ជាតិ
សម្ដេច ហ៊ុន សែន៖ សីលធម៌ និងការលះបង់របស់នគរបាល ធ្វើឱ្យពលរដ្ឋប្តូរពីការរិះគន់ទៅជាសរសើរ
15, May 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖  «ការពង្រឹងសីលធម៌ វិន័យ ការកែប្រែឥរិយាបថ និងពង្រឹងសមត្ថភាពជំនាញដល់មន្រី្តនគរបាល  បានធ្វើឱ្យពលរដ្ឋផ្លាស់ប្ដូរផ្នត់គំនិតរិះគន់ មកជាកោតសរសើរ និងចូលរួមសហការ»។ នេះជាការកត់សម្គាល់របស់សម្ដេច ហ៊ុន សែន ចំពោះកងកម្លាំង ដែលសម្ដេច បានលើកឡើង ក្នុងឱកាសអបអរខួបអនុស្សាវរីយ នៃកំណើតនគរបាលជាតិកម្ពុជាលើកទី ៧៦។



ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកទឹកចិត្ត ឱ្យមន្រ្តីនគរបាលទាំងអស់ បន្តពង្រឹងស្មារតី ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីបម្រើដល់ពលរដ្ឋ និងសង្គមជាតិ ជាពិសេសខណៈពេលកម្ពុជា កំពុងប្រឈមនឹងជំងឺរាលត្បាតកូវីដ-១៩។  
 
ក្នុងដំណើរឆ្លងកាត់ស្ថានភាពដ៏លំបាកនេះ កងកម្លាំងនគរបាល ជាស្នូលដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សាព្វផ្សាយដល់ពលរដ្ឋ និងជាខែលការពារពលរដ្ឋក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។  


 
សម្ដេច ហ៊ុន សែន បានលើកឡើងដូច្នេះ៖  «ពិតណាស់កិច្ចការទាំងអស់នេះ គឺជាអម្រែកដ៏ធ្ងន់ធ្ងរ និងមានភាពស្មុគស្មាញ សម្រាប់កងកម្លាំងនគរបាលជាតិ។ ប៉ុន្តែខ្ញុំមានក្ដីសង្ឃឹម ចំពោះមនសិការស្នេហាជាតិ មាតុភូមិ  និងភក្កីភាពរបស់កងកម្លាំង និងសូមលើកទឹកចិត្តបងប្អូនបន្តសកម្មភាពបង្កើតស្នាដៃ  ប្រែក្លាយការប្រឈម ទៅជាកាលានុវត្តភាព ដើម្បីបង្កើតសក្កានុពល រួមចំណែករក្សាសន្តិភាព និងសុខសាន្តរុងរឿងជូនប្រទេសជាតិ»។ 
 
អមជាមួយការកោតសរសើរ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអរគុណចំពោះក្រុមគ្រួសារនៃកងកម្លាំងនគរបាល ដែលបានលះបង់ស្វាមី ភរិយា និងកូន ឱ្យចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ជាពិសេសនោះ ចំពោះកងកម្លាំងគ្រប់ជំនាន់ ដែលបានពលីជីវិតក្នុងបេសកម្ម ៕  
 





 

Tag:
 នគរបាលជាតិកម្ពុជា
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com