កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ លោក Tuchel សម្លឹងពានដំបូងឲ្យ Chelsea ខណៈ Leicester ចង់បង្កើតប្រវត្តិសាស្ត្រ
15, May 2021 , 3:25 pm        
រូបភាព
លោក Thomas Tuchel គ្រូបង្វឹក Chelsea និងលោក Brendan Rodgers គ្រូបង្វឹក Leicester City
លោក Thomas Tuchel គ្រូបង្វឹក Chelsea និងលោក Brendan Rodgers គ្រូបង្វឹក Leicester City
ដោយ: រួបរួម
លោក Thomas Tuchel រំពឹងស្វែងរកពានដំបូងសម្រាប់ Chelsea រីឯ Leicester ព្យាយាមបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនផងដែរ ខណៈក្រុមតោខៀវ និងចចក ត្រូវតទល់គ្នានាវេលាម៉ោង១១ និង១៥នាទី យប់ថ្ងៃសៅរ៍នេះ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley។

 
បើគិតចាប់តាំងពីចូលជំនួសតំណែងលោក Frank Lampard នៅខែមករា មក លោក Tuchel ដឹកនាំ Chelsea ឡើងទៅវគ្គផ្តាច់ព្រ័ត្រដល់ទៅពីរពានរង្វាន់ គឺ FA Cup និង Champions League ហើយបច្ចុប្បន្នកំពុងមានទីតាំងនៅចំណាត់ថ្នាក់លេខ៤នៃ Premier League។
 
អ្នកចាត់ការទូទៅជនជាតិអាល្លឺម៉ង់វ័យ៤៧ឆ្នាំរូបនេះ ចង់បង្ហាញឥទ្ធិពលរបស់ខ្លួនក្នុងក្របខណ្ឌបាល់ទាត់អង់គ្លេស តាមរយៈការដណ្តើមឲ្យបានពាន FA Cup មុននឹងបោះជំហានទៅកាន់ Champions League។ 
 
ទោះបីជាយ៉ាងណាក៏ដោយ Leicester ក្រោមការដឹកនាំរបស់លោក Brendan Rodgers ក៏មិនបន្ធូរនោះឡើយ ក្រៅពីប្រឹងប្រែងប្រជែង Top 4 នៅ Premier League ក្រុមចចកមួយនេះ ចង់បង្កើតប្រវត្តិសាស្ត្រសម្រាប់ខ្លួនឯងក្នុងឈ្នះ FA Cup ជាលើកដំបូង បើគិតចាប់តាំងពីការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ១៩៦៩។
 
 
Leicester City ធ្លាប់ចូលវគ្គផ្តាច់ព្រ័ត្រ FA Cup ៤លើក ហើយខកខានមិនទទួលបានពានទាំង៤លើក ខណៈ Chelsea បានឈ្នះពាននេះ ចំនួន៨លើក ដោយចុងក្រោយបានយកឈ្នះ Manchester United កាលពីឆ្នាំ២០១៨។ កាលពីឆ្នាំមុន តាខៀវបានចាញ់កាំភ្លើងធំ Arsenal៕
 

© រក្សាសិទ្ធិដោយ thmeythmey.com