អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី សម្រេចដាក់អាមេរិក និងឆែក ក្នុងបញ្ជីជា«រដ្ឋអមិត្ត»
15, May 2021 , 10:57 am        
រូបភាព
រុស្ស៊ី កាលពីថ្ងៃទី១៤ ខែឧសភា បានសម្រេចដាក់អាមេរិក និងសាធារណរដ្ឋឆែក ក្នុងបញ្ជីជា «រដ្ឋអមិត្ត» (unfriendly states) ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពល្អក់កករ។

 
មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក និងប្រទេសលោកខាងលិច កំពុងមានទំនាស់ជាច្រើន ទាក់ទិននឹង ការបញ្ជូនកម្លាំងទ័ពទៅក្បែរព្រំដែនអ៊ុយក្រែន ការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអាមេរិក និងសកម្មភាពផ្សេងទៀតជាដើម។ 
 
ដោយមានបញ្ហាជាច្រើនបែបនេះ រដ្ឋាភិបាលក្រុងមូស្គូ បានដាក់ចេញអនុក្រឹត្រមួយ នៅថ្ងៃទី១៤ ខែឧសភា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីរុស្ស៊ី លោកMikhail Mishustin ដោយមានភ្ជាប់ជាមួយបញ្ជីនៃ «រដ្ឋអមិត្ត»។ ក្នុងបញ្ជីនោះ រុស្ស៊ី បានសម្រេចដាក់អាមេរិក និងសាធារណរដ្ឋឆែក។ 
 
ក្នុងបញ្ជីរដ្ឋអមិត្តនេះ រុស្ស៊ី នឹងដាក់ប្រទេសទាំងឡាយណា ដែលបង្ហាញសកម្មភាពអមិត្តដាក់រុស្ស៊ី ប្រជាជន និងក្រុមហ៊ុនរបស់រុស្ស៊ី។ មកទល់ពេលនេះ មានតែអាមេរិក និងឆែកប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបញ្ជីខ្មៅខាងលើ។ បន្ទាប់ពីដាក់ប្រទេសទាំងពីរក្នុងបញ្ជី «រដ្ឋអមិត្ត» រុស្ស៊ី បានអនុញ្ញាតស្ថានទូតឆែក អាចមានបុគ្គលិកជនជាតិរុស្ស៊ី មិនឱ្យលើសពី ១៩នាក់ឡើយ ខណៈពេលស្ថានទូតអាមេរិក ត្រូវហាមឃាត់មិនឱ្យមានបុគ្គលិករុស្ស៊ីចូលបម្រើការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទំនាក់ទំនងក្រុងមូស្គូ និងក្រុងវ៉ាស៊ីនតោន កាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន នៅខែមករា កន្លងមក។ អាមេរិក និងរុស្ស៊ី នៅខែមេសា បានប្រកាសបណ្ដេញមន្រ្តីទូតទៅវិញទៅមក បន្ទាប់ពីរដ្ឋបាលលោកបៃឌិន បានចោទរុស្ស៊ីថា លូកលាន់ក្នុងការបោះឆ្នោត និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ 
 
ចំណែកទំនាក់ទំនងរវាងក្រុងមូស្គូ និងប្រាក ក៏មិនល្អប៉ុន្មានដែរ បន្ទាប់ពីសាធារណរដ្ឋឆែក បានចោទរុស្ស៊ីថា នៅពីក្រោយការបំផ្ទុះឃ្លាំងផ្ទុកគ្រាប់របស់ខ្លួន កាលពីឆ្នាំ២០១៤ ដែលជាហេតុធ្វើឱ្យភាគីទាំងពីរ បណ្តេញមន្រ្តីទូតចេញពីប្រទេសទៅវិញទៅមកថែមទៀត៕ 
 

Tag:
 រុស្ស៊ី
  អាមេរិក
  ឆែក
© រក្សាសិទ្ធិដោយ thmeythmey.com