនេះ វាជាពេលដែលខ្មែរត្រូវជួយគ្នា។ លោកចៅសង្កាត់វិញតបមកដូច្នេះ៖«ខ្ញុំត្រេកអរពេលបានលោក ស៊ីណា មកជួយការងារ។ យើងមិនរើសអើងអ្វីឡើយ។ គាត់មានឆន្ទៈមោះមុត។»។
 
បុរសទាំងពីរដែលសុទ្ធតែពាក់ម៉ាស់ឃ្លុំមាត់និងច្រមុះ បានរៀបរាប់ដូចគ្នាថា ពួកគេត្រូវការកម្លាំងជួយគ្នាឆ្លងផុតពីមហន្តរាយដែលបង្កដោយជំងឺកូវីដ-១៩នេះ។ ពួកគេបន្តថា ស្ថានភាពពេលនេះហាក់ធូរស្រាលជាងពេលនៃការអនុវត្តការបិទខ្ទប់ដំបូង ដែលពេលនោះពលរដ្ឋពុំសូវស្តាប់អាជ្ញាធរ ហើយលួចធ្វើដំណើរផ្លាស់ទីយ៉ាងច្រើន ដែលតម្រូវឱ្យអាជ្ញាធរទាំងអស់ត្រូវមានវិធានការម៉ត់ចត់ទាំងពេលថ្ងៃនិងពេលយប់ទៀតផង។
 
យោងតាមស្ថិតិរបស់សាលាសង្កាត់ស្ទឹងមានជ័យទី៣ នៅក្នុងសង្កាត់នេះមានពលរដ្ឋ៥៣៤៥គ្រួសារ ក្នុងនោះពលរដ្ឋដែលមានលំនៅឋានអចិន្ត្រៃយ៍មានចំនួន ៤០០០គ្រួសារ និងពលរដ្ឋស្នាក់នៅបណ្ដោះអាសន្នមាន១៣៤៥គ្រួសារ។ ក្នុងក្របខណ្ឌនៃតួលេខផ្លូវការនេះ សង្កាត់នេះពលរដ្ឋសរុបមានចំនួន ជិត៤ម៉ឺននាក់។ ប៉ុន្តែអ្វីដែលគេមិនទាន់អាចគ្រប់គ្រងបាន គឺចំនួនរបស់កម្មករកម្មការិនី ដែលប្រែប្រួល ហើយដែលកំពុងរស់នៅក្នុងសង្កាត់នេះដែរ។
 
លោក ស៊ីណា បានបញ្ជាក់ថា នៅពេលនេះពលរដ្ឋទូទៅបានចូលរួមកាន់តែសកម្ម និងស្ដាប់ការណែនាំរបស់អាជ្ញាធរ។ សម្រាប់លោក ស៊ីណា ការណ៍នេះវាងាយស្រួលក្នុងការងារគ្រប់គ្រងស្ថានភាពនៃការរីករាលជំងឺកូវីដ ដែលត្រូវបានបន្តរកឃើញនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣។ លោក ស៊ីណា បង្ហាញអារម្មណ៍បារម្ភចំពោះខ្លួនឯងដែរ ដោយសារតែលោកចូលរួមការងារច្រើនជាមួយអាជ្ញាធរសង្កាត់ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖«ស្ថានភាពពេលនេះធូរស្រាល។ ខ្ញុំសង្កេតឃើញថា ពលរដ្ឋបានជួយគ្នាច្រើន។ ពួកគេពង្រឹងការធ្វើអនាម័យ។ ក្នុងករណីមានអ្នកសង្ស័យ ពួកគេបានណែនាំគ្នាឱ្យទៅយកសំណាក។»។


 
ចំពោះលោកចៅសង្កាត់ អ៊ុម ហឿង វិញ ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសាកលមួយនេះ បានផ្តល់ពិសោធន៍ការច្រើនដល់រូបលោក។ លោកថា អាជ្ញាធរត្រូវមានភាពបត់បែនច្រើនតាមស្ថានភាពជាក់ស្តែង ជាជាងផែនការ។ លោកបានផ្តល់ឧទាហរណ៍ថា ពេលខ្លះក្រុមគ្រូពេទ្យស្រាប់តែស្នើឱ្យនាំពលរដ្ឋ២០០នាក់ ដើម្បីមកទទួលការចាក់វ៉ាក់សាំងភ្លាមៗ ដែលលោកត្រូវអន្តរាគមន៍ភ្លាមៗ។ 
 
បន្ទាប់ពីបានពិភាក្សាការងារជាមួយលោកអភិបាលរងរាជធានីហើយ និងទទួលបានអំណោយពីអង្គការការីតាសរួចហើយ លោកចៅសង្កាត់ អ៊ុម ហឿង និងលោក សាំង ស៊ីណា ចេញដំណើរជាមួយគ្នាទៅមើលស្ថានភាពនៃការចាក់វ៉ាក់សាំងនៅក្នុងភូមិឫស្សី២ ដែលកំពុងប្រតិបត្តិដោយពេទ្យយោធា។ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ មានពលរដ្ឋសរុប៦៧៣៨៦នាក់ ដែលត្រូវបានលោកចៅសង្កាត់ស្នើទៅមណ្ឌលចាក់វ៉ាក់សាំង។ មកដល់ពេលនេះ ពលរដ្ឋជាង២ម៉ឺននាក់ហើយដែលទទួលបានការចាក់វ៉ាក់សាំង។
 
នៅក្នុងមណ្ឌលចាក់វ៉ាក់សាំង បុរសទាំងពីរបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ពដែលមមាញឹកផ្តល់ វ៉ាក់សាំងឱ្យពលរដ្ឋស្ទឹងមានជ័យទី៣។ អ្នកទាំងពីរ ដ្បិតធ្លាប់មាននិន្នាការនយោបាយផ្សេងគ្នាមែន ប៉ុន្តែ នៅពេលប្រជាជនជួបគ្រោះភ័យ ពួកគេបានទុកនយោបាយនៅម្ខាង ហើយងាកមករួមគ្នាជួយប្រជាជនវិញ ដូចពេលនេះអ៊ីចឹង៕ 












 

© រក្សាសិទ្ធិដោយ thmeythmey.com