COVID-19
ជាតិ
ស្ថានភាពកូវីដ-១៩ នៅតាមបណ្តាខេត្តគិតត្រឹមថ្ងៃទី១៤ ខែឧសភា
15, May 2021 , 6:03 pm        
រូបភាព
រូបថត៖ AFP
រូបថត៖ AFP
ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ រដ្ឋបាលខេត្តនីមួយៗបានចេញរបាយការណ៍ពីចំនួនអ្នកឆ្លង និងសះស្បើយរៀងៗខ្លួន ខណៈក្រសួងសុខាភិបាល ប្រកាសតែចំនួនអ្នកឆ្លងសរុប និងករណីស្លាប់ប៉ុណ្ណោះ។



សារព័ត៌មានថ្មីៗ បានបញ្ចូលជាបន្តបន្ទាប់ព័ត៌មានទាក់ទងនឹងការវិវត្តនៃស្ថានភាពកូវីដ-១៩ ដោយផ្អែកតាមរបាយការណ៍របស់បណ្តារដ្ឋបាលខេត្តពាក់ព័ន្ធ។ ខេត្តបាត់ដំបង សៀមរាប និងឧត្តរមានជ័យ ផ្តល់របាយការណ៍លំអិតជាងគេទាក់ទងនឹងស្ថានភាពឆ្លង ដោយរដ្ឋបាលខេត្តទាំងនេះ ផ្តល់នូវតួលេខសរុបទាក់ទងនឹងករណីឆ្លងក្នុងមូលដ្ឋានរបស់ខ្លួន បន្ថែមពីលើរបាយការណ៍ប្រចាំថ្ងៃ។

ខាងក្រោមនេះ ជាករណីកូវីដ-១៩ តាមបណ្តាខេត្ត នាថ្ងៃទី១៤ ខែឧសភា៖

តាកែវ៖ ឆ្លងថ្មី៣០នាក់ ដោយពាក់កណ្តាលជាកម្មការិនីកររោងចក្រសាន់បូរ

ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ទាំង៣០នាក់នេះ កម្មការិនីរោងចក្រសាន់បូរមានចំនួន១៤នាក់ អាជីវករផ្សារយាយត្រប់ ក្នុងស្រុកសំរោងចំនួន៧នាក់ អាជីវករផ្សារសំរោងយ៉ោងចំនួន២នាក់,អាជីវករផ្សារត្រាំខ្នារម្នាក់,កម្មការនីរោងចក្រជេឌីម្នាក់,អាជីវករបុរី១០០ខ្នងភ្នំពេញម្នាក់,កម្មកររោងចក្រសាន់លូភ្នំពេញម្នាក់, កសិករម្នាក់ និងកុមារអាយុ១ឆ្នាំម្នាក់ នៅស្រុកបាទី និងជាងដែកម្នាក់ទៀត នៅស្រុកព្រៃកប្បាស។

បាត់ដំបង៖ ឆ្លងថ្មី៩នាក់ ក្នុងនោះ៤នាក់ ជាពលករមកថៃ
តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ពលករដែលត្រឡប់មកពីប្រទេសថៃទាំង៤នាក់នោះ ជាអ្នកស្រុកបាណន់ មានស្រ្តីវ័យ៣៣ឆ្នាំម្នាក់ បុរសវ័យ៣នាក់ទៀត អាយុ៣៥ឆ្នាំ,៤៦ឆ្នាំ និង៣២ឆ្នាំ។ ចំណែកឯ អ្នកឆ្លងកូវីដចំនួន៥នាក់ទៀត មានមកពីភ្នំពេញ ខេត្តព្រះសីហនុ,ពោធិ៍សាត់,កំពង់ស្ពឺ និងប៉ោយប៉ែត។ ជាមួយគ្នានេះ ខេត្តបាត់ដំបងក៏បានអ្នកជាសះស្បើយពីកូវីដចំនួន២នាក់ផងដែរ។

ចាប់ផ្តើមពីមានការរាលដាលកូវីដ-១៩ បាត់ដំបងមានអ្នកជំងឺសរុប៨៥នាក់ ដោយសះស្បើយ៣១នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល៥៣នាក់។

កំពង់ធំ៖ ករណីថ្មី៥នាក់ ដោយ២នាក់មកពីថៃ និង៣នាក់ពីភ្នំពេញ
អ្នកឆ្លងថ្មីទាំង៥នាក់នេះ មានស្រ្តីវ័យ៣៣ឆ្នាំម្នាក់ និងបុរសវ័យ៣៩ឆ្នាំម្នាក់ទៀត បានធ្វើដំណើរពីប្រទេសថៃ មកស្រុកកំណើតខ្លួននៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ចំណែកឯ៣នាក់ទៀតបានធ្វើដំណើរមកពីភ្នំពេញ មានស្រ្តីម្នាក់ និងបុរសម្នាក់ អាយុ១៩ឆ្នាំ និងម្នាក់ទៀតជាស្រ្តីអាយុ២២ឆ្នាំ។ ក្នុងចំណោមអ្នកជំងឺទាំង៥នាក់នេះ មានម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និង៤នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ព្រៃវែង៖ ករណីថ្មី៣នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)
ក្នុងចំណោមនោះ មានបុរសវ័យ៣៧ឆ្នាំម្នាក់ រស់នៅស្រុកពាមជរ បុរសម្នាក់ទៀតអាយុ២៦ឆ្នាំ រស់នៅស្រុកពាមរក៍ និងបុរសម្នាក់អាយុ៣៦ឆ្នាំ រស់នៅស្រុកកំចាយមារ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ។

ប៉ៃលិន៖ ២ករណី ដោយ១ទៅពីតំបន់ក្រហមរាជធានីភ្នំពេញ និង១ទៀតពីក្រុងតាខ្មៅ
ករណីថ្មី២នាក់នោះ មានម្នាក់ឈ្មោះ សុខ ឆេងហុង អាយុ២៤ឆ្នាំ បានធ្វើដំណើរចេញតំបន់ក្រហម រាជធានីភ្នំពេញ មកកាន់ខេត្តប៉ៃលិន និងម្នាក់ទៀត ឈ្មោះ ប៊ុន ទាវ បានធ្វើដំណើរចេញពីក្រុងតាខ្មៅ ខេត្តកណ្ដាល។ រដ្ឋបាលខេត្តប៉ៃលិន ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានប៉ះពាល់ ជាមួយអ្នកជំងឺទាំង២ខាងលើ មានចំនួន១៥នាក់ បានរកឃើញអវិជ្ជមានកូវីដ-១៩ផងដែរ។

សៀមរាប៖  ករណីថ្មី២ និងស្លាប់១នាក់
អ្នកជំងឺទាំង២នាក់នេះ ជាប្តីប្រពន្ធនឹងគ្នា ដោយប្រពន្ធអាយុ២៣ឆ្នាំ និងប្តីអាយុ៣៣ឆ្នាំ រស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើដំណើរពីខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ចំណែកឯ បុរសវ័យ៣៦ឆ្នាំម្នាក់ បានស្លាប់ដោយសារកូវីដ-១៩ដែលរកឃើញកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

មកដល់ពេលនេះ សៀមរាបមានអ្នកជំងឺកូវីដ-១៩ចំនួន៨១នាក់  សះស្បើយចំនួន២០នាក់ ៥៩នាក់កំពុងសម្រាកព្យាបាល និង២នាក់បានស្លាប់។

កំពង់ចាម៖ សះស្បើយ៣០នាក់ គ្មានករណីថ្មី
អ្នកជាសះស្បើយកូវីដ-១៩ ចំនួន៣០នាក់ ដោយ១៣នាក់ ជាអ្នកស្រុកកងមាស ២នាក់ជាអ្នកស្រុកកំពង់សៀម ៤នាក់ជាអ្នកស្រុកបាធាយ ៧នាក់ជាអ្នកស្រុកស្រីសន្ធរ និង២នាក់ជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម។

ស្វាយរៀង៖ ៥ករណី ដោយ២នាក់មកពីថៃ និង៣នាក់ពីភ្នំពេញ
អ្នកជំងឺឈ្មោះ ប៉ែន ដុំ និងចាន់ ម៉េ មានស្រុកកំណើតនៅភូមិខ្នុរខាងត្បូង ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ដូចគ្នា។ ពួកគាត់ជាចំណាកស្រុកដែលទើបត្រឡប់មកពីថៃ តាមច្រកទ្វារព្រំដែន​កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ខណៈអ្នកប៉ះពាល់​២០នាក់ទៀតរង់ចាំលទ្ធផលសំណាក។ រីឯ៣ករណីទៀត ស្ថិតក្នុងស្រុករមាសហែក ក្នុងនោះមាន​បុរសឈ្មោះ ជា សុខសាន កម្មកររោងចក្រហុងវ៉ា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ, បុរស​ឈ្មោះ ជិន ខ្ទើង និងស្ត្រីឈ្មោះ កុច យ៉ាយ កម្មកររោងចក្រឌីឡាក់ សង្កាត់ចោម​ចៅ១។

ភ្នំពេញ៖ ២០១ករណី ដោយ៧៥ករណីនៅខណ្ឌមានជ័យ
កាលពីថ្ងៃទី១៤ ខែឧសភា ភ្នំពេញ រកឃើញ២០១ករណីបន្ថែមទៀត ដែលក្នុងនោះខណ្ឌមានជ័យមានដល់ទៅ​៧៥ករណី ដែលច្រើនជាងគេក្នុងចំណោម១១ខណ្ឌ។ ព័ត៌មានបន្ថែមទាក់ទងនឹងភ្នំពេញ សូមអាន នៅទីនេះ

របាយការណ៍ទូទាំងប្រទេស៖
កម្ពុជាមានករណីកូវីដ-១៩ថ្មី ចំនួន៣៣៥នាក់បន្ថែមទៀត ខណៈ៨៧៣នាក់ទៀតសះស្បើយ និងគ្មានអ្នកស្លាប់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៥ ខែឧសភា។ សរុបមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន២១ ៨៣៤នាក់ សះស្បើយសរុបចំនួន១០ ៧៤០នាក់ និងស្លាប់ចំនួន១៤៧នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com